បរិយាយថ្ងៃនេះ ៖ និន្នាការឆ្លងទ្វីប

0
63

ពិតជាមិនធម្មតាទេ ដែលប្រជាពលរដ្ឋខ្មែរសម័យនេះ ក្រៅពីមានការបែងចែកនិន្នាការនយោបាយក្នុងប្រទេស រវាង “ស្រប និងប្រឆាំង” ក៏នៅមាននយោបាយអន្តរជាតិ ឬ “និន្នាការឆ្លងទ្វីប” ថែមទៀត។ ករណីកើតមានជម្លោះនយោបាយនៅប្រទេសវេណេហ្ស៊ុយអេឡា យើងតាមដានឃើញថា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា (CPP) កាន់ជើងរដ្ឋាភិបាលដឹកនាំ ដោយលោកនីកូឡាស ម៉ាឌូរ៉ូ ចំណែកអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ (CNRP) ក៏ដូចគណបក្សតូចៗខ្លះទៀត ដែលគ្មានអាសនៈរដ្ឋសភា កាន់ជើងមេដឹកនាំបក្សប្រឆាំងវេណេហ្ស៊ុយអេឡា ដែល “នគរធំ” ក្តាប់បាន ក៏សូមលើកពី “និន្នាការឆ្លងទ្វីប” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ជម្លោះនយោបាយនៅកម្ពុជា ក្នុងពេលកំពុងសុខសន្តិភាពនេះ ទោះបីជាបក្សកាន់អំណាច អះអាងថា គ្មានជម្លោះ ក៏ពេលបើកហ្វេសប៊ុក យូធូប តាមដាន ទើបដឹងថា មានអ្នកប្រឆាំងរដ្ឋាភិបាលមិនតិចទេ បានបង្ហោះសំណេរនិងសំឡេងជេរប្រមាថ រិះគន់ CPP។ ចំណែកអ្នកគាំទ្រ CPP ក៏វាយបកវិញ ដោយពាក្យពេចន៍អសុរោះ ដោយនាំគ្នា “ជេរខ្មោច CNRP” កើតទៅជាជម្លោះនយោបាយខ្មែរនិងខ្មែរ មិនដឹងជាថ្ងៃណាត្រូវបញ្ចប់ទេ។ មិនត្រឹមតែទាស់ទែងគ្នាឯងនោះទេ ប៉ុន្តែអ្នកចូលចិត្តនយោបាយទាំងស្រប និងប្រឆាំង បានបញ្ចោញទស្សនៈឆ្លងដែន ឬ “និន្នាការឆ្លងទ្វីប” ពាក់ព័ន្ធដល់ជម្លោះនយោបាយនៅប្រទេសវេណេហ្ស៊ុយអេឡា ឯណោះទៀត។

“វេណេហ្ស៊ុយអេឡា” (Venrzuela) មានទីតាំងភូមិសាស្ត្រនៅទ្វីបអាមេរិកខាងត្បូង មានទំហំដី៩១៦.៤៤៥គីឡូម៉ែត្រក្រឡា ដោយមានព្រំប្រទល់ប៉ែកខាងជើង ជាប់នឹងសមុទ្រការ៉ាបៀន និងមហាសមុទ្រអាត្លង់ទិក ខាងលិចជាប់នឹងប្រទេសកូឡុំប៊ី និងប្រេស៊ីសខាងត្បូង ទល់នឹងប្រទេសទ្រីនីដាត និងតូបាហ្គោខាងកើត ជាប់ប្រទេសហ្គីយ៉ាណា។ ប្រទេសនេះមានប្រជាជនចំនួន៣១៥៦៨១៧៩ យោងតាមស្ថិតិឆ្នាំ២០១៦ ដែលភាគច្រើនកាន់សាសនាគ្រិស្ត និកាយកាតូលិក ប្រើភាសាអេស្ប៉ាញ ដោយហេតុធ្លាប់នៅក្រោមអាណានិគមអេស្ប៉ាញ។

វេណេហ្ស៊ុយអេឡា ទទួលឯករាជ្យកាលពីឆ្នាំ១៩៤៥ ធ្លាប់មានបាតុកម្ម កូដកម្មជាបន្តបន្ទាប់ និងមានការប៉ុនប៉ងធ្វើរដ្ឋប្រហារ ២ដង ដោយមានការចងក្រងរដ្ឋធម្មនុញ្ញ ប្រាសចាកពីគន្លងប្រជាធិបតេយ្យ ខណៈដែលលោកហ៊ូហ្គោ ឆាវេស (Hugo chanez) ឡើងជាប្រធានាធិបតី។ បន្ទាប់ពីលោកឆាវេស ទទួលមរណភាពកាលពីឆ្នាំ២០១៣ លោកនីកូឡាស ម៉ាឌូរ៉ូ ជាសហការី បានឡើងស្នងតំណែង និងជាប់ឆ្នោតទាំងចម្រូងចម្រាស បណ្តាលឱ្យមានភាពរំជើបរំជួល តវ៉ាពេញផ្ទៃប្រទេស ដោយហេតុបក្សប្រឆាំង កាន់កាប់រដ្ឋសភា រីឯលោកម៉ាឌូរ៉ូ កាន់អំណាចនីតិប្រតិបត្តិ។

លោកនីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) កាន់អំណាចយកតាមលំនាំរៀមច្បង ហ៊ូហ្គោ ឆាវេស មិនរណបអាមេរិក ប៉ុន្តែបែរជាស្និទ្ធស្នាលជាមួយរុស្ស៊ី និងចិន បណ្តាលឱ្យមានវិបត្តិសេដ្ឋកិច្ច ប្រាក់ចាយវាយរងអតិផរណា ខណៈដែលប្រទេសនេះ មានរ៉ែប្រេងកាត ដ៏ធំសម្បើម។ កាន់អំណាចតែប៉ុន្មានឆាំ លោកម៉ាឌូរ៉ូ រងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយធ្ងន់ ជាក់ស្តែង គាត់មានមាសតម្លៃ១២០០លានដុល្លារ ផ្ញើនៅប្រទេសអង់គ្លេស ហើយត្រូវអង់គ្លេស បង្កកតាមសំណើរបស់អាមេរិក។

ឥឡូវស្ថានការណ៍នយោបាយនៅវេណេហ្ស៊ុយអេឡា កាន់តែធ្ងន់ទៅៗ ខណៈដែលលោកច័ន ហ្គាយដូ (Juan Guaido) ជាប្រធានរដ្ឋសភា មកពីគណបក្សប្រឆាំង ដោយមានអាមេរិក និងសម្ព័ន្ធមិត្តនៅពីក្រោយ បានប្រកាសខ្លួនជា “ប្រធានាធិបតីស្តីទី” បណ្តាលឱ្យមានភាពរំជើបរំជួល ពេញទីក្រុងការ៉ាកាស (Caracas) ព្រោះតែមហាអំណាច ៣ គឺ អាមេរិក រុស្ស៊ី និងចិន កំពុងលូកដៃជួយកូនជឹងរបស់ខ្លួន…។

ស្ថានការណ៍នៅវេណេហ្ស៊ុយអេឡា ប្រជាពលរដ្ឋខ្មែរ បានជ្រួតជ្រាបជាទូទៅ ប៉ុន្តែអ្វីដែល “នគរធំ” ចង់លើកឡើងនៅពេលនេះ គឺ “និន្នាការឆ្លងទ្វីប” ខណៈដែលខ្មែរខ្លួនឯង ទាស់ទែងខ្វែងគំនិតគ្នាមិនអស់ចិត្ត ក៏ជួយទាស់ដល់វេណេហ្ស៊ុយអេឡា ទៀត។ តាមការឃ្លាំមើល អ្នកគាំទ្រ CPP ក៏ដូចបណ្តាញព័ត៌មានគាំទ្ររដ្ឋាភិបាលកម្ពុជា បានបង្ហាញទស្សនៈ និងសមានចិត្តកាន់ជើងលោកនីកូឡាស ម៉ាឌូរ៉ូ ដោយលើកឡើងថា “ជាប់ឆ្នោតតាមរដ្ឋធម្មនុញ្ញ” ជាពិសេស ថ្កោលទោសលោកហ្គាយដូ ថា ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ស្រដៀងនឹងការចោទប្រកាន់លោកសម រង្ស៊ី ថា ចង់ធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា យ៉ាងនោះដែរ។ ដោយឡែក អ្នកគាំទ្រអតីត CNRP ក៏ដូចអ្នកវិភាគមួយចំនួន បានបង្ហាញ “និន្នាការឆ្លងទ្វីប” គាំទ្រលោកហ្គាយដូ វ័យ៣៥ឆ្នាំ ដែលកំពុងដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលម៉ាឌូរ៉ូ។ ចលនាគាំទ្រខុសគ្នា ឬនិន្នាការ​មិនស្របគ្នានេះ ស្របតាមសុភាសិតថា “ណាស់ខាងណា ចិត្តបះទៅខាងណោះ” មានន័យថា អ្នកគាំទ្របក្សកាន់អំណាច ឬស្រលាញ់សម្តេចនាយករដ្ឋមន្ត្រី ហ‘នុ សែន ក៏នាំគ្នាកាន់ជើងលោកម៉ាឌូរ៉ូ និងរុញសម្អប់ស្រោចទៅលើលោកហ្គាយដូ។

ទស្សនៈប្រជាពលរដ្ឋខ្មែរ ដែលមាន “និន្នាការឆ្លងទ្វីប” នេះ មិនខុសច្បាប់អ្វីទេ ប៉ុន្តែយើងគួរពិចារណាដែរថា តើរវាង “សម្តេចហ៊ុន សែន និងលោកម៉ាឌូរ៉ូ ដូចគ្នាឬយ៉ាងណា?” បើតាមដានឱ្យល្អិតល្អន់ មេដឹកនាំកម្ពុជា និងវេណេហ្ស៊ុយអេឡា “មិនដូចគ្នាទេ” ព្រោះសម្តេចហ៊ុន សែន កាន់អំណាចតាំងពីឆ្នាំ១៩៨៥ កើតកាលវាលគុម្ព លេចចេញសមិទ្ធិនានាច្រើនណាស់ ផ្ទុយពីលោកម៉ាឌូរ៉ូ ឡើងកាន់អំណាចពីឆ្នាំ២០១៣ គ្មានឃើញសមិទ្ធិអ្វីជាដុំកំភួន បែរជាមានមាសរាប់តោនផ្ញើនៅ​អង់​គ្លេស។ បើឃើញចន្លោះប្រហោងនៃអំពើពុករលួយបែបនេះ ស្រាប់តែនាំគ្នាគាំទ្រលោកម៉ាឌូរ៉ូ អាចនឹងខកចិត្តដូចករណីប្រទេសម៉ាឡេស៊ី ទៀត។ កាលនោះ អ្នកគាំទ្រ CPP កាន់ជើងលោកណាជីប រ៉ាហ្សាក់ ដោយមិនខ្វល់ពីអំពើពុករលួយ ដែលនាយករដ្ឋមន្ត្រីនេះបានប្រព្រឹត្ត។ លុះលោកមហាធៀរ មហាម៉េដ ជាប់ឆ្នោតឡើងធ្វើនាយករដ្ឋមន្ត្រីជាថ្មី ខណៈដែលលោកណាជីប រ៉ាហ្សាក់ ត្រូវតុលាការកោះហៅជំនុំជម្រះពីបទប្រព្រឹត្តអំពើពុករលួយ ទើបអ្នកកាន់ជើងលោកណាជីប រ៉ាហ្សាក់ លែងហើបមាត់ទៅ។ ឥឡូវមុននឹងកាន់ជើងលោកម៉ាឌូរ៉ូ គួរឃ្លាំមើលដែរ ក្រែងខកចិត្តដូចករណីនៅប្រទេសម៉ាឡេស៊ី ទៀត។

