Friday, March 29, 2024
Homeព័ត៌មានជាតិហេតុអីអញផឹកស៊ីដល់ពេលយប់អត់បានហា? ចេញមកក្រៅ ក្មេងស្ទាវស្ទាក់ព្រួតវាយរបួស២នាក់

ហេតុអីអញផឹកស៊ីដល់ពេលយប់អត់បានហា? ចេញមកក្រៅ ក្មេងស្ទាវស្ទាក់ព្រួតវាយរបួស២នាក់

ភ្នំពេញ ៖ កម្មករសំណង់១ក្រុម ក្រោយពីឈប់សម្រាកការងារ ក៏បបួលគ្នាវាតវង់ផឹកស៊ី ដោយដាក់ខារ៉ាអូខេផឹកស៊ីច្រៀងលេងផង លុះដល់យប់ជ្រៅបន្តិច ក៏ត្រូវម្ចាស់ផ្ទះជួលឃាត់ឱ្យឈប់ច្រៀង ខ្លាចរំខានដល់គេដេកពួន ទើបនាំគ្នាបែកផ្លូវគ្នាទៅផ្ទះអស់ នៅសល់៣នាក់បងប្អូនបង្កើតបាននាំគ្នាដើរទៅផ្ទះជួល ស្រាប់តែត្រូវក្មេងស្ទាវមួយក្រុមប្រដាប់ដោយកាំបិត និងដែកបំពង់ទីប ព្រួតគ្នាវាយកាប់ចាក់ បណ្តាលឱ្យរងរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះទាំង៣នាក់បងប្អូន ដែលត្រូវក្មេងស្ទាវស្ទាក់កាប់ប្រហារ រួមមាន ទី១-ឈ្មោះងឹម វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ-សង្កាត់ខាងលើ និងមានស្រុកកំណើតនៅភូមិធន់មន់ សង្កាត់បារាយ ក្រុងតាកែវ ខេត្តតាកែវ (រងរបួសធ្ងន់រយះដៃ ខាងស្តាំជាច្រើនកន្លែង) ទី២-ឈ្មោះងឹម សុខគីម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅនិងមានស្រុកកំណើតជាមួយគ្នា (រងរបួសធ្ងន់) និងទី៣-មិនស្គាល់ឈ្មោះ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះទាំង២នាក់ខាងលើ។

តាមសម្តីជនរងគ្រោះឈ្មោះងឹម វណ្ណៈ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេបានឈប់សម្រាកការងារពីរ-បីថ្ងៃ បន្ទាប់មក រូបគេក៏បាននាំមិត្តភក្កិ និងប្អូនៗរបស់ខ្លួនមកផឹកស៊ីនៅផ្ទះជួល ដោយផឹកស៊ីមានគ្នា៦នាក់ បងប្អូនបង្កើត៣នាក់ និងមិត្តរួមការងារចំនួន៣នាក់ និងបានផឹកស៊ីតាំងពីក្បាលព្រលប់ លុះនៅវេលាម៉ោង៩យប់ ម្ចាស់ផ្ទះបានមកឃាត់ឱ្យឈប់ច្រៀង ព្រោះដល់ម៉ោងគេសម្រាកហើយ។ បន្ទាប់មក ពួកគេក៏បានបែងហ្វូងត្រឡបទៅ់ផ្ទះជួលវិញរៀងខ្លួនអស់ ដោយក្នុងនោះ មិត្តភក្តិ៣នាក់បានទៅបន្ទប់ជួលដែលនៅជិតកន្លែងកើតហេតុរៀងខ្លួន នៅសល់តែពួកគេ៣នាក់បងប្អូន ដោយសារប្អូនម្នាក់នៅផ្ទះជួលឆ្ងាយពីគ្នា ទើបពួកគេបានជូនប្អូនទៅផ្ទះវិញ ប៉ុន្តែមុននឹងចេញទៅ រូបគេក៏បាននិយាយគ្នាថា ចុះគេផឹកស៊ីដល់ពេលយប់បាន ហេតុអីអញផឹកស៊ីដល់ពេលយប់អត់បានហា។

ប្រភពដដែលបន្តថា លុះពេលពួកគេទាំង៣នាក់បងប្អូន នាំគ្នាដើរចេញផុតពីរបងផ្ទះជួល ស្រាប់តែលេចមុខក្មេងស្ទាវមួយក្រុម មានគ្នា៥ទៅ៦នាក់ បានស្ទាក់ចាំរួចជាស្រេចនៅមុខច្រករបងផ្ទះជួល ដោយមានកាន់ដំបងទីប និងកាំបិតប៉័ងតោផង បន្ទាប់មកក្មេងស្ទាវទាំងនោះ បាននាំគ្នាស្ទុះមកកាប់ និងវាយមកលើពួកគេទាំង៣នាក់បងប្អូន បណ្តាលឱ្យរងរបួសធ្ងន់២នាក់ និងម្នាក់ទៀតមិនមានរងគ្រោះឡើយ ដោយរត់គេចខ្លួនទាន់ពេល។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់បងប្អូន ត្រូវបានសាច់ញាតិនាំទៅសង្គ្រោះនៅពេទ្យឯកជននៅជិតកន្លែងកើតហេតុដែរ តែដោយសារពេទ្យមិនទទួលព្យាបាល ព្រោះឃើញមុខរបួសរយះជ្រៅពេក ទើបត្រូវបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ ដើម្បីព្យាបាល។

បន្ទាប់បីត្រឡប់មកពីដេរមុខរបួសវិញ ជនរងគ្រោះទាំង២នាក់បងប្អូន បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដើម្បីធ្វើការស្រាវជ្រាវវែកមុខក្រុមជនដៃដល់ ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

 

អត្ថបទមុនៗ

 

ខ្លោចចិត្តណាស់!!! ប្រពន្ធទើបសម្រាលកូន១សប្តាហ៍ ប្តីយកខ្សែតីវាយ ជាំពេញខ្លួន

ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ ទើបនឹងសម្រាលកូនខ្ចីបាន១សប្តាហ៍ ស្រាប់តែត្រូវប្តីកំណាចខ្វះធម៌មេត្តា ការយោគយល់ ប្រើអំពើហិង្សាវ៉ៃដំព្រឹកល្ងាច និងថែមទាំងយកខ្សែតីវាយ បណ្តាលឱ្យរងរបួសជាំពេញខ្លួនប្រាណ រហូតដល់ប្រពន្ធទ្រាំមិនបាន ក៏ផ្តល់ដំណឹងប្រាប់ឪពុកឱ្យរាយការណ៍ប្រាប់សមត្ថកិច្ចចុះជួយអន្តរាគមន៍ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខ២១ ជាន់ទី១ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះដែលត្រូវប្តីកំណាចវាយដំគ្មានប្រណីនោះ មានឈ្មោះតាត់ ហឿន អាយុ២១ឆ្នាំ ជាកម្មការិនីរោងចក្រ ទើបឈប់សម្រាកកូនខ្ចីបាន១សប្តាហ៍។ ចំណែកលោកប្តីចិត្តភ្លើង មានឈ្មោះទឹម ផង់ អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ។ ទាំង២នាក់ប្តីប្រពន្ធខាងលើ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ និងមានស្រុកកំណើតភូមិទួលវិហារ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នាងត្រូវឪពុកម្តាយផ្សំផ្គុំរៀបចំទុកដាក់ឱ្យមានគូស្រកររៀបការត្រឹមត្រូវទទួលស្គាល់តាមផ្លូវច្បាប់ ជាមួយបុរសជាប្តីខាងលើ តាំងពីអំឡុងខែឧសភា ឆ្នាំ២០១៧ មកម៉្លេះ ហើយមកដល់ពេលនេះ នាងបានសម្រាលកូនស្រីម្នាក់ជាចំណងនិស្ស័យ និងទើបសម្រាលបាន១សប្តាហ៍ប៉ុណ្ណោះ។

ស្ត្រីរងគ្រោះបន្តថា នាងទើបតែមានអាយុ២១ឆ្នាំទេ ចំណែកការរៀនសូត្រក៏មិនបានជ្រៅជ្រះនឹងគេដែរ ដោយសារស្ថានភាពជីវភាពទីទ័លក្រពេក ទើបសម្រេចបោះបង់ការសិក្សា មកធ្វើការងារជាកម្មកររោងចក្រ ហើយទោះជានាងមានប្តីក៏ពិតមែន តែការងាររាក់ជ្រៅ នាងពុំដែលធ្លាប់ជួបសូម្បីតែសង្គមគ្រួសារផ្ទាល់ ខ្លួនឯងក៏នាងមិនដឹងច្បាស់ផង ទាល់តែប្រាប់ ទើបដឹង តែផ្ទុយទៅវិញ ការរស់នៅក្នុងសង្គមគ្រួសាររវាងប្តីនិងប្រពន្ធ បែរជាលោកប្តីចាំតែចាប់កំហុសខុសឆ្គងម្តងម្កាលដោយអចេតនា លោកប្តីតែងតែវាយធ្វើបាប ហើយខណៈដែលនាងទើបសម្រាលកូនខ្ចី ការងារអ្វីៗ សមណាស់តែលោកប្តីជាមេគ្រួសារទទួលរ៉ាប់រងជួយគ្នា គ្រាទ័លដៃទ័លជើង តែផ្ទុយទៅវិញ បែរជាប្រើទារុណកម្មរងនូវខ្សែតី ជាំអស់ពេញខ្នង ថែមទាំងគំរាមហាមនិយាយប្រាប់គេឯង បង្ខាំងនាងទុកក្នុងបន្ទប់ ប្រៀបដូចទាសករដាច់ថ្លៃ ទោះជានាងសុំលាទៅសម្រាកលំហែនៅស្រុកកំណើត ក៏លោកប្តីមិនអនុញ្ញាត ទើបនៅរសៀលថ្ងៃទី១៨ ខែមករា នេះ នាងបានផ្តល់ដំណឹងឱ្យឪពុកម្តាយនៅស្រុកកំណើតបានដឹង និងត្រូវពួកគាត់នាំគ្នាឡើងមកពីស្រុក រាយការណ៍ស្នើសុំទៅសមត្ថកិច្ចឱ្យជួយធ្វើយ៉ាងណា នាំនាងនិងកូនទៅស្រុកវិញ។

ជុំវិញករណីហិង្សាក្នុងគ្រួសារខាងលើនេះ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ ទៅជួយអន្តរាគមន៍សម្របសម្រួលយកទារិកាចេញពីបន្ទប់ ហើយស្ត្រីរងគ្រោះខាងលើ និងកូនតូច ត្រូវបានឪពុកម្តាយក្រុមគ្រួសារនាំវិលទៅស្រុកកំណើត វិញ។ ចំណែកការរស់នៅមិនចុះសម្រុងគ្នាយ៉ាងណានោះ សមត្ថកិច្ចប្រាប់ឱ្យបុរសជាភាគីខាងប្តីវិលទៅស្រុកកំណើត ដើម្បីនិយាយគ្នា៕

 

http://www.nokorthomdaily.com/2018/01/violence-60052/

RELATED ARTICLES