នាងកើតអីទៅ? ប្រជាពលរដ្ឋឃើញក៏រាយការណ៍ប្រាប់សមត្ថកិច្ចភ្លាម

0
755

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ស្ថិតក្នុងសភាពស្មារតីនិងអារម្មណ៍មិនប្រក្រតី មិននិយាយស្តីអ្វីទាំងអស់ ដៃជើងដងខ្លួនញ័រញាក់ទទ្រើកពេញផ្លូវ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ បង្កឱ្យមានការភ្ញាក់ផ្អើលីឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៩ នៅតាមផ្លូវបេតុង១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

នារីរូបស្រស់ខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណ២០ឆ្នាំ ស្លៀកខោយឺតជើងវែងពណ៌ខៀវ អាវយឺតដៃខ្លីពណ៌ប្រផេះ ព្រមទាំងមានស្ពាយកាបូប១ជាប់ខ្លួនទៀតផង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានប្រទះឃើញនារីខាងលើ មិនដឹងជាដើរមកពីណាទៅណានោះទេ តែមានសភាពស្មារតី និងអារម្មណ៍ហាក់មិនប្រក្រតីសោះ ចេះតែញ័រញាក់ដៃជើងពេញផ្លូវ ប៉ុន្តែមិនព្រមនិយាយស្តីអ្វីទាំងអស់ លុះឃើញសភាពមិនស្រួលខ្លាចដើរទៅមុខដល់កន្លែងស្ងាត់ប៉ះមនុស្សមិនល្អធ្វើបាប ទើបប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុនិងបាននាំនារីខាងលើ ទៅសំចតជាបណ្តោះអាសន្ននៅសាលាសង្កាត់ភ្នំពេញថ្មី ស្រាប់តែអាជ្ញាធរនិងសមត្ថកិច្ចភ្លេចខ្លួនតែបន្តិច នារីរូបនេះក៏បានរត់ចេញច្រើនលើកច្រើនសា ដោយរត់ឡើងកង់បីទាំងមិននិយាយស្តីអ្វីទាំងអស់។ ដោយខ្លាចកើតមានបញ្ហាគ្រោះថ្នាក់ដោយប្រកាណាមួយដល់រូបនាង ទើបកម្លាំងអាជ្ញាធរតាមឃាត់នារីរូបនោះនាំចូលទៅអង្គុយជាបណ្តោះអាសន្ននៅសាលាសង្កាត់អស់ជាច្រើនម៉ោង សាកសួរយ៉ាងម៉េចក៏នាងមិនឆ្លើយ។

លុះបន្តិចក្រោយមកយប់ជ្រៅបន្តិច ក៏ឮនារីខាងលើនិយាយថា ព្រែកទាៗ ទើបសមត្ថកិច្ចប្រញាប់ទាក់ទងទៅកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីពិនិត្យភិនភាគនិងស៊ើបសួររកលំនៅរបស់នាងដែរ តែរកមិនឃើញ ព្រោះយប់ទៅហើយ។ បន្ទាប់មក សមត្ថកិច្ចបានសម្រេចទាក់ទងទៅវិទ្យុអេប៊ីស៊ី ឱ្យមកទទួលយកនារីរូបនេះទៅស្នាក់នៅផ្តល់អាហារហូបចុក និងថែទាំបណ្តោះអាសន្ន ទម្រាំនាងដឹងស្មារតីឡើងវិញ ឬស្វែងរកសាច់ញាតិនាងឃើញឱ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ។

ជាមួយនេះដែរ អាជ្ញាធរបានអំពាវនាវដល់សាធារណជនដែលបានស្គាល់ ឬសាច់ញាតិ ក្រុមគ្រួសារ បានឃើញស្គាល់ភិនភាគនារីខាងលើ សូមសាកសួរនៅសាលាសង្កាត់ភ្នំពេញថ្មី ឬ វិទ្យុអេប៊ីស៊ី៕