Friday, April 19, 2024
Homeព័ត៌មានជាតិប្រពន្ធតាមទាន់ប្តីទៅជួបស្រីស្នេហ៍ ទប់ចិត្តមិនបាន ទាញកាំបិតចាក់ ទុកជាការព្រមាន

ប្រពន្ធតាមទាន់ប្តីទៅជួបស្រីស្នេហ៍ ទប់ចិត្តមិនបាន ទាញកាំបិតចាក់ ទុកជាការព្រមាន

ខេត្តកំពង់ស្ពឺ ៖ បុរសជាប្តីកំហូចម្នាក់បានលួចទាក់ទងស្រីញីរាប់មិនអស់ រហូតប្រពន្ធតាមទាន់ ទ្រាំមិនបានក៏ទាញកាំបិតចាក់ប្រហារប្តី នៅខាងមុខផ្ទះរបស់ស្រីស្នេហ៍ បណ្តាលឱ្យធ្លាយពោះរងរបួសធ្ងន់ និងទុកជាការព្រមាន ប៉ុន្តែរឿងរ៉ាវនេះ មិនត្រូវបុរសជាប្តីធ្វើការប្តឹងផ្តល់អ្វីទេ ព្រោះតែយល់ថា ខ្លួនពិតជាខុសមែន ហេតុនេះសុខចិត្តជិះម៉ូតូដឹកប្រពន្ធទៅព្យាបាលរបួសនៅមន្ទីរពេទ្យដោយខ្លួនឯងទៀត។

ករណីប្រពន្ធចាក់ប្តីធ្លាយពោះនៅចំពោះមុខផ្ទះស្រីស្នេហ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិសុភី ឃុំសំរោងទង ស្រុកសំរោងទង។

អ្នកស្រីមាស អូន និងប្តីពេលរងរបួស

បុរសជាប្តីដែលត្រូវប្រពន្ធចាក់១កាំបិតធ្លាយពោះ ព្រោះតែពូកែទាក់ទងស្រីពេក មានឈ្មោះកែវ នី អាយុ៤៥ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីដៃដល់ជាប្រពន្ធ មានឈ្មោះមាស អូន អាយុ៤៥ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំងពីរមានលំនៅក្នុងភូមិខ្វាន ឃុំខ្ទម្ពក្រាំង ស្រុកសំរោងទង។ ដោយឡែកស្រីស្នេហ៍មានឈ្មោះផែ ចាន់ណា អាយុ២៦ឆ្នាំ ជាស្ត្រីមេម៉ាយកូន២ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា គាត់និងប្តីកំហូចឈ្មោះកែវ នី នេះ បានរៀបការជាមួយគ្នាពេញច្បាប់ តាំងពីឆ្នាំ១៩៩៥មកម៉្លេះ ហើយរហូតមកដល់សព្វថ្ងៃពួកគាត់រួមរស់បង្កើតបានកូនប្រុសស្រីតូចធំដល់ទៅ១០នាក់ឯណោះ ហើយរាល់ថ្ងៃគាត់មានបន្ទុកត្រូវមើលថែម្តាយក្មេក (ម្តាយបង្កើតរបស់ប្តី) ដែលកំពុងស្ថិតក្នុងវ័យជរាអាយុ៨២ឆ្នាំ កំពុងមានជំងឺប្រចាំកាយដេកដួលលើកន្ទេល កើបអាចម៍នោម រាប់ឆ្នាំមកហើយ ចំណែកប្តីបែរជាឆ្លៀតពេលលួចដើរទាក់ទងស្រីញីបំពេញតណ្ហារបស់ខ្លួនទៅវិញ។ រាល់ពេលកលុយបានម្តងៗ ប្តីកំហូចតែងដើរចោលផ្ទះ យកលុយទៅចាយវាយហ៊ឺហាជាមួយប្រពន្ធចុង ទុកឱ្យគាត់ជាប្រពន្ធនិងកូនៗ រួមទាំងម្តាយជរា រស់នៅត្រដាបត្រដួសរកអង្ករច្រកឆ្នាំងសឹងមិនបាន។

នាងផែ ចាន់ណា

ស្ត្រីជាប្រពន្ធរូបនេះបន្តថា ដោយសារតែទ្រាំនឹងទង្វើប្តីមិនបាន ទើបគាត់បានតាមឃ្លាំមើលប្តី ដឹងអី! ស្រាប់តែឃើញប្តីជិះម៉ូតូសំដៅទៅរកប្រពន្ធចុង ទើបគាត់តាមពីក្រោយជាប់ រហូតដល់មុខផ្ទះប្រពន្ធចុង ដែលជាទីតាំងកើតហេតុខាងលើ ទើបគាត់បានចូលទៅសួរនាំប្តី ធ្វើឱ្យកើតជាជម្លោះ ហើយដោយសារតែគាត់ទប់ចិត្តមិនបាន ក៏ទាញកាំបិតចាក់ប្តីចំពោះ១កាំបិតតែម្តង។

ចំណែកបុរសជាប្តីបានឆ្លើយទទួលស្គាល់កំហុសរបស់ខ្លួនថា តាមពិត គាត់បានលបលួចមានស្រីស្នេហ៍ជាយូរមកហើយ និងតែងតែមករស់នៅក្នុងផ្ទះស្រីស្នេហ៍ខាងលើជាញឹកញាប់ គ្រាន់តែយូរៗទើបមកម្តង។ ស្រាប់តែមកដល់ក្បាលព្រលប់ថ្ងៃកើតហេតុ គាត់បានជិះម៉ូតូទៅផ្ទះស្រីស្នេហ៍ម្តងទៀត ទាំងមិនដឹងខ្លួនថា ប្រពន្ធនិងកូនជិះម៉ូតូតាមពីក្រោយនោះឡើយ ទីបំផុត មកដល់ផ្ទះស្រីស្នេហ៍ស្រាប់តែរទេះភ្លើងបុកគ្នា ធ្វើឱ្យប្រពន្ធមួម៉ៅក្តៅចិត្ត ទាញកាំបិតចុងស្រួចចាក់គាត់ចំពោះ បណ្តាលឱ្យរងរបួសតែម្តង។ យ៉ាងណា គាត់មិនដាច់ចិត្តដាក់ពាក្យបណ្តឹងនោះទេ ព្រោះយល់ថា នេះគឺផ្តើមចេញពីកំហុសរបស់គាត់ទាំងស្រុង។

កូនស្រីច្បងកំពុងមើលថែឪពុក ដែលត្រូវម្តាយចាក់១កាំបិត

ដោយឡែក ស្ត្រីជាប្រពន្ធចុង ឈ្មោះផែ ចាន់ណា បានឱ្យដឹងថា តាមពិតនាងមានប្តីនិងកូន២នាក់រួចមកហើយ តែក្រោយមក ប្តីនាងបានឈឺស្លាប់ចោលនាងបាត់ទៅ ទុកឱ្យនាងរកស៊ីចិញ្ចឹមកូនទាំងលំបាកវេទនា និងថែមទាំងត្រូវរកប្រាក់សងអង្គការ ព្រោះកាលពីប្តីធ្លាក់ខ្លួនឈឺធ្ងន់ នាងបានខ្ចីប្រាក់គេមកមើលជំងឺប្តី។ ក្រោយមកនាងក៏បានស្គាល់ជាមួយនឹងបុរសឈ្មោះកែវ នី ហើយដោយឃើញថានាងជាស្រីមេម៉ាយ គ្មានរបរអ្វីចិញ្ចឹមជីវិត និងថែមទាំងជាប់បំណុលគេវ័ណ្ឌកផង ទើបបុរសឈ្មោះកែវ នី មានចិត្តអាណិតជួយចេញបំណុល ទើបធ្វើឱ្យនាងបាក់ចិត្តស្រលាញ់ ព្រមធ្វើប្រពន្ធលួចលាក់របស់គាត់រហូតមក ទីបំផុត ក៏ឈានដល់រឿងរ៉ាវបែបនេះតែម្តង បន្ទាប់ពីស្ត្រីជាប្រពន្ធទាន់ តាមដានដឹង ពេលប្តីលួចស្កាត់មកជួបនាង ទើបកើតមានការឈ្លោះប្រកែក ដល់ថ្នាក់ទាញកាំបិតចាក់ប្តីធ្លាយពោះតែម្តង។

លោកកែវ នី កំពុងសម្រាកព្យាបាលនៅបន្ទីរពេទ្យបង្អែក

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ករណីប្រពន្ធចាក់ប្រហារប្តី១កាំបិតខាងលើនេះ ភាគីបុរសជាប្តីបានសម្រេចថាមិនដាក់ពាក្យបណ្តឹងទេ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺក្រោយពីដឹងថាខ្លួនខុសហើយនោះ បុរសជាប្តីបានឌុបប្រពន្ធនិងកូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយខ្លួនឯងថែមទៀតផង។ ចំណែកស្ត្រីជាប្រពន្ធបានត្រឡប់ទៅផ្ទះកើបស្រូវលក់ ដើម្បីយកប្រាក់មកព្យាបាលប្តីរបស់ខ្លួនផងដែរ។

ប្រភពដដែលបន្តថា តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បាននិយាយថា គាត់ចាក់ប្តីនេះ គឺដើម្បីជាការព្រមាន តែគាប់ជួនគ្មានលុយកាក់ជាប់ខ្លួន ទើបទៅលក់ស្រូវ៣បាវ យកលុយមកមើលថែព្យាបាលប្តីវិញ។

ដោយសារមិនមានការប្តឹងផ្តល់អ្វីនោះ ទើបសមត្ថកិច្ចក៏មិនបានឃាត់ខ្លួនស្ត្រីជាប្រពន្ធនោះដែរ៕

RELATED ARTICLES