ឃើញឱក សុគន្ធកញ្ញា រៀបការធំ មេបក្សមួយថា សំខាន់រួមរស់ចុះសម្រុងគ្នា ឬអត់?

0
434

ភ្នំពេញ ៖ បន្ទាប់ពីឃើញតារាចម្រៀងដ៏ល្បីល្បាញក្នុងស្រទាប់យុវវ័យ ឱក សុគន្ធកញ្ញា ធ្វើពិធីរៀបការធំគគ្រឹកគគ្រង ចំណាយលុយអស់រាប់សិបម៉ឺនដុល្លារ រហូតដល់មានការអញ្ជើញចូលរួមជាកិត្តិយសដ៏ធំធេងពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ទុយពីនារីក្រីក្រខ្លះមិនបានទាំងរៀបការ ឬបានត្រឹមសែនតូចតាចនោះ លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង្ស ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី បានលើកឡើងថា រៀបការធំមិនសំខាន់ទេ សំខាន់គឺពេលរួមរស់ចុះសម្រុងគ្នាឬអត់?

លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង្

លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង្ស បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក អមជាមួយរូបភាពកំលោះក្រមុំមួយគូក្រីក្រ បានត្រឹមតែក្រាបសំពះនៅលើខ្នើយបង្គ្រប់កិច្ចជាប្តីប្រពន្ធ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ថា “មេរៀនជីវិត ៣ចំណុច ៖

១-មិនសំខាន់លើរៀនច្រើនប៉ុនណា សំខាន់លើការយល់បានច្រើនប៉ុនណា ហើយយកចំណេះមកប្រើលើមាគ៌ាណា ប្រើចំណេះចម្រាញ់ផលល្អដល់ប្រទេសជាតិបានកម្រិតណា។

២-មិនសំខាន់ថាមានលុយ មានអំណាច មុខមាត់ប៉ុនណាទេ សំខាន់ពេលរស់ គេគោរពប៉ុនណា ពេលស្លាប់មានលទ្ធភាពឱ្យឈ្មោះជាប់ក្នុងប្រវត្តិសាស្ត្រ “ល្អ” បានយូរប៉ុនណា។

៣-ក្នុងជីវិតស្នេហា មិនសំខាន់ពិធីមង្គលការអធិកអធមធំប៉ុនណាទេ សំខាន់រស់នៅជាមួយគ្នាមានក្តីសុខប៉ុនណា ចេះអត់ឱនអត់ធ្មត់អធ្យាស្រ័យគ្នាបានប៉ុនណា។ មិនមែនសំខាន់លើមង្គលការមានភ្ញៀវចូលរួមច្រើនទេ ព្រោះវាសំខាន់ពេលរស់នៅជាមួយគ្នាតែ២នាក់ ចុះសម្រុងឬអត់”។

លោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានសរសេរខ្លីនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ថា “អាពាហ៍ពិពាហ៍ជាប្រពៃណី មិនមែនជាពិធីបង្អួតគ្នាឡើយ”។

ចំណែកគណនីហ្វេសប៊ុកឈ្មោះ “Caption” នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បានយករូបភាពមង្គលការរបស់ឱក សុគន្ធកញ្ញា មកប្រៀបធៀបនឹងរូបភាពមង្គលការរបស់កូនកំលោះក្រមុំក្រីក្រមួយគូ ដែលបានត្រឹមសំពះផ្ទឹមលើខ្នើយ នៅលើគ្រែមុខខ្ទមស្លឹកដ៏រខេករខាក ជាមួយសំណេរថា “កើតមកនៅផែនដីដូចគ្នា បរិភោគអាហារ៣ពេលដូចគ្នា មានពេលសម្រាកដូចគ្នា តែពួកគាត់មានវាសនាខុសគ្នា”។

អ្នកស្រីរស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១ ៩ ថា វាមិនសំខាន់រឿងរៀបការធំដុំទេ ពីព្រោះនៅក្នុងច្បាប់នៅប្រទេសកម្ពុជា ក៏បានចែងដែរ ដោយមិនបានគិតថា ជីវិតប្តីប្រពន្ធពាក់ព័ន្ធរឿងការរៀបចំអាពាហ៍ពិពាហ៍តាមប្រពៃណីទេ នៅក្នុងច្បាប់ គឺនៅពេលដែលបុរស និងស្ត្រីនោះ បានចុះអេតាស៊ីវិលនឹងគ្នារួចហើយ នឹងក្លាយជាប្តីប្រពន្ធនឹងគ្នារួចហើយ។ ដូច្នេះ ការរៀបការគ្រាន់តែជាកម្មវិធីប្រកូកប្រកាសដល់បងប្អូនញាតិមិត្តទាំងសងខាង បានន័យថា ទោះបីមិនរៀបការក៏ហៅថា ជាប្តីប្រពន្ធបានដែរ បើសិនជាទៅចុះអេតាស៊ីវិល ឬមិនចុះអេតាស៊ីវិល តែភាគីទាំង២ បានបញ្ជាក់ប្រាប់ទៅសង្គមថា ជាប្តីប្រពន្ធនឹងគ្នា។

អ្នកស្រីរស់ សុភាព បានមានប្រសាសន៍ថា “យើងក៏ឃើញដែរថា ពិធីមង្គលការធំៗ ដែលរៀបចំឡើងនៅប្រទេសកម្ពុជាហ្នឹង ពេលខ្លះ យើងនឹកស្មានមិនដល់ទៅលើការចំណាយ សូម្បីតែផ្កាស្រស់ដែលគេចំណាយហ្នឹង គឺវាច្រើនលើសលប់ ដែលធ្វើឱ្យអ្នកដែលខ្សត់ខ្សោយមួយចំនួនធំនៅប្រទេសកម្ពុជា ដែលមានភាគរយច្រើននោះ មួយជីវិតរបស់គាត់ស្ទើរតែរកលុយសម្រាប់ចេញថ្លៃផ្កាហ្នឹងមិនបានផង កុំថាឡើយ រហូតទៅដល់ម្ហូបអាហារ ដែលគេយកមកទទួលភ្ញៀវនៅក្នុងពិធីហ្នឹង ឬក៏ការថតរូប ក៏ចំណាយខ្លាំងដែរ។ ខ្ញុំមិនទិតៀនទៅលើកម្មវិធីដែលប្រពៃណីបានរៀបចំឡើងទេ ខ្ញុំក៏លើកស្ទូយទៅលើប្រពៃណីដែរ ប៉ុន្តែបើសិនជាយើងធ្វើហួសហេតុពេកនោះ ក៏វាមិនប្រាកដថា សុភមង្គល វានឹងផ្តល់ឱ្យបុរសនិងស្ត្រីហ្នឹងអាចទៅរកផ្លូវមួយដែរ ហើយខ្ញុំឃើញថា កម្មវិធីមង្គលការនីមួយៗហ្នឹង ភាគច្រើនៗបង្ហាញទៅលើមុខមាត់របស់គ្រួសារ ក៏ដូចជាញាតិមិត្តរបស់ឪពុកម្តាយទៅវិញ…”។

អ្នកស្រីរស់ សុភាព បន្តថា “បើរស់នៅមិនចុះសម្រុងនឹងគ្នា ការបានរៀបការធំ ពិតជាពិបាកនឹងនិយាយដែរ ដោយសារថា ការរៀបការធំក៏ដោយ តូចក៏ដោយ បើយើងមិនចេះទៅ វាគ្មានន័យអីទេ សំខាន់យើងត្រូវធ្វើម៉េចឱ្យខ្លួនយើងហ្នឹងជាអ្នកទទួលខុសត្រូវដោយខ្លួនឯងនៅក្នុងជីវភាពរស់នៅ ទាំងប្តីនិងប្រពន្ធ។ ត្រង់ចំណុចនេះ ចំពោះប្តីប្រពន្ធខ្លះ ខ្ញុំមិនសំដៅថា ទាល់តែបានសែនព្រេនអីទេ ប៉ុន្តែអ្វីដែលខ្ញុំកោតសរសើរ គឺត្រង់ថា ទាំងប្តី ទាំងប្រពន្ធ ដែលគាត់អាចរស់នៅដោយមានឯករាជ្យភាព ដោយមិនមានរណបសេដ្ឋកិច្ចរបស់អ្នកណា អាហ្នឹងវាជាកត្តាសំខាន់បំផុត ដែលធ្វើឱ្យគាត់អាចដឹកចង្កូតនៅក្នុងគ្រួសាររបស់គាត់ ទៅរកសេចក្តីត្រូវមួយ ដែលគាត់ចង់បាន”។

អ្នកស្រីរស់ សុភាព បន្ថែមថា “ចំពោះមង្គលការធំរបស់តារាចម្រៀងឱក សុគន្ធកញ្ញា ខ្ញុំមិនហ៊ានថាអ្វីដែលគាត់ធ្វើនោះ វាយ៉ាងម៉េចទេ ប៉ុន្តែគ្រាន់តែថា វាបង្ហាញនូវភាពលើសលប់ សម្រាប់ជីវភាពប្រជាពលរដ្ឋយើង ដែលភាគច្រើន ជាង៣០ភាគរយ ដែលរស់នៅក្រោមបន្ទាត់ក្រីក្រ ហើយនិងអ្នកនៅលើបន្ទាត់ក្រីក្រហ្នឹងតិចបំផុត។ អ៊ីចឹងវាអាចអ្នកមានហ្នឹង វាមានចំនួនតិចណាស់ ហើយអ៊ីចឹងទៅ វាស្តែងនូវរូបភាពមួយវាធ្វើឱ្យអ្នកក្រហ្នឹង គាត់មានការបាក់ទឹកចិត្តចំពោះជីវភាពរស់នៅរបស់គាត់ គឺគាត់ថា ស្ទើរតែមួយជីវិត ម្ហូបមួយចានលើតុហ្នឹង គាត់មិនដែលបានភ្លក្សរសជាតិ ឬក៏ស្អីអ៊ីចឹង ហើយខ្ញុំឃើញមាន Comment ច្រើនទៅលើហ្នឹង ហើយខ្ញុំក៏មិនហ៊ានមានយោបល់អីដែរ មិនហ៊ានបញ្ចោញមតិទេ ហើយខ្ញុំមានការកោតសរសើរអ្នកដែលបញ្ចោញមតិហ្នឹងដែរ ដែលគាត់ហ៊ានបញ្ចោញមតិ ដើម្បីបង្ហាញថា ឱ្យយើងអាចរៀនសូត្រពីគ្នាទៅវិញទៅមក ថាដល់ពេល ហើយនៅដែលយើងត្រូវបង្ហាញបែបហ្នឹង? ហើយយើងពេញចិត្តអត់ ក្នុងការបង្ហាញបែបហ្នឹង ទៅលើប្រជាពលរដ្ឋដែលកំពុងតែក្រីក្រ? ហើយប្រទេសយើង ដែលកំពុងតែមានការលំបាករស់នៅរបស់ប្រជាពលរដ្ឋ បូកផ្សំទាំងសុខភាព និងការអប់រំ។ និយាយទៅ អាពាហ៍ពិពាហ៍ មិនមែនមានន័យថា យើងបង្ហាញអាហ្នឹងទេ ហើយអាពាហ៍ពិពាហ៍ប៉ុណ្ណឹង អាចថា គាត់ក៏នៅខឹងគ្នា ឈ្លោះគ្នាដូចតែគ្នាហ្នឹង ប៉ុន្តែសំខាន់ តើគាត់រស់នៅជាមួយគ្នាបានប៉ុន្មាន រហូតដល់ចាស់ស្លាប់នោះ គឺជាផ្លូវដែលយើងចង់បាន ឬក៏ការបែកបាក់គ្នា នៅក្នុងកម្រិតមួយ ដែលយើងមិនប្រើអំពើហិង្សា។ លើសពីនេះ អ្វីដែលសំខាន់សម្រាប់ស្ត្រី នៅពេលដែលរៀបការរួចហើយនោះ គឺមិនមានការលូកដៃ ឬមិនមានការជ្រៀតជ្រែកពីបងប្អូនទាំងសងខាង ឬក៏មិនមានរណបសេដ្ឋកិច្ចរបស់ឪពុកម្តាយ ឬក៏បងប្អូន ហើយអ្នកទាំង២ យល់ពីគ្នាទៅវិញទៅមក ហើយចេះដោះស្រាយបញ្ហារួមគ្នា ដោយការគោរពគ្នាទៅវិញទៅមក ដោយមិនក្បត់គ្នា ហើយស្មោះត្រង់នឹងគ្នា ហើយស្គាល់អំពីតួនាទីរបស់ខ្លួនថា ខ្លួនហ្នឹងជាអ្នកណា? ហើយនិងធ្វើអី?”។

ជាមួយគ្នានោះដែរ អ្នកស្រីស៊ុំ សាម៉ីន នាយិកាអង្គការអភិវឌ្ឍស្ត្រីក្រីក្រក្នុងទីក្រុង បានបញ្ជាក់ថា ទាក់ទងអាពាហ៍ពិពាហ៍ ក្នុងនាមជាជនជាតិខ្មែរ នៅតែគោរពប្រពៃណីអ៊ីចឹង ក៏ប៉ុន្តែវាមិនផ្អែកទៅលើការដែលរៀបចំពិធីធំដុំនោះទេ ឱ្យតែពួកគាត់មានការគោរព ក្រាបក្បាលដល់កន្ទេលចំពោះមាតាបិតាទាំងសងខាងនោះ គឺជាការចាក់ឫសស្រេចសម្រាប់សុភមង្គលពួកគាត់ ហើយជាពិសេស អ្នកទាំង២យល់ចិត្តគ្នា ស្រលាញ់គ្នា មានការទទួលខុសត្រូវលើគ្នាទៅវិញទៅមក និងត្រូវមានការយល់ដឹងទៅលើច្បាប់ស្តីពីអាពាហ៍ពិពាហ៍ផងដែរ។

អ្នកស្រី ស៊ុំ សាម៉ីន បានមានប្រសាសន៍ថា “អ៊ីចឹងការរៀបអាពាហ៍ពិពាហ៍ វាមិនមែនស្ថិតទៅលើលុយ ដើម្បីរៀបអាពាហ៍ពិពាហ៍ធំនោះទេ គឺអ្វីដែលជាអារម្មណ៍របស់ខ្ញុំ គ្រាន់តែថា ជាពិធីមួយជួបជុំគ្នា ដោយសារគេអ្នកមានលុយ គេធ្វើធំទៅ គេបង្អួតគ្នាទៅវិញទៅមក អីអ៊ីចឹងទៅ គេមានមិត្តភក្តិគេអីអ៊ីចឹងទៅ ក៏គេអួតគ្នាទៅវិញទៅមក អាហ្នឹងមិនជាសំខាន់អីទេ…. បែរមកនៅក្នុងសហគមន៍ដែលខ្ញុំធ្វើការនេះ ពួកគាត់មិនសូវចាប់អារម្មណ៍អីទាក់ទងទៅនឹងរឿងអាពាហ៍ពិពាហ៍ហ្នឹង ឃើញគេធ្វើកម្មវិធីធំហ្នឹង វាជាការរំខានអារម្មណ៍របស់គាត់ទេ ព្រោះគាត់ភាគច្រើនរៀបការតាមប្រពៃណីដែរ សមសួនរបស់គាត់ ទៅតាមលទ្ធភាពរបស់គាត់មួយគួរសម ជួនណាទៅ មានស្ត្រីខ្លះក្រីក្របានស្រលាញ់គ្នា គ្រាន់តែសែនព្រេន ហើយគាត់អាចទៅចុះអេតាស៊ីវិល នៅសង្កាត់ ខណ្ឌ ភូមិ ឃុំ អីអ៊ីចឹង”។

អ្នកស្រីស៊ុំ សាម៉ីន បន្តថា “ភាគច្រើន គឺគាត់ការធំទៅ ជួនណាមិនអាចជួបគ្នាហើយ ខ្ញុំគិតថា អាពាហ៍ពិពាហ៍ដែលយើងរៀបចំដោយធំពេកហ្នឹង គឺហាក់បីដូចជាយើងអួតគ្នាទេ ហើយបើយើងប្រៀបនឹងប្រទេសគេ ជនជាតិគេផ្សេង មានតែខ្មែរយើងទេ ដែលធ្វើអាពាហ៍ពិពាហ៍ ហ្នឹងវាខុសពីជនជនជាតិគេ។ អ្នកនៅអូស្ត្រាលីអី គេការបួនដប់ម្ភៃតុ គេញ៉ាំស្រាអីតិចតួច ហើយគេចូលវិហារទៅ ហើយគេស្រលាញ់គ្នាដល់ចាស់កោងខ្នងផង… ហើយក្មេងឥឡូវ ភាគច្រើន គឺគាត់មិនសូវបានជួបគ្នាដូចពីដើមទេ ជួនណាគាត់ការហើយអ៊ីចឹង បាន៧ខែ ឬកូនមួយ កូនពីរ គាត់បែកគ្នា…”៕