បរិយាយថ្ងៃនេះ ៖ ឫសកែវពីរ

0
582

រុក្ខជាតិ តិណជាតិ បុប្ជជាតិនានា អាចរស់បានអាស្រ័យលើ “ឫសកែវ” ដែលចាក់ទៅក្នុងដីបានជ្រៅ សម្រាប់បឺតទឹក មកចិញ្ចឹមសរីរាង្គ ប៉ុន្តែបើឫសកែវខ្លី ឬដង្កូវស៊ី រុក្ខជាតិនោះ អាយុមិនបានវែងទេ។ នៅក្នុងប្រទេសមួយ សង្គមមួយ របបមួយ ក៏មានឫសកែវ សម្រាប់ “បឺតសេដ្ឋកិច្ច” ដែរ ដែលសរុប មានឫសកែវពីរ គឺ “រដ្ឋ និងឯកជន” វិស័យទាំង២នេះ អត់មួយណា ក៏មិនបានដែរ ត្រូវដើរទន្ទឹមគ្នារហូត ដែល “នគរធំ” សូមលើកពី “ឫសកែវពីរ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ឫស” គឺជាអវយវៈចំណែកមួយនៃរុក្ខជាតិ តិណជាតិ លតាជាតិ ដែលដុះចាក់ជ្រៅទៅក្រោម សម្រាប់បឺតយកជាតិទឹក និងជីជាតិផ្សេងៗទៅចិញ្ចឹមដើម មែក ស្លឹក ផ្លែ។ ឫស មាន២ប្រភេទ គឺ “ឫសកែវ និងឫសរយាង” វាមានតួនាទីខុសគ្នា ប៉ុន្តែ សំខាន់បំផុត ឫសកែវ នេះឯង ដែលភាគច្រើនដើមឈើគ្រប់ប្រភេទ មានឫសកែវ ២។ បើគេគាស់រំលើងគល់ឈើយកដីធ្វើចម្ការ ត្រូវគាស់ផ្តាច់ឫសរយាងស្ញាញ បែកទៅខាងឱ្យអស់សិន ទើបគេកាប់ផ្តាច់ឫសកែវ ទើបឈើនោះរលំ។ ជាទូទៅ អ្នកដាំបន្លែ ដូចជាប៉េងប៉ោះ ជាដើម បើដល់ពេលដកកូនប៉េងប៉ោះទៅដាំ គេត្រូវពិនិត្យឫសកែវសិន បើវាមានតែ១ ឆ្កឺតទៅក្រោម ហៅថា “ប៉េងប៉ោះឈ្មោល” មិនចេញផ្លែទេ តែបើមានឫសកែវ២ និងឫសរយាងច្រើន គឺជា “ប៉េងប៉ោះញី” ដាំបានផលច្រើន។

យ៉ាងណាមិញ ប្រទេស១ សង្គម១ របប១ ដែលរីកចម្រើនថ្កុំថ្កើង ក៏មានឫសកែវ២ សម្រាប់បឺតសេដ្ឋកិច្ចដែរ គឺវិស័យ “ឯកជន និងរដ្ឋ”។ វិស័យទាំងពីរនេះ ដូចកូនភ្លោះ បើទៅណា ត្រូវទៅជាមួយួគ្នា បើម៉ែឪទិញខោអាវឱ្យ ទាល់តែមានពណ៌ដូចគ្នា ទើបបាន ដែល “នគរធំ” សូមបរិយាយលម្អិតដូចខាងក្រោម ៖

-ឫសកែវរដ្ឋ ៖ សំដៅដល់រចនាសម្ព័ន្ធថ្នាក់ជាតិ តាំងពីលើដល់ក្រោម ជាពិសេស “ក្របខ័ណ្ឌមន្ត្រីរាជការ” នេះឯង។ នៅកម្ពុជា ពិតមែនតែជាប្រទេសតូច ប៉ុន្តែមានក្រសួងដល់ទៅ២៨ឯណោះ ដែលក្នុងក្រសួងមួយៗ មានមន្ត្រីរាជការមិនស្មើគ្នាទេ។ ដូចក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន ជាដើម មានក្របខ័ណ្ឌខ្ទង់រយ ឬថាមិនដល់១០០០នាក់ផង ប៉ុន្តែក្រសួងអប់រំ មានក្របខ័ណ្ឌរាប់ម៉ឺននាក់ឯណោះ។ នៅកម្ពុជា មាន២៦ខេត្ត-រាជធានី ចែកជា១៦៤៦ឃុំ-សង្កាត់ និងមាន ១៤០៧៣ភូមិ ដែលសូម្បីតែមេភូមិ ក៏បានទទួលប្រាក់បៀវត្សរបស់រដ្ឋដែរ រីឯរាជរដ្ឋាភិបាល ក៏ព្យាយាមកែលម្អ កែទម្រង់ក្របខ័ណ្ឌ ក៏ដូចជីវភាពមន្ត្រីរាជការ ឱ្យប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ រហូតឈានដល់បើកផ្តល់ប្រាក់បៀវត្ស ២ដង ក្នុង១ខែ។

-ឫសកែវឯកជន ៖ សំដៅដល់អ្នកធ្វើការក្រៅក្របខ័ណ្ឌរាជការ មានដូចជាកម្មករ-កម្មការិនី ពលករ-ពលការិនី កសិករ សហគ្រិនសំណង់ ជាដើម។ សព្វថ្ងៃ ចំនួនកម្មករ ត្រូវគេដឹងថា មានរហូតដល់ជាង១លាននាក់ឯណោះ កំពុងបម្រើការងារតាមរោងចក្រ សហគ្រាសនានា ក៏ដូចជាអ្នកធ្វើចំណាកស្រុក។ កសិករ ក៏ដូចថៅកែរោងម៉ាស៊ីនកិនស្រូវ ក៏នៅក្នុងឫសកែវ ឯកជននេះឯង បើរដ្ឋាភិបាល មិនជួយដោះស្រាយផលវិបាកពួកគេ ជាពិសេស បញ្ហាជីវភាព អាចធ្វើឱ្យឫសកែវមួយនេះ មិនខុសពី “ដង្កូវស៊ី” នោះឡើយ។

ឫសកែវរដ្ឋ និងឯកជន ត្រូវដើរទន្ទឹមគ្នារហូត ទើបយើងឃើញសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងចុះសាកសួរសុខទុក្ខ សំណេះសំណាលជាមួយកម្មករ-កម្មការិនី តាមបណ្តារោងចក្រនានា នៅរៀងរាល់សប្តាហ៍ មិនសូវខានឡើយ វៀរលែងតែសម្តេចជាប់បេសកកម្មនៅក្រៅប្រទេស។ ទំនងជាមើលឃើញពី “ភាពខ្លាំងរបស់ដើមឈើ CPP ដែលមានឫសកែវ២ ខ្លាំង” ទើបពួកប្រឆាំង ប្រើយុទ្ធសាស្ត្រ “ផ្តួលវិស័យឯកជន” តាមរយៈ “ជំរុញអាមេរិក សហភាពអឺរ៉ុប ឱ្យដកប្រព័ន្ធអនុគ្រោះពន្ធ”។ យុទ្ធសាស្ត្រលោកសម រង្ស៊ី មិនគួរមើលរំលងនោះទេ ពោលគឺបើឫសកែវឯកជន មានដង្កូវស៊ី កាលបើត្រូវខ្យល់បោកបក់ ខ្លាំង ដើមឈើធំប៉ុនណា ក៏រលំដែរ។

ឥឡូវយើងឃើញ “ឫសកែវរដ្ឋ” នៅតែរឹងមាំដដែល មិនប្រែប្រួលទេ រហូតមានមន្ត្រីរាជការម្នាក់ បាននិយាយនៅក្នុងហាងកាហ្វេថា “ខ្ញុំធ្វើរាជការ មិនព្រួយទេ ព្រោះសម្តេចធានាដំឡើងប្រាក់ខែឱ្យរាល់ឆ្នាំ និងកន្លះខែបើកលុយម្តង”។ ផ្ទុយទៅវិញ កម្មកររោងចក្រ១ក្រុម បានជួបជុំគ្នាត្អូញត្អែរនៅមុខផ្ទះជួលថា “ធ្វើការឯកជនយ៉ាប់ណាស់ ពីមុនបានប្រាក់ឈ្នួល គ្រាន់បើជាងអ្នករាជការ ឥឡូវអ្នករាជការវ៉ាដាច់ ហើយមិនដឹងជាថ្ងៃណាគេបិទរោងចក្រនោះទេ”។

ការអួតអាង និងត្អូញត្អែរនេះ បញ្ជាក់ថា “ប្ញសកែវរដ្ឋ” អត់បញ្ហា ប៉ុន្តែ “ប្ញសកែវឯកជន” កំពុងតែបារម្ភពីអនាគត បន្ទាប់ពីសហគមន៍អឺរ៉ុប ប្រកាសយកពន្ធអង្ករ៣ឆ្នាំ។ ដើម្បីទប់ស្កាត់ផលវិបាកដែលកើតឡើងដល់វិស័យឯកជន លុះត្រាតែ CPP រៀបជើងព្រួល ទប់ទល់នឹងយុទ្ធសាស្ត្រលោកសម រង្ស៊ី ឱ្យដល់កម្រិត មិនអាចមើលស្រាលមនុស្សតែម្នាក់នោះបានឡើយ។ តាមការកត់សម្គាល់ បក្សកាន់អំណាច ព្យាយាមយកចិត្តយកថ្លើមមន្ត្រីរាជការខ្លាំងណាស់ ព្រោះជាប្ញសកែវដ៏សំខាន់ ទប់ដើមឈើ CPP កុំឱ្យរលំ ប៉ុន្តែគួរកុំភ្លេចថា ប្ញសកែវឯកជន ក៏សំខាន់ណាស់ដែរ ព្រោះឯកជន មានអ្នកបម្រើការងារច្រើនជាងរាជការ។

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ មានគោលនយោបាយលើកស្ទួយវិស័យឯកជនខ្លាំងជាង ដោយមិនសូវបារម្ភពីក្របខ័ណ្ឌរដ្ឋ។ ជាក់ស្តែង លោកត្រាំ បានទទូចសុំថវិកាជាតិ ជាង៥ពាន់លានដុល្លារ សម្រាប់សាងសង់របងព្រំដែនជាប់ប្រទេសម៉ិកស៊ិក ប៉ុន្តែព្រឹទ្ធសភាអាមេរិក មិនព្រមអនុម័ត ទើបលោកត្រាំ “ប្រើសិទ្ធិប្រធានាធិបតី” បិទផ្នែកខ្លះរបស់រដ្ឋាភិបាល សហព័ន្ធ បណ្តាលឱ្យបុគ្គលិករដ្ឋការ និយោជិតនៅអាមេរិក ប្រមាណ៨០ម៉ឺននាក់ អត់ប្រាក់ខែ។ សូម្បីចុងភៅប្រចាំសេតវិមាន ក៏អត់ការងារធ្វើ អត់លុយ តែលោកប្រធានាធិបតី មិនខ្វល់ ក៏សុខចិត្តទិញម្ហូបក្រៀមក្រោះពីក្រៅមកទុកហូប ដើម្បីយកឈ្នះព្រឹទ្ធសភា។ ករណីបិទក្របខ័ណ្ឌបែបនេះ បើដូចនៅកម្ពុជា “មិនហ៊ានធ្វើទេ” ដោយហេតុថា CPP ចាត់ទុកមន្ត្រីរាជការ ជា “ឆ្អឹងខ្នង” ឬថា មិនហ៊ានធ្វើឱ្យគ្រូបង្រៀន កងប្រដាប់អាវុធ អាក់អន់ស្រពន់ចិត្តនោះទេ ក្រែងបាត់បង់ការគាំទ្រ ប៉ុន្តែ លោកត្រាំ មិនខ្វល់ដូច CPP នោះទេ ដោយហេតុថា គាត់ធ្វើប្រធានាធិបតី យ៉ាងយូរបានតែ២អាណត្តិ (៨ឆ្នាំ) ប៉ុណ្ណោះ មិនអាចកាន់អំណាចរាប់សិបឆ្នាំបានឡើយ ហើយក៏មិនខ្លាចក្របខ័ណ្ឌរដ្ឋការ អាក់អន់ចិត្តនោះដែរ។

ដូច្នេះយើងឃើញថា “ប្ញសកែវ២” នេះ សំខាន់ណាស់ ក្នុងការទប់ដើមឈើកុំឱ្យរលំ ប៉ុន្តែពេលនេះ ពួកប្រឆាំង មើលឃើញចន្លោះប្រហោង ក៏ប្រើយុទ្ធសាស្ត្រធ្វើឱ្យ “ប្ញសកែវឯកជនរេចរឹល”។ គេពង្រេចបន្តិចម្តងៗ ដូចជាធ្វើឱ្យរោងចក្របិទទ្វារ ម្តងមួយៗ ធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវ ផ្អាកដំណើរការ ព្រោះកសិករមិនព្រមលក់ស្រូវក្នុងតម្លៃថោក ធ្វើឱ្យពលករធ្វើចំណាកស្រុកច្រើនទៅៗ។ គួរកុំភ្លេចថា របបប៉ុល ពត កម្ទេចប្ញសកែវឯកជនគ្មានសល់ ដោយយកអ្វីៗ “ដាក់រួម” ទាំងអស់ ទីបំផុត បានត្រឹមដួលរលំទៅ។ នៅបណ្តាប្រទេសជឿនលឿន គេព្យាយាមជំរុញវិស័យទាំងពីរនេះ ឱ្យដើរស្របគ្នារហូត ទើបស្រុកគេមានវឌ្ឍនភាព ប៉ុន្តែកម្ពុជា បើទុកឱ្យវិស័យឯកជនធាក់ថយក្រោយ ច្បាស់ជាមានបញ្ហាទៅអនាគត ចៀសមិនរួច។

សរុបទៅ “ប្ញសកែវពីរ” សំដៅដល់វិស័យ “ឯកជន និងរដ្ឋ” មិនអាចអត់មួយមានមួយបានឡើយ។ យើងទទួលស្គាល់ថា បក្សកាន់អំណាច CPP ប្រឹងប្រែងខ្លាំងណាស់ ក្នុងការលើកស្ទួយជីវភាពកម្មករ កសិករ ប៉ុន្តែភាពចម្រូងចម្រាសនៃយុទ្ធសាស្ត្រនយោបាយ ធ្វើឱ្យពួកប្រឆាំងរកឃើញចំណុចខ្សោយ ក៏រកល្បិច “ផ្តួលវិស័យឯកជន”។ លោកសម រង្ស៊ី ក៏បានសារភាពរួចហើយថា គាត់ជាអ្នកអូសទាញអាមេរិក អឺរ៉ុប ឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា និងថា “កុំខឹងគោ វាយរទេះ” ដូច្នេះបើមេប្រឆាំងធំជាងគេនោះ ប្រាប់ត្រង់យ៉ាងនេះទៅហើយ ត្រូវតែ CPP រកល្បិចស្នៀតយ៉ាងណា “ទប់ប្ញសកែវឯកជនឱ្យជាប់” ទើបបាន…៕