Friday, April 26, 2024
Homeព័ត៌មានជាតិស្គាល់គ្នា១យប់ សុីដាច់បាត់

ស្គាល់គ្នា១យប់ សុីដាច់បាត់

ភ្នំពេញ ៖ យុវជនម្នាក់ទើបនឹងស្គាល់គ្នាជាមួយយុវជនជើងល្អម្នាក់ទៀត ក៏ត្រូវយុវជននោះបបួលនាំទៅផឹកស៊ីចូលក្លឹបចូលខារ៉ាអូខេ  កំពុងច្រៀងលេងសប្បាយ ក៏ខ្ចីម៉ូតូជិះមួយភ្លែត រួចក៏ស៊ីដាច់បាត់ លុះ៣ថ្ងៃក្រោយមក ប្រទះឃើញបក្ខពួករបស់ជនសង្ស័យម្នាក់ ទើបយុវជនជាម្ចាស់ម៉ូតូបានឃាត់ខ្លួន យកមកប្រគល់ឱ្យសមត្ថកិច្ច និងដាក់ពាក្យបណ្តឹង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមករា  ឆ្នាំ២០១៨ តាមផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះដួង សុវណ្ណារិទ្ធ អាយុ២០ឆ្នាំ មុខរបរជាងទ្វារ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនសង្ស័យដែលស៊ីដាច់ម៉ូតូបាត់ មានឈ្មោះអាខ្មៅ អាយុ១៩ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ រីឯម៉ូតូដែលជនសង្ស័យស៊ីដាច់នោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខសៀមរាម 1X-6227។ ដោយឡែកជនសង្ស័យជាបក្ខពួកដែលម្ចាស់ម៉ូតូឃាត់ខ្លួនមកប្រគល់ឱ្យសមត្ថកិច្ចមានឈ្មោះទេព ពេញ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយីប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ រូបគេបានស្គាល់គ្នាជាមួយនឹងជនសង្ស័យឈ្មោះអាខ្មៅ ហើយក៏ត្រូវជនសង្ស័យបបួលទៅដើរលេងមានគ្នា៥នាក់ (ប្រុស៣ ស្រី២) ចូលទៅផឹកស៊ី និងបានចូលក្លឹប លុះដល់ម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ក៏បាននាំគ្នាទៅច្រៀងខារ៉ាអូខេបន្តទៀត នៅតាមផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ជនរងគ្រោះបន្តថា លុះពេលកំពុងច្រៀងខារ៉ាអូខេយ៉ាងសប្បាយ ជនសង្ស័យឈ្មោះអាខ្មៅ បានចេញពីបន្ទប់ជាមួយស្រីស្នេហ៍របស់គេ ដោយបានខ្ចីម៉ូតូរបស់ខ្លួនជិះមួយភ្លែត រួចក៏ទៅជួបជាមួយជនសង្ស័យឈ្មោះទេព ពេញ ដែលធ្លាប់ស្គាល់គ្នា ក៏ត្រូវរ៉ូវគ្នាស៊ីដាច់ម៉ូតូរបស់ខ្លួនតែម្តង។ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ស្រាប់តែរូបគេបានប្រទះឃើញឈ្មោះទេព ពេញ ក៏ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅ២ តែពេលសមត្ថកិច្ចសាកសួរទៅ ទើបដឹងថា រឿងនេះកើតនៅទឹកដីខណ្ឌមានជ័យ ទើបប្រគល់ទៅឱ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ សាកសួរបន្ត។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះទេព ពេញ បានឆ្លើយថា រូបគេបានស្គាល់ឈ្មោះអាខ្មៅ យូរដែរហើយ និងធ្លាប់ចូលក្លឹបជាមួយគ្នាដែរ តែនៅយប់កើតហេតុ គេមិនដឹងអីទេ គឺអាខ្មៅ ថា ម៉ូតូនេះជារបស់បងប្រុសវាទេ និងបានពឹងរូបគេឱ្យជួយនាំទៅស៊ីគ្រឿង យកលុយមកច្រៀងបន្ត។ ពេលដែលស៊ីគ្រឿងម៉ូតូរួចហើយ អាខ្មៅ និងស្រីស្នេហ៍របស់គេ បែរជាគេចខ្លួនបាត់អស់ លុះពេលម្ចាស់ម៉ូតូជួបរូបគេ ក៏ចាប់ឱ្យប៉ូលិស។

ក្រោយកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចតាមជួយអន្តរាគមន៍ ស្រាវជ្រាវតាមចាប់ឈ្មោះអាខ្មៅ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES