Saturday, April 20, 2024
Homeព័ត៌មានជាតិចាប់ខ្លួនឃាតករ វ៉ៃសម្លាប់បុរសចំណាស់ទម្លាក់ទឹក

ចាប់ខ្លួនឃាតករ វ៉ៃសម្លាប់បុរសចំណាស់ទម្លាក់ទឹក

បន្ទាយមានជ័យ ៖ ជនដៃដល់ជាឃាតករចិត្តកំណាចឃោរឃៅម្នាក់ ដែលបានធ្វើសកម្មភាពវាយបុរសចំណាស់ម្នាក់ នឹងគល់ឈើ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម រួចអូសទម្លាក់ចោលទឹកស្រះមួយកន្លែង ស្ថិតក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨។

ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ិវ ប៊ុនម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកបុរសរងគ្រោះ មានឈ្មោះសុង កង អាយុ៥៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យជាឃាតករដែលបានសម្លាប់បុរសម្នាក់នៅក្បែរមាត់ស្រះ កាលពី៣ថ្ងៃមុន ពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨។

លោកស្នងការរង បញ្ជាក់ថា ក្រោយធ្វើការសាកសួរចម្លើយ ជនសង្ស័យជាឃាតករបានឆ្លើយសារភាពថា រូបគេពិតជាបានវាយសម្លាប់បុរសរងគ្រោះឈ្មោះសុង កង ប្រាកដមែន មូលហេតុដោយសារតែពួកគេបានកើតមានជម្លោះនឹងគ្នាតាមផ្លូវ។

គួររំលឹកថា កាលពីវេលាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មានករណីឃាតកម្មមួយបានកើតឡើង នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ដោយសាកសពបុរសចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងទឹកស្រះមួយកន្លែង ដោយមានគល់ឈើប៉ុនកំភួនដៃមួយនៅក្បែរសព និងត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា ត្រូវបានជនដៃដល់វាយសម្លាប់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ខណៈដែលមានប្រជាពលរដ្ឋដើរឆ្លងកាត់ទីតាំងកើតហេតុខាងលើ ក៏ស្រាប់តែប្រទះឃើញសាកសពបុរសរងគ្រោះអណ្តែតនៅក្នុងទឹកស្រះ ទើបកើតមានការផ្អើលឆោឡោ រត់ទៅប្រាប់ក្រុមគ្រួសារជនរងគ្រោះ និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចជំនាញភ្លាមៗដែរ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញបាត់ពីផ្ទះតាំងពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ដោយមិនបានប្រាប់ដំណឹងដល់អ្នកផ្ទះថាចេញទៅណានោះទេ រហូតដល់យប់ជ្រៅនៅតែមិនឃើញត្រឡប់មកផ្ទះវិញទៀត ធ្វើឱ្យក្រុមគ្រួសារដើរតាមរកទាំងយប់ដែរ តែមិនឃើញ ទើបនាំគ្នាត្រឡប់មកសម្រាកសិន មុននឹងចេញដើររកនៅព្រឹកស្អែកបន្តទៀត។ ស្រាប់តែព្រឹកព្រលឹមឡើង ក៏មានអ្នកភូមិរត់មកប្រាប់ថា ប្រទះឃើញសពជនរងគ្រោះស្លាប់នៅក្នុងស្រះទឹក ទើបនាំគ្នាផ្អើលរត់ទៅមើល ក៏ប្រទះឃើញថាពិតជាសាកសពជនរងគ្រោះប្រាកដមែន។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការចងខ្សែព័ទ្ធទីតាំងកើតហេតុ រួចទាក់ទងសុំអន្តរាគមន៍បន្តពីខាងជំនាញ។ លុះសមត្ថ កិច្ចជំនាញចុះមកដល់ ក៏នាំគ្នាស្រង់យកសាកសពឡើងមកលើគោក ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ករណីនេះ គឺជាអំពើឃាតកម្ម ដោយជនរងគ្រោះត្រូវបានឃាតករមិនស្គាល់មុខវាយសម្លាប់ រួចទម្លាក់ទឹកស្រះ។ ចំណែកពេលវេលាកើតហេតុ អាចកើតឡើងនៅយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨។ រីឯនៅក្បែរទីតាំងកើតហេតុ សមត្ថកិច្ចបានរកឃើញគល់ឈើទំហំប៉ុនកំភួនដៃ ប្រវែងជាងកន្លះម៉ែត្រ១ដើម នៅក្បែរនោះផងដែរ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះត្រូវបានឃាតករវាយនឹងគល់ឈើ បណ្តាលឱ្យស្លាប់ រួចទម្លាក់សពចូលទឹកស្រះ។ ចំណែកជនដៃដល់ជាឃាតករ ក្រោយពីធ្វើសកម្មភាពរួច បានព្យាយាមរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ប៉ុន្តែទីបំផុត ឈាមស្រែកស្បែកហៅ សមត្ថកិច្ចក៏តាមប្រមាញ់ចាប់ខ្លួនជនដៃដល់ជាឃាតករបាន និងកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES