កូនប្រុសខឹងចិត្តទាញកាំបិតដេញកាប់ឪ រឿងស្តីបន្ទោសទាត់ចាន

0
314

ខេត្តកណ្តាល ៖ បុរសម្នាក់បានចេញទៅផឹកស៊ីជាមួយមិត្តភក្តិរហូតដល់ស្រវឹងធ្លាក់ភ្នែក លុះត្រឡប់មកវិញ អង្គុយហូបបាយសុខៗ ស្រាប់តែស្ទុះទាត់ចានបាយចោល បណ្តាលឱ្យបែកខ្ទេច ឃើញបែបនេះ បុរសជាឪពុកបានស្តីបន្ទោសកូនប្រុស២-៣ម៉ាត់ ស្រាប់តែកូនប្រុសប្រមឹកផ្ទុះកំហឹង ក៏ស្ទុះទៅទាញកាំបិតប៉័ងតោដេញកាប់ឪពុកទាំងកំរោល ធ្វើឱ្យបុរសជាឪពុកភ័យរត់គេចខ្លួនទាំងព្រលឹងចុងសក់។

ករណីកូនប្រុសប្រមឹក ទាញកាំបិតដេញកាប់ឪពុកបង្កើតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល។

ជនបង្កចិត្តកំណាចដែលទាញកាំបិតដេញកាប់ឪពុកខ្លួនឯងនេះ មានឈ្មោះជេត ចក្រា អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកបុរសរងគ្រោះជាឪពុក មានឈ្មោះកន ជេត អាយុ៧៥ឆ្នាំ មុខរបរកសិករ។ ទាំងពីរនាក់ឪពុកកូន មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានទៅផឹកស្រាជាមួយមិត្តភក្តិ ឈ្មោះក្រឹម ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល លុះក្រោយផឹកស្រាសអស់ចំនួនកន្លះលីត្រ ជនសង្ស័យក៏បានដើរត្រឡប់មកផ្ទះវិញ។ លុះពេលមកដល់ផ្ទះ អង្គុយហូបបាយសុខៗ ស្រាប់តែជនសង្ស័យមិនដឹងជាមួម៉ៅក្តៅចិត្តរឿងអ្វី ក៏ស្ទុះទៅទាត់ចានចោល បណ្តាលឱ្យបែកខ្ទេច។

ប្រភពដដែលបន្តថា នៅពេលឃើញកូនប្រុសបំផ្លិចបំផ្លាញទ្រព្យសម្បត្តិបែបនេះ បុរសរងគ្រោះជាឪពុកក៏បានស្រែកស្តីបន្ទោសជនសង្ស័យជាកូនប្រុស២-៣ម៉ាត់ថា ម៉េចឯងធ្វើអ៊ីចឹង? ស្រាប់តែភ្លាមនោះ កូនប្រុសក្តៅឆួលក្នុងចិត្តទ្រាំមិនបាន ក៏ស្ទុះទាញកាំបិតប៉័ងតោដេញកាប់ឪពុកទាំងកំរោល ធ្វើឱ្យជនរងគ្រោះភ័យស្លន់ស្លោ រត់គេចខ្លួនទាំងព្រលឹងចុងសក់ និងបានហៅឱ្យញាតិជិតខាងជួយួ។ ចំណែកជនកំណាចជាកូនប្រុស នៅពេលខឹងដេញកាប់ឪពុកបង្កើតខ្លួនឯងអត់បានបែបនេះ ក៏មួយម៉ៅកាន់តែខ្លាំង ទើបយកកាំបិតទៅកាប់អំពូលភ្លើងក្នុងផ្ទះ បណ្តាលឱ្យបែកអស់១។

តាមសម្តីបុរសរងគ្រោះជាឪពុក បានឱ្យដឹងថាកូនប្រុសរបស់គាត់ម្នាក់នេះ រាល់ថ្ងៃគ្មានការងារអ្វីធ្វើសម្រាប់ចិញ្ចឹមជីវិតនោះឡើយ ដឹងតែដើរលេងផឹកស៊ីជាមួយបនភឿនស្រវឹងអួទីនួរាល់ថ្ងៃ និងតែងបង្កបញ្ហាអុកឡុងក្រុមគ្រួសារជាញឹកញាប់ តែមិនធ្លាប់ប្រព្រឹត្តអំពើឃោរឃៅ ដល់ថ្នាក់ទាញកាំបិតដេញកាប់គាត់ជាឪពុកបែបនេះទេ។

ក្រោយកើតហេតុ ជនរងគ្រោះជាឪពុកដោយសារតែទ្រាំនឹងទង្វើឃោរឃៅរបស់កូនប្រុសលែងបាន ក៏បានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចក៏ចុះស្រាវជ្រាវចាប់ខ្លួនជនបង្ក នាំយកមកសាកសួរ និងបានដកហូតវត្ថុតាង រួមមាន កាំបិតប៉័ង តោចំនួន១ និងអំពូលភ្លើងបែកចំនួន១។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

 

អត្ថបទមុនៗ

លី ច័ន្ទសីហា កូនស្រីកើតហើយ តែមិនទាន់បានដាក់ឈ្មោះ

លី ច័ន្ទសីហា បានសម្រាលកូនស្រីដំបូង មានទម្ងន់២.៦គីឡូក្រាម ដោយជោគជ័យ កាលពីរាត្រីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យសូរិយា ក្បែរផ្សារស៊ីធីម៉ល​ រាជធានីភ្នំពេញ។ ស្វាមីនាង​លោកចាន់ ថៃសេង បាននៅកំដរតារារូបនេះជានិច្ច ចំណែកឪពុកនាង លោកលី សុខជន់ សប្បាយចិត្តក្រៃលែង ព្រោះបានចៅស្រីបីលេងដូចបំណងហើយ។

លោកលី សុខជន់ និយាយដោយរំភើបតាមទូរស័ព្ទថា ”ខ្ញុំសប្បាយចិត្តណាស់នៅពេលដែលសីហា សម្រាលកូនដោយសុវត្ថិភាព ហើយសុខភាពគេល្អ ទាំងកូន ទាំងម្ដាយបែបនេះ។ សម្រាប់ខ្ញុំ ចៅស្រីក៏បាន ប្រុសក៏បាន ឲ្យតែជាចៅខ្ញុំពេញចិត្តទាំងអស់ ​និយាយទៅ សប្បាយចិត្តណាស់គ្មានអ្វីប្រៀបធៀបបានឡើយ ព្រោះថាបំណងខ្ញុំចង់ពចៅ ពេលនេះបានសម្រេចហើយ។ យប់មិញ គ្រាន់តែសីហា សម្រាលកូនភ្លាម ចន ច័ន្ទលក្ខិណា ចេញពីថតកុនមកមើលមុនគេតែម្ដង”។

លី ច័ន្ទសីហា បានផ្អាកពីអាជីពសិល្បៈជាច្រើនខែ ក្រោយពេលថតបានថតបញ្ចប់ភាពយន្ដរបស់ប៉ុស្ដិ៍លេខ៥ រឿង ”វេទមន្ដស្នេហ៍” ហើយនាងសម្ងំនៅតែផ្ទះថែទាំសុខភាពទារកក្នុងផ្ទៃ រហូតដល់ថ្ងៃសម្រាលតែម្ដង។ យ៉ាងណា ស្វាមីនាងជាអ្នកជំនួញនោះ នៅតែប្រកាន់ជំហរថា លោកមិនរារាំងផ្លូវសីហា ឡើយ ប្រសិនបើនាងមានសុខភាពជាប្រក្រតីវិញ ហើយចង់ចូលប្រឡូកសិល្បៈសារជាថ្មីនោះ។

លោកចាន់ ថៃសេង អះអាងថា ”ប្រពន្ធខ្ញុំមានសុខភាពល្អទេ គាត់បានមកមន្ទីរពេទ្យតាំងពីព្រឹក ថ្ងៃទី០៩ ខែមករា ហ្នឹង ហើយសម្រាលនៅពេលយប់ ដោយមិនមានបញ្ហាសុខភាពទេ។ សម្រាប់ខ្ញុំ គឺកូនប្រុសក៏បាន ស្រីក៏បាន ឲ្យតែជាកូន ខ្ញុំស្រលាញ់ពេញចិត្តទាំងអស់ ហើយសំខាន់នៅពេលនេះ ប្រពន្ធខ្ញុំនិងកូន គឺមានសុខភាពល្អដូចគ្នា។ ឥឡូវកូនស្រីខ្ញុំហ្នឹងនៅមិនទាន់ដាក់ឈ្មោះឲ្យទេ គឺរង់ចាំប្រហែលជា១សប្ដាហ៍ទៀតសិន ទើបជុំគ្នាទាំងសងខាង ហើយដាក់ឈ្មោះឲ្យតែម្ដង ព្រោះពេលនេះមិនទាន់ឯកភាពគ្នា។ ចំពោះការងារសិល្បៈរបស់សីហា វិញ ទោះជាពេលនេះគាត់មានកូន១ក្ដី តែបើគាត់នៅតែស្រលាញ់សិល្បៈ គឺខ្ញុំតម្រូវតាមចិត្តគាត់ទាំងអស់ មិនរារាំងទេ។ សីហា នឹងសម្រាកនៅមន្ទីរពេទ្យរយៈពេល១អាទិត្យ រង់ចាំសុខភាពគាត់ល្អឡើងវិញសិន ទើបវិលត្រឡប់ទៅផ្ទះវិញ”។

លី ច័ន្ទសីហា ដែលប្រឡូកសិល្បៈតាំងពីនៅតូចនោះ បានដឹកដៃលោកចាន់ ថៃសេង រៀបកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ហើយនាងបានបើកហាងរកស៊ីលក់កាបូប S.H Collection នៅតាមបណ្ដោយផ្លូវ៣១០ រាជធានីភ្នំពេញ ខណៈដែលអាជីពសិល្បៈនៅតែបន្ដដដែល។ មុនសម្រាលបានកូនស្រី១នេះ សីហា ធ្លាប់ប្រាប់ថា នាងនិងស្វាមីចង់បានកូនច្រើនទៅតាមធម្មជាតិ ដោយមិនកំណត់ថាប៉ុន្មានឡើយ ដូចនេះការមានកូន១ គឺមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់តារាសម្ដែងរូបនេះ។

លោកចាន់ ថៃសេង បន្ថែមថា ”ឥឡូវហាងលក់កាបូបហ្នឹង ប្រពន្ធខ្ញុំផ្អាកមួយរយៈសិន មុនពេលសម្រាលកូននេះ ហើយនៅពេលដែលគាត់បានរឹងដៃរឹងជើងបន្ដិច នឹងបើកហាងនេះឡើងវិញ ដោយរកអីតាំងផ្សេងវិញ ព្រោះទីតាំងចាស់នោះ គឺពិបាកក្នុងការចតឡានបន្ដិច។ ក្រោយសីហា ចេញពីពេទ្យនោះ ខ្ញុំនិងភរិយាក៏មានគម្រោងធ្វើពិធីបង្កក់កូនស្រីផងដែរ”៕

 

http://www.nokorthomdaily.com/2018/01/ly-chanseyha-born-baby-girl/