Tuesday, April 16, 2024
Homeព័ត៌មានជាតិទៅមើលដីចម្ការ ស្រាប់តែប្តីដឹកប្រពន្ធទៅពេទ្យបន្ទាន់ តែហួសពេល

ទៅមើលដីចម្ការ ស្រាប់តែប្តីដឹកប្រពន្ធទៅពេទ្យបន្ទាន់ តែហួសពេល

ខេត្តកំពង់ធំ ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានកើតមានជម្លោះតឹងសរសៃជាមួយនឹងអ្នកជិតខាងម្នាក់ ពីរឿងព្រំដីចម្ការ លុះឈ្លោះប្រកែកគ្នាចប់ ដោយសារតែមានចិត្តខឹងសម្បានឹងគេខ្លាំងពេក បែរជាធ្វើឱ្យគាំងបេះដូងស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង3និង45នាទីរសៀល ថ្ងៃទី22 ខែឧសភា ឆ្នាំ2018 នៅចំណុចតំបន់ត្រពាំងក្តារ ចម្ងាយប្រមាណ3គីឡូម៉ែត្រ ខាងលិចភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ។

ស្ត្រីរងគ្រោះដែលខឹងគេពេក បែរជាគាំងបេះដូងស្លាប់ខ្លួនឯងនោះ មានឈ្មោះហ៊ូ ភ័ណ អាយុ46ឆ្នាំ មានលំនៅក្នុងភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ។

តាមសម្តីបុរសឈ្មោះគីម ធី អាយុ46ឆ្នាំ មុខរបរធ្វើស្រែ ត្រូវជាប្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង7និង30នាទីព្រឹក ថ្ងៃទី22 ខែ ឧសភា ឆ្នាំ2018 គាត់ និងប្រពន្ធ (ជនរងគ្រោះ) រួមនិងកូនៗចំនួន6នាក់ និងអ្នកភូមិ4នាក់ទៀត បាននាំគ្នាទៅចម្ការនៅតំបន់ត្រពាំងក្តារ ចម្ងាយប្រហែល3គីឡូម៉ែត្រ ខាងលិចភូមិខ្វាន់ទៀង ដើម្បីទៅមើលត្រាក់ទ័រភ្ជួរដី ចាក់រងដាំកូនស្វាយចន្ទី។ លុះមកដល់វេលាម៉ោងប្រហែល3រសៀលថ្ងៃដដែល ស្រាប់តែឃើញឈ្មោះអឿ ប៊ុនលាង ភេទប្រុស រស់នៅភូមិជាមួយគ្នា បានមកឃាត់មិនឱ្យត្រាក់ទ័រភ្ជួរទេ ដោយប្រាប់ថា ភ្ជួរចូលដីគាត់ ហើយពេលនោះ ប្រពន្ធរបស់គាត់បានប្រកែកគ្នាជាមួយឈ្មោះលាង យ៉ាងខ្លាំង ហើយឈ្មោះលាង ថែមទាំងបានយកម៉ែត្រមកទាញវាស់ដីនោះ ជាមួយកូនប្រុសរបស់គាត់ទៀតផង និងបានប្រកែកសំដីគ្នាខ្លាំងៗ តែមិនមានការវាយតប់គ្នាទេ។

បុរសជាប្តីរូបនេះ បន្តថា ក្រោយពីប្រកែកគ្នាចប់ហើយ ឈ្មោះលាង ក៏បានដើរចេញទៅ ស្រាប់តែភ្លាមនោះ គាត់បានប្រទះឃើញប្រពន្ធរបស់គាត់បានដួល ទើបប្រញាប់ស្ទុះទៅបីប្រពន្ធដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពសាលាវិស័យ តែពេលដឹកទៅដល់ គ្រូពេទ្យបានប្រាប់ថា ប្រពន្ធរបស់គាត់ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបគាត់បានដឹកសពប្រពន្ធត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍សាលាវិស័យ បានចុះដល់កន្លែងកើតហេតុ និងបានពិនិត្យឃើញថា ស្ត្រីរងគ្រោះខាងលើពិតជាស្លាប់ដោយសារគាំងបេះដូងប្រាកដមែន។ មូលហេតុដោយសារតែស្ត្រីរងគ្រោះខឹងខ្លាំងពេក ទើបបណ្តាលឱ្យគាំងបេះដូងស្លាប់តែម្តង។

ក្រោយពីពិនិត្យរួច សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES