Saturday, April 20, 2024
Homeព័ត៌មានជាតិអីគេ!!! មានសន្តិសុខហើយ នៅបាត់ម៉ូតូទៀត

អីគេ!!! មានសន្តិសុខហើយ នៅបាត់ម៉ូតូទៀត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ យុវជនម្នាក់បានមកដាក់ពាក្យប្តឹងបាត់ម៉ូតូម៉ាក Zoomer X មួយគ្រឿងក្រោយពីបានចូលទៅផ្ញើនៅហាងអ៊ីនធើណេតកំសាន្ត២៤ម៉ោងលើ២៤ម៉ោង យីហោ GLORY S ស្ថិតនៅខាងកើតប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី២ ចម្ងាយ៧០ម៉ែត្រ ផ្លូវ១៥៦ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមសំដីជនរងគ្រោះ ឈ្មោះ ស៊ូ ម៉ាត្រា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកឯកជននៅគ្លីនិចក្នុងរាជធានីភ្នំពេញ ស្នាក់នៅផ្ទះលេខ៦០៦ ផ្លូវ៣៦៣ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា មុនឈានដល់បាត់ម៉ូតូ Zoomer-X ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 1FW-2869 ជនរងគ្រោះបានចេញពីជប់លៀងកម្មវិធីក្រុមហ៊ុនប្រហែលម៉ោង១២និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ដោយមិនមានប្រាក់ជាប់ខ្លួន និងពិបាកចូលផ្ទះផង ក៏សម្រេចចិត្តមកផ្ញើម៉ូតូ ព្រមទាំងចូលទៅដេកក្នុងកន្លែងហាងអ៊ីធើណេត GLORY S ខាងលើនេះ ។ ដោយយល់ឃើញថា ហាងអ៊ីនធើណេតនេះបានជួលសន្តិសុខឯកជនមានឈ្មោះក្រុមហ៊ុន “សន្តិសុខមានឬទ្ធិ (SSMR)” មកយាមការពារនិងថែរក្សា ដោយមិនយកកម្រៃផ្ញើឡើយ ព្រមទាំងបើកដំណើរការ២៤ម៉ោងលើ២៤ម៉ោងទៀតផង ។

ជនរងគ្រោះបន្តទៀតថា ពេលភ្ញាក់ដឹងខ្លួននៅព្រឹក ស្រាប់តែទៅយកម៉ូតូមិនឃើញ ហើយបានសាកសួរសន្តិសុខ ក៏ឆ្លើយថាមិនដឹង និងបានដេញខ្លួនជាជនរងគ្រោះមកដាក់ពាក្យប្តឹងអំពីករណីបាត់ម៉ូតូនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី២ ទៀតផង ។

ជនរងគ្រោះព្រមទាំងក្រុមគ្រួសារបានហួសចិត្តជាមួយក្រុមហ៊ុន សន្តិសុខមានឬទ្ធិ (SSMR) ដែលគ្មានភាពទទួលខុសត្រូវឡើយ ដោយបាននិយាយដោះសារយករួចខ្លួនមិនទទួលខុសត្រូវលើការងារដែលថែរក្សាការពារទ្រព្យសម្បត្តិរបស់អតិថិជន ហើយពួកគាត់សំណូមពរដល់ម្ចាស់ហាងអ៊ីនធើណេត GLORY S ជួយដោះស្រាយបញ្ហាខាងលើនេះផង ។

លោក តន់ រ៉ាវី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី២ បានប្រាប់ជនរងគ្រោះថា គាត់បានត្រឹមតែទទួលពាក្យប្តឹងតែប៉ុណ្ណោះ និងបញ្ជូនទៅថ្នាក់លើ ដើម្បីធ្វើការផ្សព្វផ្សាយ ព្រមទាំងស្វែងរកម៉ូតូ ។

ដោយឡែក សន្តិសុខក្រុមហ៊ុន សន្តិសុខមានឬទ្ធិ (SSMR) បានអញ្ជើញខាងក្រុមគ្រួសារជនរងគ្រោះទៅដោះស្រាយនៅឯក្រុមហ៊ុន តែខាងជនរងគ្រោះសុំឲ្យម្ចាស់ហាងអ៊ីនធើណេត GLORY S ចេញមុខដោះស្រាយករណីបាត់ម៉ូតូខាងលើនេះ៕

RELATED ARTICLES