បរិយាយថ្ងៃនេះ ៖ កំហុសអ្នកណា?

0
569

ព្រឹត្តិការណ៍បង្កអំពើហិង្សានៅផ្លូវវេងស្រេង កាលពីប៉ុន្មានឆ្នាំកន្លងទៅ ត្រូវបានពួកប្រឆាំងចោទប្រកាន់រដ្ឋាភិបាលថា ជាការបង្ក្រាបបង្ហូរឈាមពលរដ្ឋឯង ប៉ុន្តែបក្សកាន់អំណាច ចោទប្រកាន់លោកសម រង្ស៊ី ថា ដឹកនាំបង្កើតឱ្យមានអំពើហិង្សាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ឱ្យតែចូលដល់ថ្ងៃទី០៣-០៤ មករា ការចោទប្រកាន់គ្នាក្លាយជាទម្លាប់ទៅហើយ ដូច្នេះ​សួរថា តើ​ “ជាកំហុសអ្នកណា?” ដែល “នគរធំ” សូមលើកមកធ្វើជាប្រធានបទបរិយាយថ្ងៃនេះ…។

ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ អតីតគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកសម រង្ស៊ី និងលោកកឹម សុខា កើតទុក្ខមិនសុខចិត្ត ក៏បំផុសបាតុកម្មកគ្រឹកគគ្រេងហែតាមផ្លូវ និងមានបាតុករទៅដេក ត្រាំត្រែងនៅទីលានប្រជាធិបតេយ្យ។ ជាងនេះទៀត កម្មករ-កម្មការិនីមួយផ្នែក ក៏ធ្វើកូដកម្ម មិនចូលធ្វើការងារ ដោយតាមទារប្រាក់ឈ្នួលគោល ល្មមរស់ថ្លៃថ្នូរ ដោយបានលើកគ្នាទៅតវ៉ាតាមដងផ្លូវវេងស្រេង រហូតផ្ទុះចេញជាអំពើហិង្សា។ ដោយមិនអាចទ្រាំទ្របាន សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានី បានបើកប្រតិបត្តិការបាញ់គ្រាប់ពិតបង្ក្រាបទៅលើហ្វូងបាតុករ បណ្តាលឱ្យមានស្លាប់ និងរបួសរដូករណែល ឈាមក្រាលលើផ្លូវ។ កាលនោះ ភាគីរាជរដ្ឋាភិបាល ចោទប្រកាន់មេដឹកនាំបក្សប្រឆាំង ថា “បង្កើតបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាល” ប៉ុន្តែមេប្រឆាំង ឆ្លើយតបថា “ជាការបង្ក្រាបបង្ហូរឈាមលើពលរដ្ឋខ្មែរគ្នាឯង”។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យមានការចងគំនុំគ្នារហូតដល់សព្វថ្ងៃ ប៉ុន្តែតាំងពីលេងធ្ងន់ដៃម្តងនោះមក លើកក្រោយៗមកទៀត ទោះបីជាមានកម្មករ-កម្មការិនី ធ្វើបាតុកម្មបិទផ្លូវជាតិ ក៏សមត្ថកិច្ចលែងហ៊ានប្រើគ្រាប់ពិតដូចកាលពីឆ្នាំ២០១៤ ដោយគ្រាន់តែចាត់មន្ត្រីក្រសួង និងអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ទៅសម្របសម្រួលដោយសន្តិវិធីតែប៉ុណ្ណោះ។

ទោះជាការបង្ក្រាបបង្ហូរឈាមមិនដែលមានដូចមុន ក៏ពេលចូលដល់ថ្ងៃ០៣-០៤ មករា ឆ្នាំណាក៏ដូចឆ្នាំណា តែងតែមានការឆ្លើយឆ្លងគ្នារវាងបក្សកាន់អំណាច (CPP) និងអតីតបក្សប្រឆាំង (CNRP) ទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ក្លាយជាវប្បធម៌ទៅហើយ ដូច្នេះសួរថា “ព្រឹត្តិការណ៍បង្ហូរឈាមកម្មករនោះ ជាកំហុសអ្នកណា?” ដែលយើងសាកល្បងឆ្លើយដូចខាងក្រោម…។

