Saturday, April 20, 2024
Homeព័ត៌មានជាតិស្ពានឃាតករ ឆក់ជីវិតមនុស្ស

ស្ពានឃាតករ ឆក់ជីវិតមនុស្ស

ជាទូទៅ ស្ពានធំ ស្ពានតូច វែងខ្លី តែងតែមានបង្កាន់ដៃ សម្រាប់ទប់គ្រោះថ្នាក់ ចរាចរណ៍ ប៉ុន្តែស្ពានមួយនេះ វែងហើយ ខ្ពស់ពីទឹកផង គ្មានបង្កាន់ដៃអ្វីទេ បែរជាមាន ខ្ទមអ្នកតាក្បែរនោះ ល្បីថា ជាស្ពានឃាតករ ឬ ស្ពានមរណៈ មានខ្មោចជើងកប ចាំឆក់យក ជីវិតមនុស្ស ឬគោក្របី ដែលឆ្លងកាត់ បើធ្លាក់ពីលើស្ពាននេះ មិនដែល រស់ឡើយ…។

នៅចន្លោះភូមិពាមឃ្លៃ និងភូមិតាឡង់ ក្នុងឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានស្ពានមួយកន្លែង ឆ្លងកាត់ ស្ទឹងព្រែកត្នោត ឈ្មោះ “ស្ពានជប៉ុន” ប៉ុន្តែសព្វថ្ងៃ អ្នកដំណើរ ឆ្លងកាត់បានដាក់ឈ្មោះស្ពាននេះថាជា “ស្ពានឃាតករ ឬស្ពានមរណៈ”។ ស្ពាននេះ មានបណ្តោយប្រហែល៦០ម៉ែត្រ ទទឹង ប្រហែល៧ម៉ែត្រ នៅមិនឆ្ងាយពីភ្នំអឹងខ្មឹង ដោយមានខ្ទម អ្នកតានៅគល់ស្ពានផង ទុកជាសញ្ញាសម្គាល់ចរាចរណ៍អរូបី ពោលគឺបើអ្នកដំណើរណាមកដល់ទីនេះត្រូវឱនគោរពអ្នកតា និងប្រុងប្រយ័ត្ន ឱ្យដល់កម្រិត ព្រោះស្ពាននេះអត់បង្កាន់ដៃទេ បើបើកបរយានជំនិះធ្លាក់ទៅ ក្រោម ដែលមានចរន្តទឹកហូរខ្លាំងនោះ ច្បាស់ជាមិនគង់ជីវិតទេ។

ស្ពានឃាតករ ឬស្ពានមរណៈ

លោកយាយឡុង រុន អាយុ៦៥ឆ្នាំ មានលំនៅមិនឆ្ងាយពីស្ពាននេះ បានឱ្យដឹងថា តាំងពីគាត់ធំដឹងក្តីមក ឃើញស្ពាននេះតែប៉ុណ្ណឹង គឺចាប់ផ្តើម កសាងដោយវិស្វករជប៉ុន នៅពេលដែលជប៉ុន លើកគម្រោងទប់ស្ទឹងព្រែកត្នោត បង្កើតសំណង់ធារាសាស្ត្រ កាលពីសម័យសង្គមរាស្ត្រនិយម។ កាលនោះ ជប៉ុន បានចាត់ចែងធ្វើស្ពាននេះ ដោយបុកគ្រឹះចំកណ្តាលស្ទឹងព្រែកត្នោត រៀបជាឆ្អឹងដែកគ្រោងស្ពាន ប៉ុន្តែ កសាងមិនទាន់ហើយផង ជនជាតិជប៉ុន ក៏វិលទៅស្រុកវិញអស់ ទុកសំណង់ស្ពានឱ្យនៅមេម៉ាយ។ ក្រោយមកទៀត ប្រជាពលរដ្ឋនៅក្បែរនោះ បានស្រុះស្រួលគ្នា កាប់ដើម ឈើធំៗ មកតម្រៀប ក្រាលជាទ្រនាប់ស្ពាន និងចាក់ដី ពីលើ ដោយគ្មានបង្កាន់ដៃអ្វីទេ សម្រាប់ ពួកគាត់ស្រួល កៀងគោក្របីទៅឃ្វាលនៅជើងភ្នំអឹងខ្មឹង។

