Friday, April 19, 2024
Homeព័ត៌មានជាតិប្រពន្ធលែងលះហើយ គិតតែធ្វើចឹង រហូតដល់ស្លាប់

ប្រពន្ធលែងលះហើយ គិតតែធ្វើចឹង រហូតដល់ស្លាប់

ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបានប្រពន្ធលែងលះអស់រយៈពេល៦ឆ្នាំមកហើយ ជាហេតុធ្វើឱ្យខូចចិត្តដើរតែផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ ដើម្បីបន្លប់ទុក្ខ លុះផឹកយូរៗទៅក៏ក្លាយជាញៀនស្រា អត់មិនបាន និងចេះតែផឹករហូតដល់ដេកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចចម្ការពោតមួយកន្លែង ស្ថិតក្នុងក្រុមទី៤ ភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង។

បុរសរងគ្រោះដែលផឹកស្រារហូតដល់ទៅដេកស្លាប់នៅក្នុងចម្ការពោតរូបនេះ មានឈ្មោះមូល សេក អាយុ៥៧ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះមូល អូន អាយុ៤៥ឆ្នាំ មុខរបរកម្មករ ត្រូវជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះខាងលើ បានបញ្ជាក់ប្រាប់ថា បងប្រុសរបស់គាត់ (ជនរងគ្រោះ) ជាបុរសពោះម៉ាយ ដោយសារតែប្រពន្ធបានលែងលះអស់រយៈពេល៦ឆ្នាំមកហើយ។ តាំងពីប្រពន្ធលែងមក ជនរងគ្រោះស្រាប់តែខូចចិត្តយ៉ាងខ្លាំង និងចេះតែផឹកស្រាស្រវឹងជាប់ជាប្រចាំ ទោះជាក្រុមគ្រួសារហាមឃាត់យ៉ាងណាក៏មិនព្រមស្តាប់ ដោយជនរងគ្រោះចេះតែអះអាងថា ផឹកស្រាបំបាត់ទុក្ខ។ លុះផឹកយូរៗទៅ ក៏ក្លាយជាមនុស្សប្រមឹកតែម្តង ញៀនស្រាអត់មិនបាន តែផឹកស្រវឹងអួទីនួជារៀងរាល់ថ្ងៃ និងមិនដែលចេញទៅធ្វើការរកស៊ីអ្វីទាំងអស់។

ប្អូនស្រីរបស់ជនរងគ្រោះបន្តថា លុះមកដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ជនរងគ្រោះបានចេញទៅផឹកស្រាស្រវឹងដូចសព្វដង បន្ទាប់មក ស្រាប់តែវង្វេងវង្វាន់ដើរបាត់ពីផ្ទះ មិនដឹងទៅដល់ណា ហើយទោះជាក្រុមគ្រួសារនាំគ្នាតាមដើររកយ៉ាងណា ក៏មិនឃើញសោះ។ ស្រាប់តែមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ក៏មានអ្នកជិតខាងរត់មកប្រាប់ថា ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងចម្ការពោតរបស់ឈ្មោះរិទ្ធ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ នៅក្នុងភូមិជាមួយគ្នា ទើបគាត់ប្រញាប់រត់ទៅមើល លុះទៅដល់ក៏ប្រទះឃើញថា ពិតជាសាកសពរបស់បងប្រុសរបស់គាត់មែន ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍។

បន្ទាប់ពីបានទទួលព័ត៌មានខាងលើនេះភ្លាម កម្លាំងជំនាញស្រុកបានចុះទៅពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរគាំងបេះដូងប្រាកដមែន។

ក្រោយពីពិនិត្យរួច សពជនរងគ្រោះបានប្រគល់អោយទៅប្អូនស្រីបង្កើតរបស់ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES