បាញ់អស់១បង់ គំរាមមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពល ម្ចាស់រណ្តៅដីថា “បាញ់មាន់ក្លែម”

ខេត្តកណ្តាល ៖ ឧកញ៉ាចិត្តក្តៅជាម្ចាស់រណ្តៅដីម្នាក់ ព្រោះតែផ្ទុះកំហឹងនឹងមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពលមួយក្រុម ចុះធ្វើការពិនិត្យរណ្តៅដីរបស់ខ្លួន ដែលជាប់សង្ស័យថាមិនមានច្បាប់អនុញ្ញាតិត្រឹមត្រូវនោះ ស្រាប់តែដកកាំភ្លើងខ្លីបាញ់ភ្ជុចចូលទៅក្នុងរណ្តៅដីអស់១បង់  លុះអ្នកសារព័ត៌មានសួរនាំ ស្រាប់តែលោកឧកញ៉ារូបនោះឆ្លើយថា បាញ់មាន់ក្លែមសោះ បែរជាថាបាញ់គំរាម។

ហេតុការណ៍បាញ់គំរាមខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចរណ្តៅដីមួយកន្លែងសង្ស័យអត់ច្បាប់ ស្ថិតក្នុងភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង។

 

ថៅកែរណ្តៅដីដែលបាញ់គំរាមមន្ត្រីក្រសួងរ៉ែ និងថាមពលនេះ ត្រូវបានគេស្គាល់ឈ្មោះរឿង សំអាង ហៅពៅ ជាម្ចាស់រណ្តៅដីខាងលើ។

តាមប្រភភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ដោយមានការសង្ស័យថា រណ្តៅដីរបស់ឧកញ៉ាពៅ ខាងលើនេះ មិនមានច្បាប់ទម្លាប់ត្រឹមត្រូវ ទើបមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពល បានដឹកនាំក្រុមការងាររបស់ខ្លួនចុះទៅដល់ទីតាំងរណ្តៅដីខាងលើ ដើម្បីពិនិត្យ និងសួរនាំព័ត៌មានមួយចំនួន។ លុះពេលចូលទៅដល់ លោកឧកញ៉ាពៅ មិនត្រឹមតែមិនទទួលស្វាគមន៍ប៉ុណ្ណោះទេ ថែមទាំងផ្ទុះកំហឹង រហូតដល់ស្ទុះដកកាំភ្លើងខ្លីបាញ់ភ្ជុជទៅក្នុងរណ្តៅដីអស់ចំនួន១បង់ ជាការគំរាមខាងមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពល តែម្តង។

ប្រភពដដែលបន្តថា បន្ទាប់ពីបាញ់បោះសេរីអស់១បង់រួចហើយ ឧកញ៉ាឈ្មោះពៅ ក៏បានបញ្ជាឱ្យកូនចៅរបស់ខ្លួន បើកអាអ៊ិច គ្រឿងចក្រកាយដី យកទៅដាក់ចំកណ្តាលផ្លូវ ដើម្បីបង្អាក់ដំណើរក្រុមមន្ត្រីជំនាញ ដោយប្រើជាលេសថា គ្រឿងចក្រកាយដីបានខូច។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចមិនបានឃាត់ខ្លួនជនបង្កក្នុងសកម្មភាពរារាំង និងបាញ់គំរាមមន្ត្រីរាជការសាធារណៈនោះទេ ទើបតែនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ គេឃើញមានកម្លាំងនគរបាលព្រហ្មទណ្ឌ ចុះទៅកន្លែងកើតហេតុ ជាមួយខាងជំនាញ ដើម្បីធ្វើកំណត់ហេតុ និងស្តាប់ចម្លើយសាក្សីអ្នករស់នៅជុំវិញកន្លែងកើតហេតុ និងពិនិត្យពីឯកសារច្បាប់មួយចំនួន។

ជុំវិញករណីបាញ់បោះខាងលើនេះ លោកឧកញ៉ារឿង សំអាង ហៅពៅ បានបកស្រាយកាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ តាមរយៈសារព័ត៌មានក្នុងស្រុកមួយថា “បាញ់គំរាមអាចម្កួតស្អី! គេបាញ់មាន់ក្លែមសោះហ្នឹង! កាំភ្លើងវ៉ាន់ឌឺឡុង បាញ់មាន់ បាញ់កុកក្លែមស្រាតើស បាញ់រួចហើយ ទើបមន្ត្រីក្រសួងរ៉ែ និងថាមពលទៅតាមក្រោយ ពួកវាទៅរកលុយបាយ តែខ្ញុំមិនចង់ជួបពួកអាឆ្កែអស់នេះ ចេះតែបំភាន់ ខ្ញុំក៏ស្គាល់ទាប ស្គាល់ខ្ពស់ដែរ…”។

តាមប្រភពពីមន្ត្រីសមត្ថកិច្ចមូលដ្ឋាន បានលួចបង្ហើបថា ឧកញ៉ាពៅ ជាថៅកែរណ្តៅដីជើងខ្លាំង មិនត្រឹមព្រហើនបាញ់អស់មួយបង់ រារាំង និងបាញ់គម្រាមមន្ត្រីរាជការសាធារណៈនោះទេ ថែមទាំងមានកាំភ្លើង៣ដើម ជាប់ខ្លួនទៀត មិនដឹងថាមានលិខិតអនុញ្ញាត ឬយ៉ាងណានោះឡើយ៕