នៅក្នុងរឿង “ម្តាយទំរើសកូន” បានតំណាលពីស្ត្រីអភិជនម្នាក់ បានជួលទាសីម្នាក់ឱ្យមកមើលថែទាំកូនតូច ដែលមានអាយុ៣ឆ្នាំ។ យប់មួយ ពេលមានព្រះចន្ទពេញវង់ នាងទាសីស្រីបម្រើនោះ បានយកទឹក១ផ្តិល ទៅដាក់មុខផ្ទះ ឱ្យស្រមោលព្រះចន្ទចាំងចូលក្នុងទឹកផ្តិល ដើម្បីឱ្យកូនតូចនោះមើលលេង ដឹងអី! ស្រាប់តែកុមារនោះ យំទ្រហីត ទារឱ្យចាប់ព្រះចន្ទក្នុងទឹកនោះឱ្យវា។ នៅពេលឮកូនយំ ស្ត្រីជាម្តាយក៏ស្តីបន្ទោសទាសីថា “អ្ងែងកុំធ្វើឱ្យកូនអញយំ បើវាទារអី យកឱ្យវាទៅ” ទាសី ក៏ឆ្លើយថា “ខ្ញុំមិនដឹងធ្វើម៉េចយកឱ្យវាបានទេ ទោះជាយំដល់បែកបំពង់ក ក៏ដោយចុះ”។ ចៅហ្វាយស្រីនោះ ខឹងខ្លាំងណាស់ ក៏ស្តីបណ្តេញទាសីឱ្យចេញទាំងយប់ លុះបុរសជាស្វាមីមកដល់ សួររកដើមហេតុពីរឿងកូនយំ ទើបដឹងពីរឿងកូនចង់បាន ព្រះចន្ទក្នុងទឹកផ្តិល បណ្តាលឱ្យស្ត្រីជាភរិយាខ្មាសអៀន ព្រោះតែខ្លួន “កាន់ជើងកូនមិនរកហេតុផល” ក៏សុំទោសទាសី។ យ៉ាងណាមិញ និន្នាការឆ្លងទ្វីប មុននឹងយើងកាន់ជើងអ្នកនយោបាយអន្តរជាតិ នៅរំលងទ្វីបនោះ គួរតែពិចារណាដែរ ទោះជាយើង “គ្មានសិទ្ធិលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់គេ” ក៏អាចស្រាវជ្រាវដឹងថា ទំនាស់នយោបាយ ជា “កំហុសអ្នកណា?” ពោលគឺ វេណេហ្ស៊ុយអេឡា ជាប្រទេសសម្បូរប្រេង ជាប់ចំណាត់ថ្នាក់អន្តរជាតិ ហេតុអ្វីជីវភាពប្រជាពលរដ្ឋដុនដាប? ពេលប្រជាពលរដ្ឋរស់វេទនា ហេតុអ្វីមេដឹកនាំមានមាសរាប់តោនផ្ញើនៅក្រៅប្រទេស?

សរុបទៅ “និន្នាការឆ្លងទ្វីប” ចង់បង្ហាញថា ប្រជាពលដ្ឋខ្មែរសម័យនេះ ទាស់គ្នារឿងនយោបាយប្រទេសខ្លួន មិនអស់ចិត្ត ក៏នាំគ្នាតាមដានវិភាគ បញ្ចោញទស្សនៈរឿងទំនាស់នៅប្រទេសវេណេហ្ស៊ុយអេឡា ឯណោះទៀត។ និន្នាការដែលចេញទៅក្រៅនេះ ចេះតែកាន់ជើងម្ខាងៗ ឬ “ណាស់ខាងណា បះទៅខាងណោះ” មិនសិក្សាស្រាវជ្រាវឱ្យច្បាស់លាស់ពីមូលហេតុ ដែលនាំឱ្យមានទំនាស់។ គ្មានច្បាប់ឯណាឃាត់ឃាំងអ្នកបញ្ចោញទស្សនៈ ឬវិភាគព្រឹត្តិការណ៍អន្តរជាតិនោះទេ តែបើបានជាវិភាគ គួរផ្តល់យុត្តិធម៌ដែរ ដូចយើងបញ្ជាក់ហើយថា “សម្តេចហ៊ុន សែន កើតកាលវាលគុម្ព” លេចចេញសាលារៀន ស្ពាន ថ្នល់ សមិទ្ធផលនានា ដូចផ្សិត មិនដូចលោកម៉ាឌូរ៉ូ នោះទេ គាត់កាន់អំណាច៥ឆ្នាំ សល់មាសរាប់តោន តើជាមាសរបស់ជាតិ ឬរបស់បុគ្គល?…៕