ម៉ែសង្ស័យក្នុងត្រពាំងទឹក ហៅអ្នកជិតខាងជួយរាវរក កូនស្លាប់ទៅហើយ

0
177

ខេត្តកំពង់ស្ពឺ ៖ ក្មេងប្រុសតូចម្នាក់ ឆ្លៀតពេលដែលម្តាយកំពុងជាប់ដៃធ្វើការងារផ្ទះភ្លេចខ្លួន ក៏ដើរតតេះតតះតែម្នាក់ឯង លុះគ្មានអ្នកចាប់អារម្មណ៍ ក្មេងប្រុសតូចក៏ដើរទៅលេងក្បែរមាត់ត្រពាំងទឹកខាងក្រោយផ្ទះ រួចក៏រអិលជើងធ្លាក់ចូលទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអធ័ម  កាលពីវេលាម៉ោង១០និង២៣នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចត្រពាំងទឹកខាងក្រោយផ្ទះ ស្ថិតក្នុងភូមិតានង់ ឃុំក្រាំងអំពិល ស្រុកសំរោងទង។

ក្មែងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះវណ្ណា រដ្ឋា អាយុ១៥ខែ មានម្តាយឈ្មោះសួន ស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិតានង់ ឃុំក្រាំងអំពិល ស្រកសំរោងទង។

តាមសម្តីស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ដោយសារតែនាងរវល់ធ្វើការងារក្នុងផ្ទះទើបបាន បណ្តោយឱ្យកូនប្រុសតូចដែលទើបនឹងចេះដើរតតេះតតះ ដើរលេងនៅក្រោមផ្ទះតែម្នាក់ឯង ដោយមិនដឹងថា កូនប្រុសបានដើរចុះដើរឡើងទៅដល់មាត់ត្រពាំងទឹកខាងក្រោយផ្ទះ រួចក៏ធ្លាក់ចូលទឹកដោយគ្មានអ្នកដឹងសោះ។ ចំណែកនាងក្រោយពីបង្ហើយការងាររួច ស្ងាត់មាត់កូនប្រុស ក៏ស្រែកហៅ ប៉ុន្តែមិនឮសំឡេងឆ្លើយតបសោះ ទើបដើររក ប៉ុន្តែមិនឃើញដដែល ទើបសង្ស័យថា កូនប្រុសធ្លាក់ចូលទឹក ក៏ហៅអ្នកជិតខាងឱ្យជួយចុះរាវរកក្នុងត្រពាំងទឹកត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមួយសន្ទុះក្រោយមក ក៏ប្រទះឃើញសាកសពកូនប្រុសក្នុងនោះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន។

សាកសពក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