Man City ផ្តួល Chelsea លើកពានរង្វាន់ខារ៉ាបាវខាប់

0
76

មេឃខៀវ Man City ដែលកំពុងប្រជែងជាមួយហង្សក្រហម Liverpool ក្នុងដណ្តើមយកពានអង់គ្លេសប្រឺមីញេលីក បានលើកពានរង្វាន់ធំ លំដាប់ទី៣ ប្រកខណ្ឌអង់គ្លេសលីកខាប់ ឬខារ៉ាបាវ ក្រោយពីផ្តួលក្លឹបតោខៀវ Chelsea កាត់សេចក្តីដោយការស៊ុតបាល់ប៉េណាល់ទី ឈ្នះ ៤-៣ នៅពហុកីឡដ្ឋាន Wembley កាលពីរាត្រីថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។

នេះគឺជាការលើកពានរង្វាន់អង់គ្លេសលីកខាប់ ឬខារ៉ាបាវខាប់ ២ឆ្នាំជាប់ៗគ្នា របស់មេឃខៀវ Man City។ ក្លឹប Man City ឈរចំណាត់ថ្នាក់លេខ២ នៃពានរង្វាន់ដ៏ធំមួយនេះ បន្ទាប់ពីហង្សក្រហម Liverppol។ ក្លឹបនេះជាប់ពានរង្វាន់អង់គ្លេសលីកខាប់ ចំនួន៦លើក គឺនៅឆ្នាំ១៩៧០, ១៩៧៦, ២០១៤, ២០១៦, ២០១៨, ២០១៩ និងរងជើងឯកម្តង កាលពីឆ្នាំ១៩៧៤។ 

នៅក្នុងដំណើរការប្រកួត១២០នាទី (បន្ថែមម៉ោង១៥នាទីពីរដង)ក្រុមទាំង២បានបញ្ចប់ដោយលទ្ធផល ០-០ ធ្វើឱ្យការប្រកួតឈានទៅដល់ការកាត់សេចក្តីស៊ុតបាល់ប៉េណាល់ទី។ ការស៊ុតបាល់ប៉េណាល់ទី ក្លឹបមេឃខៀវ Man City បានយកឈ្នះតោខៀវ Chelsea ដោយលទ្ធផល៤-៣  ការពារតំណែងជើងឯកអង់គ្លេសលីកខាប់ ឬខារ៉ាបាវខាប់ បានដោយជោគជ័យ។

ក្នុងចំណោមកីឡាករទាំង៥នាក់របស់ក្លឹប Man City គឺកីឡាករ Ilkay Gundogan, Sergio Aguero, Bernardo Silva និង Sterling មានតែ Sane ម្នាក់គត់ ដែលស៊ុតមិនចូល ខណៈក្លឹបតោខៀវ Chelsea មានកីឡាករដល់ទៅ២រូប គឺ Jorginho និង David Luiz ស៊ុតមិនចូល។

នេះគឺជាការឈ្នះពានអង់គ្លេសលីកខាប់  ឬខារ៉ាបាវខាប់ លើកទី៦ហើយ របស់ Man City ឈរលំដាប់លេខ២ ខណៈ Liverpool ឈ្នះច្រើនជាងគេ គឺរហូតទៅដល់៨ដង ក្នុងប្រវត្តិពានរង្វាន់ធំទី៣ របស់អង់គ្លេស៕