Friday, March 29, 2024
Homeព័ត៌មានជាតិជម្លោះរឿងសំឡេងម៉ូតូឮ ផ្ទុះអាវុធ២គ្រាប់ ចាប់ខ្លួន២នាក់

ជម្លោះរឿងសំឡេងម៉ូតូឮ ផ្ទុះអាវុធ២គ្រាប់ ចាប់ខ្លួន២នាក់

ភ្នំពេញ ៖ ក្មេងស្ទាវ២ក្រុមបានផ្ទុះជម្លោះ រហូតក្លាយជាហិង្សាវាយតប់កាប់ចាក់គ្នាប្រសាចពេញផ្លូវ និងថែមទាំងឈានដល់ការផ្ទុះអាវុធ១គ្រាប់ទៀតផង ទើបកម្លាំងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ចុះអន្តរាគមន៍ ផ្ទុះអាវុធ១គ្រាប់ ឃាត់ខ្លួនមនុស្សចំនួន២នាក់ និងដកហូតបានកាំភ្លើងខ្លី១ដើម កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវទន្លេសាប ចំណុចមុខផ្ទះគ្មានលេខ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ជនសង្ស័យទាំង២នាក់ដែលត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន រួមមានទី១-ឈ្មោះអិន សុវណ្ណ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមន្ត្រីយោធា (ជាម្ចាស់កាំភ្លើងខ្លី) និងទី២-ឈ្មោះបុល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ។ អ្នកទាំង២នាក់ស្នាក់នៅភូមិកើតហេតុខាងលើ។ ចំណែកភាគីជម្លោះម្ខាងទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជិះម៉ូតូម៉ាកវីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1Z-8136 រងការខូចខាតស្ទើរទាំងស្រុង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញឈ្មោះបុល ជិះម៉ូតូម៉ាកស្កុបពី ពណ៌ក្រហម មិនចាំស្លាកលេខ ជិះគ្នា២នាក់ក្មួយប្រុស ឈ្មោះម៉ៃ រំផត អាយុ១៧ឆ្នាំ ត្រឡប់មកពីធ្វើការ ខណៈពេលជិះម៉ូតូមកដល់ក្បែរកន្លែងកើតហេតុ ក៏មានភាគីម្ខាងទៀតមានគ្នាជិត១០នាក់ កំពុងផឹកស៊ីនៅក្នុងតារាងបាល់ទាត់ បានស្រែកថា ម៉ូតូឯងឮខ្លាំងម៉្លេះ ទើបធ្វើឱ្យមានការទាស់ពាក្យសម្តីគ្នា ហើយយុវជនម្នាក់ក្នុងចំណោមបក្សពួកជិត១០នាក់ ដែលកំពុងអង្គុយផឹកស៊ីក្នុងតារាងបាល់ទាត់នោះ បានទាញម៉ូតូ១គ្រឿង ម៉ាកវីវ៉ា ដេញតាមវាយពីរនាក់ពូក្មួយពីក្រោយ។

ប្រភពដដែលបន្តថា ក្រោយពីពីជិះម៉ូតូដេញវាយបានជិត២០ម៉ែត្រ ដល់ក្បែរផ្ទះឈ្មោះបុល ជនរងគ្រោះទាំង២នាក់ពូក្មួយ បានស្រែកឆោឡោថា មានគេដេញវាយ ធ្វើឱ្យឮដល់ក្រុមគ្រួសារ បង្កឱ្យមានការភ្ញាក់ផ្អើល ដេញវាយភាគីខាងម៉ូតូវីវ៉ាវិញ ធ្វើឱ្យជននោះភ័យស្លន់ស្លោ ក៏រត់ចោលបាត់ម៉ូតូ។ ភ្លាមៗនោះ ត្រូវបានអ្នកភូមិនិងក្រុមគ្រួសារនាំគ្នាយកដុំថ្មគប់ និងវាយម៉ូតូ បណ្តាលឱ្យរងការខូចខាតស្ទើរទាំងស្រុង។ ចំណែកម្ចាស់ម៉ូតូវីវ៉ា បានរត់ទៅហៅបក្សពួកខ្លួន ដែលកំពុងអង្គុយផឹកស៊ីក្នុងតារាងបាល់ទាត់ជិត១០នាក់ មកកន្លែងកើតហេតុវិញ ដើម្បីដេញវាយអ្នកភូមិ និងក្រុមគ្រួសាឈ្មោះបុល ហើយភ្លាមៗនោះ ឈ្មោះអិន សុវណ្ណ បានរត់ស្ទុះចេញពីក្នុងផ្ទះនៅក្បែរកន្លែងកើតហេតុ ដោយដៃកាន់កាំភ្លើងខ្លី១ដើម មិនស្គាល់ម៉ាក បាញ់ឡើងលើគំរាម១គ្រាប់ ស្រាប់តែស្របពេលនោះ កម្លាំងកងរាជអាវុហត្ថខណ្ឌជ្រោយចង្វារ បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ រួចបានបាញ់គំរាមមួយគ្រាប់ផងដែរ ធ្វើឱ្យភាគីទាំងពីរបានរត់ចែកជើងគ្នាអស់។ ក្រោយមកក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងដកហូតកាំភ្លើងខ្លី១ដើម នាំទៅកាន់បញ្ជាការកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរបន្ត។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ព្រមទាំងវត្ថុតាង ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES