Saturday, April 27, 2024
Homeព័ត៌មានជាតិសង្វេគខ្លាំងណាស់!!! ឱបសពប្រពន្ធជាប់ដើមទ្រូង យំផង ស្តីបន្ទោសខ្លួនឯងផង

សង្វេគខ្លាំងណាស់!!! ឱបសពប្រពន្ធជាប់ដើមទ្រូង យំផង ស្តីបន្ទោសខ្លួនឯងផង

ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធ២នាក់ ទើបនឹងរៀបការជាមួយគ្នាបាន៥ខែ បានជិះម៉ូតូដឹកគ្នា បុរសជាប្តីបើកវ៉ាជែងរថយន្ត បណ្តាលឱ្យដួលម៉ូតូខ្ទាតប្រពន្ធចូលក្រោមកង់រថយន្ត កិនបែកក្បាលស្លាប់យ៉ាងរន្ធត់ ចំណែកបុរសជាប្តីខ្ទាតចេញក្រៅ រងរបួសស្រាល។ ហេតុការណ៍គួរឱ្យសង្វេគនេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខកាស៊ីណូ ហ្គ្រែន ដាយមិន ស៊ីធី ចំណុចផ្លូវអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ស្ត្រីរងគ្រោះមានឈ្មោះឆាយ គឹមណេង អាយុ២៤ឆ្នាំ។ ចំណែកបុរសជាប្តី ដែលទទួលរងរបួសស្រាល មានឈ្មោះសរ រាត្រី អាយុ២៨ឆ្នាំ។ ប្តីប្រពន្ធអ្នកទាំងពីរ ទើបនឹងរៀបការថ្មីថ្មោងបានរយៈពេលប្រមាណ៥ខែប៉ុណ្ណោះ និងមានលំនៅសង្កាត់កំពេញ ខណ្ឌស្ទឹងហាវ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បច្ចុប្បន្នមកស្នាក់នៅបណ្តោះអាសន្នជាមួយបងប្អូននៅចំណុចដើមស្រល់ ស្ថិតក្នុងក្រុងប៉ោយប៉ែត។ ចំណែកថេយន្តបង្ក ពាក់ស្លាកលេខ Thailand 7I-5551 បើកបរដោយបុរសជាជនជាតិថៃ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា Spacy I ពណ៌ក្រហមខ្មៅ គ្មានពាក់ស្លាកលេខ  ដឹកគ្នាបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ព្យាយាមវ៉ាវែងរថយន្តសណ្តោងដឹកទំនិញរបស់ថៃ ពាក់ស្លាកលេខ Thailand 7I-5383 ប៉ុន្តែវ៉ាមិនទាន់ផុតផង ក៏ស្រាប់តែរេចង្កូតដួល ធ្វើឱ្យស្ត្រីរងគ្រោះជាប្រពន្ធខ្ទាតចូលក្រោម ស៊ឺមីរ៉ឺម៉ករថយន្តធុនធំ ពាក់ស្លាកលេខ Thailand 7I-5551 ដែលបើកក្នុងទិសដៅស្របគ្នាពីលិចទៅកើត បណ្តាលឱ្យកិនស្ត្រីរងគ្រោះជាប្រពន្ធចំក្បាល បែកក្បាលស្លាប់ រីឯបុរសជាប្តីខ្ទាតចេញក្រៅ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តធុនធំខាងលើ បានចុះរត់គេចបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ ចំណែកបុរសជាប្តីដែលទទួលរងរបួសស្រាល បានស្ទុះទៅត្រកងបីសពប្រពន្ធឱបជាប់នឹងដើមទ្រូង រួចស្រែកទ្រហោយំសោកយ៉ាងខ្លាំង និងចេះតែនិយាយបន្ទោសខ្លួនឯង ថាជាអ្នកបង្កឱ្យប្រពន្ធត្រូវបាត់បង់ជីវិត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើការវាស់វែងនៅទីតាំងកើតហេតុ រួចអូសយកម៉ូតូ និងរថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។ ដោយឡែក សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យបុរសជាប្តីដឹកទៅតម្កល់ទុកនៅវត្តបាលិលេយ្យ សិន ដើម្បីរៀបចំដឹកបន្តទៅកាន់ស្រុកកំណើតឯខេត្តព្រះសីហនុ រៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES