បរិយាយថ្ងៃនេះ ៖ គេអាចយកប្រៀបលើមនុស្សម្នាក់បាន

0
275

អ្នកនិពន្ធបារាំងម្នាក់ បានសរសេរថា “គេអាចមានប្រៀបជាងមនុស្សម្នាក់បាន តែគេមិនអាចមានប្រៀបជាងមនុស្សទាំងអស់បាន” (On Peut etre plus fin qu’un autre mais non pas plus fin que tous les autres) មានខ្លឹមសារ បង្ហាញថា សម្រាប់មនុស្សម្នាក់មិនពិបាកទេ ក្នុងការព្រួតគ្នាយកឈ្នះ ប៉ុន្តែជាមួយមនុស្សច្រើនពិបាកយកឈ្នះណាស់។ លោកសម រង្ស៊ី តែម្នាក់ឯង មិនអាចយកឈ្នះបក្សកាន់អំណាច បានឡើយ ប៉ុន្តែពួកប្រឆាំង ដែលកំពុងសំងំសុខមិនទាន់ប្តូរនិន្នាការ ជារឿងពិបាក ដែល “នគរធំ” សូមលើកសំណេរខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

កាលបរិច្ឆេទនៃការភ្នាល់គ្នា រវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកសម រង្ស៊ី “ករណីដោះលែង ឬមិនដោះលែងលោកកឹម សុខា” កាន់តែខិតជិតមកដល់ហើយ (០៣ មីនា ២០១៩)។ អ្នកវិភាគមើលឃើញថា លោកសម រង្ស៊ី ម្នាក់ឯង មិនឈ្នះសម្តេចហ៊ុន សែន ដែលមានគ្នាច្រើនជួយទល់ទ្រនោះទេ ហើយរឿងភ្នាល់គ្នានេះ សម្តេចពិតជាឈ្នះ។  ការភ្នាល់គ្នានេះ បានដឹងឮជាសាធារណៈ ដែលលោកសម រង្ស៊ី សន្យាថា បើចាញ់នឹងចូលមកប្រទេសកម្ពុជា ឱ្យសម្តេចហ៊ុន សែន ចាប់ដាក់គុក។ ចំណែកសម្តេចហ៊ុន សែន សន្យាសុខចិត្តចុះចេញពីតំណែង បើចាញ់ការភ្នាល់នេះ។ ពេលនេះ កាលបរិច្ឆេទនៃការភ្នាល់នៅសល់តែជាងកន្លះខែទៀតដល់ហើយ។ ករណីដោះលែងលោកកឹម សុខា នៅថ្ងៃទី០៣ មីនា នោះ គ្មានពន្លឺទេ ដូច្នេះបានសេចក្តីថា សម្តេចនាយករដ្ឋមន្ត្រី “មានប្រៀបលើគូប្រជែង”។ ទោះជាលោកសម រង្ស៊ី ចាញ់ភ្នាល់ ក៏ការភ្នាល់អត់មានផ្តិតមេដៃ ចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរនោះទេ ដូច្នេះអ្នកចាញ់អាចក្រឡេចក្រឡុច បាតដៃជាខ្នង ដៃមិនខានឡើយ មិនខុសពីអ្នកលេងមាន់បញ្ជល់ក្រៅសង្វៀន ឬមើលតាមទូរទស្សន៍ ភ្នាល់គ្នាថា អាក្រហម ឈ្នះអាខ្មៅ ដោយគ្រាន់តែថា មិនដាក់លុយកាក់អ្វីទេ លុះអាក្រហមជល់ចាញ់ អ្នកភ្នាល់គ្នានោះ បានត្រឹមសើចសប្បាយប៉ុណ្ណោះ សម្រាប់អ្នកនយោបាយ ត្រូវប្រកាន់ពាក្យសច្ចៈ ឬ “មនុស្សយកសម្តី ដំរីយកភ្លុក” ប៉ុន្តែ លោកសម រង្ស៊ី បត់បែនយ៉ាងនេះ ជាង២០ឆ្នាំហើយ ទោះជាភ្នាល់ចាញ់ ក៏នៅតែប៉ុណ្ណឹង។ បើអ្នកឈ្នះភ្នាល់បន្តុះបង្អាប់ ក៏មិនចំណេញអ្វីដែរ ព្រោះមេប្រឆាំងនោះ គ្មានឋានៈបុណ្យស័ក្តិអ្វីទេ ដែលសព្វថ្ងៃ អ្នកណាក៏ដឹងដែរថា លោកសម រង្ស៊ី គ្រាន់តែជា “ខ្មោចយាយីមនុស្សទារសំណែន”។

