Saturday, April 20, 2024
Homeព័ត៌មានជាតិភ្លើងប្រចណ្ឌស្រីស្រលាញ់ស្រី!!! ខឹងបែកចិត្តទៅស្រលាញ់ប្រុសពេញលក្ខណៈ ទាញតាកំប៉ោង វាយបែកក្បាល៩ថ្នេរ

ភ្លើងប្រចណ្ឌស្រីស្រលាញ់ស្រី!!! ខឹងបែកចិត្តទៅស្រលាញ់ប្រុសពេញលក្ខណៈ ទាញតាកំប៉ោង វាយបែកក្បាល៩ថ្នេរ

ភ្នំពេញ ៖ នារីវ័យក្មេង២នាក់ បានទាក់ទងស្នេហាគ្នា (ស្រីស្រលាញ់ស្រី) អស់មួយរយៈមកហើយ លុះតួស្រីអស់ចិត្តនឹងស្នេហាភេទដូចគ្នា ក៏ចុះចោលផ្ទះទៅទាក់ទងស្នេហាជាមួយប្រុសពេញលក្ខណៈវិញម្តង ជាហេតុធ្វើឱ្យតួអង្គប្រុសផ្ទុះភ្លើងប្រចណ្ឌ ក៏តាមរករឿងឈ្លោះប្រកែក ទាញរូបតាកំប៉ោងវាយសំពងចំក្បាលគូស្នេហ៍របស់ខ្លួន បណ្តាលឱ្យបែកក្បាលដេរអស់៩ថ្នេរ ធ្វើឱ្យខាងស្រីកើតទុក្ខមិនសុខចិត្តរត់ទៅដាក់ពាក្យបណ្តឹង បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន។

នារីរងគ្រោះជាតួអង្គស្រី មិនត្រូវបានបង្ហើបឱ្យដឹងពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានអាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា។ ចំណែកនារីជាគូស្នេហ៍ (តួអង្គប្រុស) មានឈ្មោះថែ សាមឌី អាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា រវាងនាងនិងជនដៃដល់ ពិតជាគូស្នេហ៍នឹងគ្នាមែន (ស្រីស្រលាញ់ស្រី) និងបានទាក់ទងស្នេហារួមរស់ជាមួយគ្នាអស់រយៈពេល២ឆ្នាំមកហើយ ក្រោយមកនាងអស់ចិត្តស្រលាញ់ភេទដូចគ្នា ក៏បានកាត់ផ្តាច់សម្ព័ន្ធភាពមួយនេះ ហើយក៏បានចុះចេញដោយទុកឱ្យតួអង្គប្រុសរស់នៅតែម្នាក់ឯង។ លុះមកដល់យប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ ខណៈដែលនាងកំពុងចូលទៅលេងហ្គេមនៅក្នុងសណ្ឋាគារណាហ្គាវើលដ៍ ស្រាប់តែត្រុវអតីតគូស្នេហ៍តាមមករកឃើញ ក៏រករឿងឈ្លោះប្រកែក និងឈានដល់ការប្រតាយប្រតប់គ្នានៅក្នុងណាហ្គាទៀតផង ប៉ុន្តែត្រូវបានសន្តិសុខទីនោះឃើញទាន់ ក៏មកជួយអន្តរាគមន៍ចាប់បំបែក និងនាំឱ្យចេញទៅផ្ទះវិញ។

នារីរងគ្រោះ បន្តថា លុះពេលចេញមកវិញ ភាគីតួអង្គប្រុសស្នេហ៍ បានហៅនាងឱ្យទៅផ្ទះជួលដែលពួកនាងបានជួលរួមរស់ជាមួយគ្នា ២ឆ្នាំកន្លងមកនោះ លុះពេលទៅដល់តួអង្គប្រុស បានទាញទ្វារបិទ រួចរករឿងឈ្លោះប្រកែកជាមួយនាងយ៉ាងខ្លាំង ពីរឿងដែលនាងដាច់ចិត្តចុះចោលគេទៅស្រលាញ់មនុស្សប្រុសពេញលក្ខណៈ បន្ទាប់មកស្រាប់តែអតីតគូស្នេហ៍ភេទដូចគ្នារបស់នាងរូបនោះ បានទាញរូបតាកំប៉ោងមកវាយចំក្បាលរបស់នាង បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួនតែម្តង។

នារីរងគ្រោះ បានបញ្ជាក់ថា ក្រោយកើតហេតុ នាងមិនទាន់បានមកដាក់ពាក្យបណ្តឹងភ្លាមៗនោះទេ ព្រោះរវល់ទៅពេទ្យព្យាបាលរបួស ដោយគ្រូពេទ្យបានដេរមុខរបួសចំនួន៩ថ្នេរ។ លុះមកដល់ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នាងក៏បានមកដាក់ពាក្យបណ្តឹងដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះរួចមក សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងកោះហៅភាគីនារីជាគូស្នេហ៍ដែលជាតួអង្គប្រុសនោះមកសួរនាំ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES