អ្នកក្លាហានទាំំង៥នាក់នេះ មិនធម្មតាទេ ដេញតាមរំដោះអ្នកទោសរំលោភក្មេងស្រី

0
656

ខេត្តកំពង់ចាម៖ យុវជនជើងខ្លាំងទាំង៥នាក់ ដែលប៉ុនប៉ងរំដោះជនសង្ស័យម្នាក់ ដែលជាប់ចោទពីបទរំលោភសេពសន្ថវៈ ពីក្នុងអធិការដ្ឋាននគរបាលស្រុកព្រៃឈរ កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនមកកាន់តំណាងអយ្យការអម សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។

ជនសង្ស័យទាំង៥នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ខាងលើនោះ ទី១-ឈ្មោះទឹម សុផល ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅក្នុង ភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ទី២-ឈ្មោះទឹម កុសល ភេទប្រុស អាយុ២៤ឆ្នាំ មានលំនៅក្នុង ភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ទី៣-ឈ្មោះឆេង លី ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកកំពង់សៀម ទី៤-ឈ្មោះហ៊ុំ ហូរ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម និងទី៥-ឈ្មោះរ៉េត ដាវុធ ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំណែកពិរុទ្ធជនម្នាក់ដែលជនសង្ស័យទាំង៥នាក់ខាងលើ មានបំណងរំដោះនោះ មានឈ្មោះទឹម សុភាព ហៅម៉ាប់ អាយុ២៧ឆ្នាំ មានលំនៅក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ។

គួរបញ្ជាក់ថា នៅមុនពេលដែលរថយន្តក្រុមជើងខ្លាំងមកសាលាដំបូងខេត្តនោះ គេឃើញមានមនុស្ស ប៉ុន្មាននាក់បានរង់ចាំរត់ការជាមួយ នឹងតុលាការ ដើម្បីធ្វើយ៉ាងណាឱ្យក្រុមទាំង៥នាក់រួចផុតពីបទ ចោទប្រកាន់។ ហើយរហូតមកដល់ពេលនេះ គេមិនទាន់ដឹងថា វាសនាក្រុមជើងខ្លាំង ទាំង៥នាក់នោះ ក្លាយជាយ៉ាងណានៅឡើយទេ។

គួររំលឹកថា ពិរុទ្ធជនម្នាក់រស់នៅឃុំជ្រៃវៀន ស្រុកព្រៃឈរ បានរត់គេចពីការតាមចាប់តាំងពីឆ្នាំ២០១១ម៉្លេះ និងរៀបការនៅភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ហើយត្រូវកម្លាំងសមត្ថកិច្ចទៅនាំខ្លួនតាមដីការបស់សាលាដំបូងខេត្ត ដោយចោទប្រកាន់បទរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ១៣ឆ្នាំ។ ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ហើយមានសាច់ញាតិមួយក្រុមជិះរថយន្តម៉ាកហាយប៊្រីត១គ្រឿង ពាក់ស្លាក លេខភ្នំពេញ 2AF-0526 បើកបរដោយឈ្មោះ ទឹម សុផល បានបើកមកដល់ក្នុងអធិការនគរបាលស្រុកព្រៃឈរ ប៉ងរំដោះជនរូបនេះ និងផ្ទុះហិង្សាជាមួយសមត្ថកិច្ច។ ពេលនោះលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងនគរបាលខេត្ត បានឆ្លងយោបល់លោកហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក៏បញ្ជាឱ្យឃាត់ខ្លួនមនុស្សទាំង៥នាក់នោះតែម្តង។

ក្រោយមកជនសង្ស័យទាំង៥នាក់ត្រូវឃាត់ខ្លួន បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តនៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ដើម្បីចាត់វិធានការតាមច្បាប់៕