Saturday, April 20, 2024
Homeតារាខ្មែរពេជ្រ សោភា ថា ឆឹម សក្កដា អាចក្លាយជាតារាចម្រៀង តែមិនមានបំណងអន្តរាគមន៍ឲ្យចូលហង្សមាស

ពេជ្រ សោភា ថា ឆឹម សក្កដា អាចក្លាយជាតារាចម្រៀង តែមិនមានបំណងអន្តរាគមន៍ឲ្យចូលហង្សមាស

ពេជ្រ សោភា ដែលធ្លាប់មានព័ត៌មានថា ជាសង្សារប្រុសក្មេង ឆឹម សក្កដា នោះ នៅពេលនេះមិនត្រឹមតែជួយយឹតយោងសក្កដា ឱ្យល្បីឈ្មោះឡើងកូដនោះទេ តែមានព័ត៌មានថា សោភា កំពុងបណ្តុះបណ្តាលឱ្យប្រុសសង្ហារូបនេះ ក្លាយជាអ្នកចម្រៀងអាជីព និងនាំចូលទ្រនំហង្សមាស ជាមួយនាងទៀតផង។ប៉ុន្តែ សោភា បានបដិសេធចំពោះដំណឹងនេះ…។

ពេជ្រ សោភា ធ្លាប់បានជួយយឹតយោងសណ្តោងតារាប្រុសក្មេងដល់ទៅ3រូប​ឱ្យមានឈ្មោះល្បីល្បញ មកដល់ពេលបច្ចុប្បន្ននេះ គឺលោកងួន ចាន់ដេវីត , Step និងឆឹម សក្កដា ដែលពេលនេះពួកគេសុទ្ធតែមានទីផ្សារសិល្បៈរៀងៗខ្លួន។ ប៉ុន្តែ ការដែលពេជ្រ សោភា ជួយសក្កដា ឱ្យល្បីឈ្មោះរហូតមកដល់ពេលនេះ ស្រាប់តែមានព័ត៌មានថា អ្នកទាំង2បង្កាត់ភ្លើងស្នេហាជាមួយគ្នាទៀតផង បើទោះបីជាអ្នកខ្លះថា ជាស្នេហ៍ក្លែងក្លាយក្តី តែនៅតែមានគេថា ពេជ្រ សោភា ជាសង្សាររបស់លោកសក្កដា ដដែល។

ប្រភពបានឱ្យដឹងថា នៅពេលនេះ ក្រោយពីជួយជ្រោមជ្រែងលោក Step ឱ្យល្បីឈ្មោះហើយនោះ សោភា គ្រោងជួយប្រុសក្មេងសក្កដា ឱ្យចូលទៅច្រៀងនៅផលិតកម្មហង្សមាស ផងដែរ ដើម្បីឱ្យសង្សារល្បីឈ្មោះទាំងចម្រៀងនិងសម្តែងព្រមគ្នាតែម្តង។

ក្នុងជំនួបកាលពីថ្ងៃទី09 ខែមករា ឆ្នាំ2018 តារាចម្រៀងជើងចាស់របស់ផលិតកម្មរស្មីហង្សមាស រូបនេះ ថ្លែងថា នាងគ្មានចេតនាជួយសក្កដា ទៅច្រៀងជាមួយខ្លួននៅហង្សមាស ឡើយ តែសោភា ថា សមត្ថភាពសក្កដា អាចធ្វើជាអ្នកចម្រៀងបាន។

ពេជ្រ សោភា អះអាងថា “អត់ទេ! ខ្ញុំឯណាមានគំនិតចង់ជួយឱ្យលោកសក្កដា ចូលហង្សមាស ទៅ? អត់មានតែម្តង។ តាមពិត លោកសក្កដា អាចធ្វើជាអ្នកចម្រៀងបាន ព្រោះអីគាត់ចេះសរសេរប៉ារ៉ូលច្រៀង ចេះក្បាច់រាំ និងចេះច្រៀងដែរតើ! មានកម្មវិធីមួយចំនួន គេក៏បានហៅខ្ញុំ និងគាត់ឱ្យទៅច្រៀងរួមគ្នាដែរ! និយាយទៅ ច្រៀងជាមួយគ្នាច្រើនដងទៅហើយ ព្រោះគាត់ជា BA ឱ្យក្រុមហ៊ុនស្រាបៀរ ABC អ៊ីចឹងជួនកាលគេហៅទៅជាមួយគ្នាទាំង2តែម្តងទៅ”។