យោងតាមច្បាប់ជាតិ និងអន្តរជាតិ រដ្ឋាភិបាលប្រទេសនីមួយៗ មានសិទ្ធិការពារសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ដោយមិនអនុញ្ញាតឱ្យមានអំពើហិង្សា ឬអសន្តិសុខ ប៉ះពាល់ដល់សន្តិភាពបានឡើយ។ ករណីផ្ទុះបាតុកម្ម ដោយករណីអ្វីមួយសម្រាប់រដ្ឋប្រជាធិបតេយ្យ គេប្រើរថយន្តបាញ់ទឹកបង្ក្រាប ឬប្រើគ្រាប់បែកផ្សែងបង្ហៀរទឹកភ្នែក ប៉ុន្តែក៏មានប្រទេសខ្លះ ពេលហាមបាតុករមិនស្តាប់ ក៏ត្រូវបង្ខំចិត្តប្រើគ្រាប់ពិត ឱ្យមានស្លាប់ និងរបួសខ្លះ ទើបរាងចាល។ រដ្ឋាភិបាលដែលបញ្ជាកងប្រដាប់អាវុធ ឱ្យទៅបង្ក្រាបនោះ បើ “នៅក្នុងអាណត្តិ គ្មានកំហុសទេ” ប៉ុន្តែពេលអស់អំណាច នឹង “ចៀសមិនផុតពីកំហុសប្រឆាំងមនុស្សជាតិ”។

ឧទាហរណ៍ ទាហានសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ នល់ បានទទួលបញ្ជាឱ្យបាញ់បង្ក្រាបទៅលើហ្វូងបាតុករដែលគាំទ្រសម្តេចព្រះនរោត្តម សីហនុ បណ្តាលឱ្យបាតុករស្លាប់រាប់សិបនាក់ នៅក្បែរគល់ស្ពានជ្រោយចង្វា ត្រើយខាងកើត នាដើមឆ្នាំ១៩៧០។ ព្រឹត្តិការណ៍បង្ហូរឈាមកាលនោះ រដ្ឋាភិបាលលោកសេនាប្រមុខ លន់ នល់ គ្មានកំហុសទេ ប៉ុន្តែពេលគាត់ដួលរលំ អស់អំណាច ក៏ត្រូវពួកខ្មែរក្រហម ថ្កោលទោស រហូតចងគំនុំនឹងពួកនាយទាហាន ដោយស្រាវជ្រាវស្រង់ឈ្មោះយកទៅសម្លាប់ចោលវាល់វាល។

ចំណែករបបប៉ុល ពត ក៏បានបង្ក្រាបចលនាបះបោររបស់យោធាភូមិភាគបូព៌ា ដឹកនាំដោយសោ ភឹម-ហេង សំរិន យ៉ាងចាស់ដៃ ប៉ុន្តែពេលប៉ុល ពត នៅកាន់អំណាច គ្មានកំហុសទេ ដោយចាត់ទុកពួកបះបោរ ជា “ខ្មាំងយួន” និងបំផុសប្រជាពលរដ្ឋ តាមតំបន់នានា ឱ្យទម្លាក់កំហុសទៅលើពួកបះបោរទៀតផង។ លុះរបបប៉ុល ពត ដួលរលំ ទើបមានការថ្កោលទោសប៉ុល ពត និងលើកសរសើរចលនាបះបោរ ជាពិសេស បានលើកតម្កើងសម្តេចហេង សំរិន ជាវីរបុរស។

ដូច្នេះ រាល់ការបង្ក្រាបបាតុកម្ម កុបកម្ម រដ្ឋាភិបាលក្នុងអាណត្តិ គ្មានកំហុសទេ សូម្បីរបបប៉ុល ពត បង្ក្រាប “ចោរលួច ពោត ដំឡូង បូតកួរស្រូវ” ក៏ “អង្គការគ្មានកំហុស” ប៉ុន្តែពេលអង្គការដួលរលំ ទើបមេដឹកនាំអង្គការមហាលោតផ្លោះ ត្រូវចូលរង្វង់ក្រចកសេះ នៅសាលាក្តីខ្មែរក្រហម។