ស្ពានឃាតករ ឬស្ពានមរណៈ មើលពីលើ ចុះមកក្រោម


លោកយាយឡុង រុន បន្តទៀតថា ទ្រនាប់ស្ពានដែលធ្វើពីឈើនោះ ក្រហេងក្រហូង ព្រោះរៀបឈើមិនស្មើ ហើយចាក់ដីពីលើវាស្រុតទៅគាប ឈើ ជាហេតុនាំឱ្យរអិលពេលភ្លៀងធំម្តងៗ។ ជួនកាល គោក្របីដើរមិនប្រយ័ត្ន ក៏រអិលធ្លាក់ទៅក្នុងទឹក ដែលមានកម្ពស់ជិត២០ម៉ែត្រឯណោះ ហើយបើសត្វ ធ្លាក់ទៅហើយក៏លិចបាត់តែម្តង និងឃើញអណ្តែតនៅក្រោមខ្សែទឹកឯណោះ។ ចំពោះមនុស្សក៏យ៉ាងនោះដែរ បើដើរមិនប្រយ័ត្ន និងធ្លាក់ទៅដល់ផ្ទៃទឹកនៅក្រោមស្ពាន គ្មានសង្ឃឹមថារស់ទេ ទើបអ្នកស្រុកដាក់ឈ្មោះស្ពាន នេះថា ជាស្ពានឃាតករ តាំងពីរូបគាត់នៅក្រមុំម៉្លេះ។


នាងសាវ រី អាយុ៣២ឆ្នាំ មានផ្ទះជិតស្ពាននេះដែរ បានឱ្យដឹងថា រូបនាងធ្លាប់ឃើញជាក់ស្តែងនឹងភ្នែក ខណៈដែលមានអ្នកដំណើរធ្លាក់ពីលើស្ពានទៅក្នុងទឹក។ ពេលធ្លាក់ទៅហើយ មិនងាយជួយសង្គ្រោះបានទេ ព្រោះទឹកស្ទឹងព្រែកត្នោត នៅរដូវវស្សាមានទឹកហូរពីតំបន់ភ្នំ កួចត្របាញ់បែកផ្កាត្រែង និងកួចផង ទោះជាមនុស្ស ចេះហែលស្ទាត់យ៉ាងណា ក៏ត្រូវទឹកកួចទៅបាត់ដែរ។ ជួនកាលមានហ្វូងគោឆ្លងកាត់ពេលវាប្រជ្រៀតគ្នាដើរ ក៏មានអាខ្លះធ្លាក់ពីលើស្ពានលិចក្នុងទឹកបាត់ ដែលករណីនេះ អ្នកភូមិជឿថា មកពីមានជើងកបថែរក្សាស្ពាន ចាំតែឆក់យកជីវិតមនុស្ស និងសត្វ។ សត្វ ឬ មនុស្ស ដែលធ្លាក់ទៅត្រូវលិចទៅបាតស្ទឹង និងទៅផុសអណ្តែត នៅខាងក្រោមខ្សែទឹក រាប់រយម៉ែត្រឯណោះ មិនដែល គង់ជីវិតទេ។ សូម្បីតែគោយន្ត ជួនកាលពេលបើក ឆ្លងស្ពាន ក៏រេចង្កូតធ្លាក់ទឹកជាហូរហែ តែអ្នកបើកបរ អាយុថ្លៃ ហែលទឹករួចក៏មាន ដោយខូចខាតតែគ្រឿង យន្តប៉ុណ្ណោះ។

លោកយាយឡុង រុន

លោកម៉ី សារ៉ន អាយុ៦២ឆ្នាំ បានឱ្យដឹងថា ស្ពានជប៉ុន ឬស្ពានមរណៈនេះ កសាងដំបូងដោយ ជនជាតិជប៉ុន នៅឆ្នាំ១៩៦៣ គ្រាន់តែរៀបគ្រោងឆ្អឹង និងសសរស្ពានប៉ុណ្ណោះ រួចក៏ទុកចោល។ កាលនោះ អ្នកស្រុកមិនសូវឆ្លងកាត់ទីនេះទេ ព្រោះរដូវវស្សា ទឹកហូរខ្លាំងពេក លុះក្រោយមក ទើបអ្នកស្រុកស្រុះស្រួលគ្នាកាប់ឈើមកតម្រៀបធ្វើទ្រនាប់ស្ពាន ដោយ ចាក់ដីពីលើ អត់បង្កាន់ដៃទេ។ ឯរឿងគ្រោះថ្នាក់នោះ ចាស់ៗជឿថា មកពីមានខ្មោចទឹកគង់សណ្ឋិតនៅបាតស្ពាន ចាំតែឆក់យកជីវិតមនុស្ស និងសត្វ ដែលសាង អំពើអាក្រក់ ឬកាច់យកអ្នកស្រវឹងជាដើម។ រូបលោក ធ្លាប់ឃើញភ្លើងហោះចេញចូលស្ពាននេះ នៅពេល យប់ស្ងាត់ និងឃើញស្រមោលមនុស្សមាឌធំៗឈរ នៅលើស្ពាន កណ្តាលអធ្រាត្រស្ងាត់ ហើយបើមើល ឃើញស្រមោលនេះ ច្បាស់ជាមានមនុស្សធ្លាក់ពីលើ ស្ពានមិនខាន។

លោកម៉ី សារ៉ន

រីឯអ្នកភូមិមួយចំនួនទៀត បានឱ្យដឹងស្របគ្នាថា ស្ពាននេះ មិនធម្មតាទេ ព្រោះពេលយប់ស្ងាត់ កម្រមានមនុស្សឆ្លងកាត់ណាស់ វៀរលែងតែអ្នក មិនដឹង ប៉ុន្តែ ចំពោះអ្នកស្រុកមូលដ្ឋាននេះ លុះត្រាតែ មានគ្នាច្រើនទើបហ៊ានឆ្លង ដោយមុននឹងឆ្លងតែងនាំ គ្នាបន់ស្រន់សុំសេចក្តីសុខជាមុនសិន។

នាងសាវ រី

គួរបញ្ជាក់ថា ស្ពានពីបុរាណ ជាពិសេស នៅ សម័យលង្វែក ឧដុង្គ ភាគច្រើនធ្វើពីឈើហុបធំៗ ហើយមុននឹងបុកសសរស្ពាន គេតែងយកអ្នកទោស អស់ជីវិតទៅសម្លាប់កាត់ក្បាល កប់ក្រោមស្ពាននោះ ដើម្បីឱ្យខ្មោច ឬអ្នកទោសប្រហារជីវិតនោះ នៅថែរក្សាស្ពានឱ្យជាប់គង់វង្សបានយូរ។ សូម្បីលើកទំនប់ធំៗ ក៏គេចាប់អ្នកទោសឧក្រិដ្ឋទៅសម្លាប់កប់នឹងជើងទំនប់ ដើម្បីឱ្យព្រលឹងខ្មោចនោះនៅចាំទំនប់ ដែលជំនឿបែបនេះមិនបានយកមកអនុវត្តទៀតទេ។ ចំពោះ ស្ពានជប៉ុន ឬស្ពានឃាតករនេះ សង្ស័យថា មានគេ យកអ្នកទោសទៅសម្លាប់កប់នឹងគល់ស្ពាន ទើបបាន ជាស្ពាននេះយកជីវិតមនុស្សជារឿយៗ ប៉ុន្តែ សម្រាប់អ្នកគ្មានជំនឿយល់ថា មកពីអ្នកបើកបរស្រវឹងបាន ជាធ្លាក់ពីលើស្ពាន ដល់នូវសេចក្តីស្លាប់…”៕

RELATED ARTICLES