ពេជ្រ សោភា ជាតារាស្រីមានយីអ៊ុនម្នាក់ ព្រោះចង់ជួយតារាប្រុសក្មេងរូបណានៅហង្សមាស គឺតែងតែល្បី ជាក់ស្តែង គ្រាន់តែសោភា បែកបាក់ដៃគូជាមួយងួន ចាន់ដេវីដ ភ្លាម ហើយនាងងាកទៅចាប់ដៃគូជាមួយលោក Step ភ្លាមនោះ ធ្វើឱ្យប្រុសក្មេងមានត្រេមុខដូចតារាកូរ៉េនោះ ឡើងកូដមានទីផ្សារភ្លាមតែម្តង។

ប្រភពបានឱ្យដឹងថា ពេជ្រ សោភា ចង់យកលោកសក្កដា ចូលទៅហង្សមាស ដើម្បីឱ្យនាងបានផ្លាស់ប្តូរដៃគូច្រៀងជាមួយលោក Step និងម៉្យាងទៀតនាងចង់សម្តែងភាពយន្ត និងច្រៀងឱ្យបានច្រើនជាមួយសក្កដា ដើម្បីឱ្យទីផ្សារច្រៀងប្រុសក្មេងនោះ លោតខ្លាំងខាងច្រៀងវិញ ងាយស្រួលរកលុយជាងសម្តែង។

តារាហង្សមាស រូបនេះ ថ្លែងដោយមិនបង្អង់ថា “និយាយទៅ ខ្ញុំអាចទៅច្រៀងជាមួយសក្កដា នៅកម្មវិធីផ្សេងៗ ដែលគេអញ្ជើញយើងជាដៃគូបាន តែបើថា ខ្ញុំចង់យកគាត់ទៅចូលហង្សមាស ចាប់ដៃគូអីជាមួយគ្នានោះគ្មានទេ។ ដូចខ្ញុំប្រាប់អ៊ីចឹងថា គាត់ (សក្កដា) អាចធ្វើជាអ្នកចម្រៀងបាន តែខ្ញុំគ្មានអន្តរាគមន៍អី ឱ្យចូលទៅហង្សមាស ទេ”។

គួរបញ្ជាក់ថា ការលេចឮព័ត៌មានថា ពេជ្រ សោភា បម្រុងនាំសង្សារក្មេងចូលហង្សមាស នេះ គឺបន្ទាប់ពីពេលថ្មីៗនេះ លោកព្រាប សុវត្ថិ បាននាំកូនប្រុសដល់ទៅ3នាក់ ឱ្យចូលទៅធ្វើជាតារាចម្រៀងហង្សមាស ដោយស្វ័យប្រវត្តិតែម្តង ទើបភ្លាមៗនោះបែកធ្លាយដំណឹងថា សោភា ចង់លេងមួយក្បាច់ទៀត គឺការនាំសង្សារក្មេងចូលធ្វើជាអ្នកចម្រៀងនៅទ្រនំរបស់ខ្លួនដែរ។

ពេជ្រ សោភា បន្ថែមថា “ខ្ញុំសូមអបអរសាទរចំពោះកូនប្រុសទាំង3 របស់លោក ព្រាប សុវត្ថិ នៅពេលនេះ ដែលក្លាយទៅជាសមាជិកថ្មីរបស់ហង្សមាស ហើយខ្ញុំសប្បាយចិត្តណាស់ ដែលពេលនេះហង្សមាស មានធនធានមនុស្សល្អគ្រប់ផ្នែកទាំងអស់តែម្តង។ តាមរយៈការជួបតាមឆាកតន្ត្រីកន្លងមក ខ្ញុំសូមសរសើរកូនៗបងព្រាប សុវត្ថិ គឺពួកគេមានការអប់រំខ្ពស់ មានក្រមសីលធម៌ល្អណាស់ ហើយថែមទាំងមានសមត្ថភាពទៀតផង អ៊ីចឹងហង្សមាស យកពួកគាត់នេះ គឺជារឿងត្រឹមត្រូវណាស់ ហើយអ្នកទាំង3 នឹងមានអនាគតល្អជាមួយហង្សមាស ជាមិនខាន។ មានអ្នកខ្លះគាត់រិះគន់អី តែខ្ញុំសូមសួរវិញថា បើកូនព្រាប សុវត្ថិ គ្មានសមត្ថភាពទេ តើហង្សមាស យកដែរអត់?”។

ពេជ្រ សោភា នៅតែស្ថិតក្នុងចំណោមតារាចម្រៀងស្រីឈានមុខគេនៅផលិតកម្មរស្មីហង្សមាស នៅឆ្នាំ2018 នេះ បើទោះជាហង្សមាស ប្រមូលបានតារាល្បីៗកាន់តែច្រើនក្តី ក៏សោភា នៅតែឈរបានជាមួយផលិតកម្មធំមួយនេះដដែល៕

RELATED ARTICLES