បច្ចុប្បន្ន ក៏មានន័យយ៉ាងនេះដែរ រាល់ការបង្ក្រាប ទប់ស្កាត់បាតុកម្ម កូដកម្ម កុបកម្ម រាជរដ្ឋាភិបាលមិនខុសទេ ប៉ុន្តែ អនាគតមើលមិនឃើញ បើសិនជាមានរដ្ឋាភិបាលថ្មីកើតឡើង។ រដ្ឋាភិបាល ដែលកាន់អំណាចនីតិប្រតិបត្តិ មានសិទ្ធិពេញលេញក្នុងការអនុវត្តច្បាប់ ប៉ុន្តែបញ្ហា “កំហុសអ្នកណា?” គួរតែព្យាយាមយ៉ាងណាកុំឱ្យជាន់ដានប្រវត្តិសាស្ត្រ ដូចករណីទាហានលន់ នល់ បាញ់បង្ក្រាបពួកបាតុករស្មោះត្រង់សម្តេចឪ បានត្រឹមធ្វើឱ្យកម្មាភិបាលខ្មែរក្រហម ចងគំនុំ រហូតស្រង់ឈ្មោះនាយទាហានលន់ នល់ ទៅកម្ទេចចោល។

“កំហុសអ្នកណា?” តែងមានពាក់ព័ន្ធដោយមិនដឹងខ្លួន ដូចអក្សរសិល្ប៍ជប៉ុនមួយ បានតំណាលពីកំលោះម្នាក់ ជាកូនអភិជន ដោយសារតែខ្លួនមានជំងឺរ៉ាំរ៉ៃ ព្យាបាលមិនជា ក៏ព្យាយាមសម្លាប់ខ្លួន។ កំលោះជប៉ុននោះ គោរពជឿ “សាសនាស៊ិនតូ” ដែលមានទ្រឹស្តីថា អ្នកណាសម្លាប់ខ្លួនដើម្បីជាតិ នឹងបានឡើងឋានសួគ៌។ យុវជននោះ មិនបានជួយជាតិអ្វីទេ តែយល់ថា ពេលស្លាប់នឹងបានឡើងឋានសួគ៌ ក៏យកផ្លែឡាម មកអារផ្តាច់បំពង់ក ធ្វើអត្តឃាត។ ពេលអារកជិតដាច់ទៅហើយ ស្រាប់តែរបូតផ្លែឡាមស្លាកជាប់បំពង់ក វេទនាជាពន់ពេក ស្របពេលមានមិត្តភក្តិម្នាក់មកលេង កំលោះធ្វើអត្តឃាតនោះ ក៏ស្រែកប្រាប់មិត្តឱ្យយកកាំបិតមកចាក់បន្ថែមឱ្យឆាប់ស្លាប់ ប៉ុន្តែមិត្តភក្តិនោះ មិនធ្វើតាមទេ ដោយស្ទុះទៅជួយដកផ្លែឡាមចេញពី បំពង់ក ដើម្បីសង្គ្រោះនាំទៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសល ពេលដកផ្លែឡាមចេញ ក៏ដាច់បំពង់ខ្យល់ ដូចជួយអ្នកចង់ស្លាប់ឱ្យស្លាប់ដូចបំណង។ អភ័ព្វអ្វី ម្តាយអ្នកស្លាប់ចូលមកទាន់បាន ឃើញមិត្តចិត្តធម៌នោះ ដកផ្លែឡាម ក៏ចោទប្រកាន់ថា ជាឃាតករអារកសម្លាប់កូនគាត់ ក៏ប្តឹងប៉ូលិសចាប់កំលោះចិត្តធម៌នោះឡើងតុលាការ ទោះជាប្រកែកយ៉ាងណា ក៏គ្មានសាក្សីជួយ ទីបំផុត បានត្រឹមជាប់គុកមួយជីវិត…។

អក្សរសិល្ប៍ជប៉ុននេះ ចង់បង្ហាញថា “អ្នកជួយយកអាសាគេ បើមិនមើលមុខក្រោយ បានត្រឹមមានទោស” យ៉ាងណាមិញ កម្មករ-កម្មការិនីមួយចំនួន ដែលលើកគ្នាធ្វើបាតុកម្ម ទាមទារប្រាក់ឈ្នួលគោល ដើម្បីទាំងអស់គ្នា ឬថា កម្មករ១លាននាក់ ដេកផ្ទះ ទៅរងគ្រោះឯកម្មករដែលឈឺឆ្អាលគេប៉ុន្មានសិបនាក់នោះទៅវិញ។ ការលើកគ្នាទៅតវ៉ា ដូចយកផ្លែឡាម អារកខ្លួនឯង រីឯសមត្ថកិច្ចចុះទប់ស្កាត់នោះ គឺចង់ឱ្យ “បាតុកម្មស្ងប់ស្ងាត់” ក៏លូកដៃទៅដោះផ្លែឡាម លុះទាញខ្លាំងពេក ក៏ដាច់បំពង់ខ្យល់ បានត្រឹមរងការថ្កោលទោស។

ដូច្នេះរឿង “កំហុសអ្នកណា?” វាមានកត្តារួមផ្សំ ឬថា កងរាជអាវុធហត្ថរាជធានី គ្មានចេតនាបាញ់ប្រហារកម្មករនៅផ្លួវវេងស្រេង នោះទេ ដោយគ្រាន់តែចង់ទប់ស្កាត់អនាធិបតេយ្យប៉ុណ្ណោះ ប៉ុន្តែ “ជំនួយខុសបច្ចេកទេស” ប្រើដៃធ្ងន់ ផ្ទុះអាវុធ ទៅត្រូវអ្នកឈឺឆ្អាលគេ បានត្រឹមទទួលការថ្កោលទោសពីពួកប្រឆាំង តែប៉ុណ្ណោះ។ ហេតុនេះ ជារឿងពិបាកបំផុត ក្នុងការទម្លាក់កំហុសឱ្យភាគីណាមួយ ប៉ុន្តែបើ “ឱ្យខុសទាំងអស់គ្នា” សមជាង។ ករណីកំលោះជប៉ុន អារកសម្លាប់ខ្លួនក៏ខុស មិត្តភក្តិ ជួយដកផ្លែឡាមចេញពីបំពង់កគេក៏ខុស ម្តាយអ្នកស្លាប់ ប្តឹងមនុស្សជួយសង្គ្រោះគេក៏ខុស តុលាការកាត់ទោសគេដោយខ្វះ ការស្រាវជ្រាវក៏ខុស។

សរុបទៅ “កំហុសអ្នកណា?” គួរតែឱ្យខុសទាំងអស់គ្នា ទើបសម ដើម្បីបញ្ចៀសកុំឱ្យមានកំហុសបែបនេះកើតឡើងទៀត។ ការបង្ក្រាបបង្ហូរឈាម វាជាន់ដានប្រវត្តិសាស្ត្រ ដូចជំនាន់លន់ នល់ ប៉ុល ពត លុះដល់ពេលអស់អំណាច ទើបមានការកាត់ទោស។ ដើម្បីកុំឱ្យជួបបញ្ហាបែបនេះ គួរភាគីប្រឆាំង បញ្ឈប់ការធ្វើបាតុកម្មបែបហិង្សា មានការគប់ដុំថ្មវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន ជេរប្រទេច ជាដើម ចំណែកអ្នកបង្ក្រាប គួរឈប់ប្រើដៃធ្ងន់ដូចមុន និង “គោរពសិទ្ធិគ្នាទៅវិញទៅមក” ពោលគឺពលរដ្ឋគោរពសិទ្ធិសមត្ថកិច្ច ឯសមត្ថកិច្ចគោរពសិទ្ធិពលរដ្ឋ ទើបធានាថា នឹង “គ្មានកំហុស” បែបនេះទៀត…៕