ហេតុអ្វីអ្នកនិពន្ធបារាំងថា “គេអាចយកប្រៀបជាងមនុស្សម្នាក់បាន តែគេមិនអាចមានប្រៀបជាងមនុស្សទាំងអស់បាន?” គឺមានន័យថា សព្វថ្ងៃលោកសម រង្ស៊ី ធ្វើនយោបាយម្នាក់ឯង ខណៈដែលសហការីស្មោះត្រង់គាត់រស់នៅរប៉ាត់រប៉ាយ រសាត់ដូចចកកណ្តាលទន្លេ រីឯអ្នកគាំទ្រគាត់នៅក្នុងប្រទេស សំងំដូចគេចុក ជាពិសេស ខ្សែលោកកឹម សុខា បនាបញ្ចោញទស្សនៈ មិនយល់ស្របតាមគាត់។ ផ្ទុយទៅវិញ បក្សកាន់អំណាច មានធនធានមនុស្សច្រើនណាស់ ទោះបីជាសម្តេចនាយករដ្ឋមន្ត្រី ប្រកាសឈប់ឆ្លើយឆ្លងជាមួយគូប្រជែង ឬ “ទទាយំឆ្លង ត្រយងបងអើយអត់ឆ្លើយ” អ្នកនាំពាក្យ អ្នកវិភាគ ក៏ដូចតារាហ្វេសប៊ុក ខ្លះដែលគាំទ្រ CPP វាយបកស្រុះគ្នាល្អណាស់ ពោលគឺ “ព្រួតគ្នាយកប្រៀបលើបុគ្គលម្នាក់”។

ដូច្នេះ លោកសម រង្ស៊ី នឹងចាញ់ប្រៀបសម្តេចហ៊ុន សែន នៅក្នុងរឿងភ្នាល់នេះហើយ ប៉ុន្តែអ្នកឈ្នះ ក៏មិនអាចទារលុយភ្នាល់ ឬចាប់ខ្លួនទណ្ឌិតនោះបានដែរ យ៉ាងច្រើនណាស់ត្រឹមបន្តុះបង្អាប់តែប៉ុណ្ណោះ។ ផ្ទុយទៅវិញ បើ CPP ចង់យកប្រៀបលើសកម្មជនអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិ ជារឿងយ៉ាប់បន្តិច បើសិនជា “កែទម្រង់មិនដល់កម្រិត” ឬ “អយុត្តិធម៌សង្គមនៅតែមាន”។ គួរយល់ថា “ខ្មោចបក្ស CNRP ងាប់ តែមនុស្សនៅរស់” ដូចជា អតីតមេឃុំ-ចៅសង្កាត់ សកម្មជន ក៏ដូចជាអ្នកគាំទ្រមិនទាន់ចុះចូល បើ CPP ធ្វេសប្រហែស ឬថា បើហ៊ានបើកឱ្យ CNRP រស់វិញ អាចស្រៀវឆ្អឹងខ្នង ដូចកាលបោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី៥ និងបោះឆ្នោតជ្រើសមេឃុំ-ចៅសង្កាត់ អាណត្តិទី៤។ ចង់ឈ្នះមនុស្សម្នាក់ អត់ពិបាកទេ គេអាច “រុញឱ្យខ្ទប់ជញ្ជាំង” ឬដេញឱ្យរត់ចោលស្រុកបាន តែជាមួយមនុស្សច្រើន ដែលលាក់និន្នាការប្រឆាំង ដេញយ៉ាងម៉េចកើត?

អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលត្រូវពួកយោធាធ្វើរដ្ឋប្រហារនោះ បានរត់ចោលស្រុក ដោយមិនអាចយកប្រៀបលើអ្នកកាន់អាវុធ ប៉ុន្តែឱ្យតែមានការបោះឆ្នោត ច្បាស់ជាគណបក្សដែលមានទំនាក់ទំនងជាមួយលោកថាក់ស៊ីន ជាប់ឆ្នោតមិនខាន។ ឥឡូវគណបក្ស “ថៃរក្សាជាតិ” ដែលដាក់បេក្ខភាពម្ចាស់ក្សត្រីព្រះរៀម អ‘បុលុ រតនា ហើយត្រូវជំទាស់ ឈានទៅរំលាយគណបក្សនោះ អាចថា មកពី “មានប្រៀបលើមនុស្សម្នាក់ តែមិនអាចមានប្រៀបលើមនុស្សច្រើន” នេះឯង។

យ៉ាងណាមិញ នៅកម្ពុជា ខណៈដែលអ្នកគាំទ្រ CPP កំពុងត្រៀមឈ្នះភ្នាល់ និងប្រកាសឱ្យលោកសម រង្ស៊ី ដើរចូលគុកនោះ បែរជាមេប្រឆាំងលែងនិយាយរឿងភ្នាល់ ទៅជានិយាយរឿង “កប៉ាល់ជិតលិច” ឯណាឆ្កុយ។ នយោបាយលោកសម រង្ស៊ី ផ្តល់គ្រោះថ្នាក់ជាងលោកថាក់ស៊ីន ដោយហេតុថា អតីតនាយករដ្ឋមន្ត្រីថៃ ជាមហាសេដ្ឋីនោះ រវល់តែការរកស៊ី មិនសូវខ្វល់ពីអំណាចអ្វីទេ ប៉ុន្តែលោកសម រង្ស៊ី ចង់ឱ្យមានការផ្លាស់ប្តូរ នៅតែស្វិតស្វាញក្នុងការដណ្តើមអំណាច ផ្លុំត្រចៀកអាមេរិក អឺរ៉ុប។

បក្សកាន់អំណាច មានធនធានមនុស្សរាប់មិនអស់ ឱ្យតែឃើញសំណេរលោកសម រង្ស៊ី ចេញតាមហ្វេសប៊ុកភ្លាម ក៏នាំគ្នាវាយបកដូចអ្នកលេងបាល់ទាត់ បញ្ជូនបាល់ឱ្យគ្នាកៀងទាត់បញ្ចូលទី ដែលមានអ្នកចាំទី តែម្នាក់ចាំចាប់បាល់។ បើអ្នកចាំទីនោះ ដៃស្អិត គេស៊ុតមិនចូលទេ ដោយចាប់បាល់បាន ទាត់បញ្ជូនទៅវិញ។ យ៉ាងណាមិញ ករណីមេប្រឆាំងដៃស្អិតតែម្នាក់នោះ ទោះជាអ្នកនាំពាក្យ អ្នកវិភាគ ក៏ដូចតារាហ្វេសប៊ុកខាង CPP វាយប្រហារយ៉ាងណា គ្រាន់តែមានប្រៀបជាងប៉ុណ្ណោះ។

ដូច្នេះយើងឃើញថា CPP ច្បាស់ជាអាចយកឈ្នះលើលោកសម រង្ស៊ី ដែលធ្វើនយោបាយតែម្នាក់ឯង ប៉ុន្តែបើ CPP ចង់យកឈ្នះលើពួកប្រឆាំង ដែលកំពុងសំងំដូចកណ្តុរខ្លាចឆ្មានោះ លុះត្រាតែ “កែទម្រង់ឱ្យដល់កម្រិត” ជាពិសេស កុំឱ្យមានអយុត្តិធម៌សង្គមតទៅទៀត។ ករណីសម្តេច ស ខេង ថ្លែងថា ការយកទាហានទៅអនុវត្តសាលក្រមតុលាការ “ជារឿងខុសច្បាប់” គឺមានន័យថា ចៅហ្វាយខេត្ត “មិនចេះច្បាប់” ហើយបើអាជ្ញាធរមិនចេះច្បាប់ គ្មានការផ្លាស់ប្តូរកែទម្រង់នោះ ធ្វើឱ្យនិន្នាការប្រឆាំង កាន់តែកើន។ បើអាជ្ញាធរចេះច្បាប់ដែរ តែ “បំពានលើច្បាប់” ក៏កាន់តែជួយជំរុញអយុត្តិធម៌សង្គម ឱ្យពិបាកជួសជុល ហើយបើអយុត្តិធម៌សង្គម កាន់តែមានបញ្ហាចង់យកប្រៀបលើមនុស្សដែលលាក់និន្នាការប្រឆាំងនោះ ជារឿងយ៉ាប់បំផុត។

សរុបទៅ “គេអាចមានប្រៀបលើមនុស្សម្នាក់បាន តែមិនអាចមានប្រៀបលើមនុស្សទាំងអស់បាន” មានន័យយ៉ាងនេះឯង។ ពិតណាស់ថា លោកសម រង្ស៊ី តែម្នាក់នោះ CPP អាចយកប្រៀបបានយ៉ាងស្រួល សូម្បីតែការភ្នាល់គ្នានេះ ក៏គេដឹងថា លោកសម រង្ស៊ី ចាញ់ដែរ ប៉ុន្តែបើ CPP ចង់ឈ្នះនិន្នាការប្រឆាំង ដែលតួលេខបោះឆ្នោតកាលពីឆ្នាំ២០១៧ បង្ហាញថា មានជាង៣លាននាក់នោះ ទោះជាអ្នកនាំពាក្យបំភ្លឺទិន្នន័យជាថ្មីថា នៅសល់អ្នកប្រឆាំងជាង៤០ម៉ឺននាក់ ក៏ត្រូវតែប្រើយុទ្ធសាស្ត្រអូសទាញឱ្យបាន ប្រសើរជាងព្រួតគ្នាជាន់កតែមនុស្សម្នាក់ ដែលក្លាយជាទណ្ឌិតិ…៕