ឆាយ វីរៈយុទ្ធ លែងរំពឹងអាជីពសិល្បៈទៀតហើយ?

0
339

ឆាយ វីរៈយុទ្ធ ដែលជាតារាចម្រៀងមានទឹកដមសំនៀងមិនធម្មតា គឺអាចច្រៀងបានទាំងសំឡេងទាប និងខ្ពស់បានយ៉ាងល្អ កម្រមានតារាណាអាចធ្វើបានដូចនោះ ពេលនេះហាក់ស្ងប់ស្ងាត់បន្តិច គឺមិនសូវមានបទចម្រៀងល្បីខ្លាំងដូចមុនទៀតទេ ទើបធ្វើឱ្យលោកឆោម នៅតែពិបាកប្រជែងជាមួយលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត ដដែល បើទោះជា វីរៈយុទ្ធ មានប្រពន្ធអ្នកនាងសែ ចាន់ឌី ជាអ្នកនិពន្ធបទចម្រៀងឱ្យច្រៀងក្តី។

អ្នកដឹកនាំប្រគំតន្ត្រីល្បីឈ្មោះម្នាក់ បានឱ្យដឹងថា អំឡុងពេលដែលលោកឆោម ស្ងាត់បន្តិចនេះ តារាចម្រៀងវ័យក្មេងរបស់សាន់ដេ នាយចឺម បែរជាប្រជែងគ្នាកាន់តែខ្លាំងក្លាជាងមុនទៅទៀត ហេតុនេះហើយបានជាមានការលើកឡើងថា វីរៈយុទ្ធ ប្រាកដជាពិបាកទប់ទល់ជាមួយសិស្សប្អូនទាំង2 ជាមិនខានឡើយ។

ទោះជាយ៉ាងណា តារារួមអាជីពបានឱ្យដឹងថា ឆាយ វីរៈយុទ្ធ ពេលនេះមិនដូចពីមុនទេ ព្រោះលោកមិនពឹងលើអាជីពចម្រៀងទាំងស្រុងទៀតឡើយ តាំងពីក្លាយទៅជាកូនប្រសាអ្នកជំនួញធំ លោកហាក់ សែ មក ពេលនេះ លោកយុទ្ធ ផ្តោតទៅលើការរកស៊ីអចលនទ្រព្យ បន្ថែមពីលើការច្រៀងរាំ ហើយអ្នកណាៗក៏បានដឹងថា ភរិយារបស់លោក ជាកូនសេដ្ឋី អ៊ីចឹងទោះជាលោកយុទ្ធ មិនបាច់ច្រៀងក៏ចាយមិនចេះអស់ឡើយ។

ឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ បានក្លាយទៅជាតារាស្ថិតក្នុងចំណោមអ្នកមានទ្រព្យ ពេលដែលរៀបការជាមួយកូនសេដ្ឋី ហាក់ សែ អ្នកនាងសែ ចាន់ឌី កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ2017 ដោយពេលនេះ អ្នកនាងចាន់ឌី មិនទាន់ពពោះកូនលើកដំបូងឡើយ។ ការរៀបការជាចំហរបស់ឆាយ វីរៈយុទ្ធ នោះ ធ្វើឱ្យដំណឹងថា លោកមានប្រពន្ធ និងកូន2ត្រូវបានស្ងាត់បន្តិចទៅវិញហើយ ពេលនេះ តារាចម្រៀងសាន់ដេ កំពុងរស់នៅយ៉ាងហ៊ឺហាជាមួយកូន អ្នកជំនួញធំក្រុងកំពង់ចាម។

អ្នកសិល្បៈរួមអាជីព បានលើកឡើងថា ទោះជាពេលនេះ លោកឆោម មិនសូវមានបទល្បីខ្លាំងដូចមុនក្តី តែមានភរិយាជាអ្នកនិពន្ធក្នុងដៃជាខ្នងបង្អែកបែបនេះ អាចនឹងហក់ឡើងវិញពេលណាក៏បានដែរ ព្រោះថាតាំងពី ខេមរៈ សិរីមន្ត ចេញពីសាន់ដេ ចូលហង្សមាស នោះ លោកឆោម ដែលក្រាញមិនទៅហង្សមាស នោះ សុខចិត្តធ្វើស្តេចត្រាញ់នៅសាន់ដេ៕