សំណព្វចិត្តម៉ូលីកា លោកឆានុន សម្រេចចិត្តចូលសាងផ្នួស

0
454

តារាសម្ដែងរូបសង្ហា ត្រេមុខស្រដៀងតារាថៃ លោកហុង មានុន ហៅឆានុន បានលាសង្សារសំណព្វចិត្ត កញ្ញាម៉ូលីកា ទៅសាងផ្នួសនៅវត្តមួយ នៅខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ក្រោយកោរសក់អស់ពីក្បាល ហើយគ្រងចីវរ ក្លាយទៅជាលោកសង្ឃនោះ លោកឆានុន ត្រូវបានកញ្ញាម៉ូលីកា មិនហ៊ានឈរកៀកកើយដូចកាលមិនទាន់បួសទេ ហើយពីមុននាងធ្លាប់តែហៅឆានុន ថា ”បងសម្លាញ់ៗ” នោះ ពេលនេះប្រែជាហៅថា ”លោកបងៗ” វិញម្ដង។

ការសាងផ្នួសរបស់តារាសម្ដែងឆានុន នៅពេលនេះ ចំពេលដែលមុននេះមានព័ត៌មានថា ស្នេហាលោកជាមួយកញ្ញាម៉ូលីកា ជួបភាពរង្គោះរង្គើ ប៉ុន្តែពួកគេទើបបានផ្សះផ្សាស្នេហ៍ដូចដើមកាលពីពេលថ្មីៗនេះ ស្រាប់តែឥឡូវលោកឆានុន ទៅសាងផ្នួសចោលម៉ូលីកា ទៅវិញ ទើបធ្វើឲ្យមានការសង្ស័យថា តារាសម្ដែងរូបនេះទៅសាងផ្នួសអស់មួយជីវិត ដោយលែងចង់រវីរវល់នឹងរឿងស្នេហាទៀតហើយ។

កញ្ញាម៉ូលីកា និយាយយ៉ាងខ្លីថា លោកឆានុន ពិតជាបានសាងផ្នួសកាលពីព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា នេះមែន ប៉ុន្តែមិនមែនបួសដោយសាររឿងស្នេហាខកបំណង ឬបួសមិនសឹកវិញនោះទេ គឺបួសដើម្បីសងគុណម្ដាយ ហើយមានរយៈពេលខ្លីប៉ុណ្ណោះ។

ម៉ូលីកា បញ្ជាក់ថា ”អូ! គាត់បួសមែនតើ នៅព្រឹកមិញ (១១កញ្ញា) ហ្នឹង។ មិនមែនគាត់បួសរហូតទេ គឺបួសរយៈពេលតែ៣ថ្ងៃហ្នឹង ហើយនឹងលាចាកសិក្ខាបទវិញ នៅថ្ងៃទី១៣ ខែកញ្ញា ខាងមុខនេះវិញហើយ។ លោកបងឆានុន គាត់បួសហ្នឹង គឺដើម្បីសងគុណម្ដាយ មិនពាក់ព័ន្ធរឿងអ្វីផ្សេងៗទាំងអស់”។

តារាសម្ដែងឆានុន បានលេចមុខថតភាពយន្ដឲ្យផលិតកម្មមួយចំនួន ហើយក៏បានធ្លាក់ក្នុងអន្លង់ស្នេហ៍អតីតតារាចម្រៀងផលិតកម្ម Rock កញ្ញាម៉ូលីកា រយៈពេលជាង៣ឆ្នាំមកហើយ ដែលអ្នកទាំងពីរធ្លាប់មានប្រវត្តិតស៊ូកម្សត់ជាមួយគ្នាជាច្រើនទៀតផង ដូចជាមានទុកត្រឹមតែ៣០០ដុល្លារ ផ្ដើមរកស៊ីលក់ជើងមាន់តាម Online ហើយលោកឆានុន ជាអ្នកដឹកអីវ៉ាន់តាមម៉ូតូយកឲ្យភ្ញៀវ។ ប៉ុន្ដែការព្យាយាមរបស់ពួកគេមិនឥតប្រយោជន៍ឡើយ ព្រោះនៅទីបំផុត ម៉ូលីកា-ឆានុន បានសម្រេចគោលដៅធំបើកហាងរក្សារសម្រស់ ”ម៉ូលីកា ខូស្មិកទិក” ដែលចំណាយទុនដល់ទៅ១០ម៉ឺនដុល្លារ និងបានទិញរថយន្ដទំនើបដល់ទៅ២គ្រឿង គឺ Lexus RX 450h និង Range Rover ទៀតផង ខណៈដែលមុនទៅសាងផ្នួសនេះ លោកឆានុន ក៏បានបណ្ដើរម៉ូលីកា ទៅរកមើលទិញផ្ទះវីឡាផងដែរ។

ការដែលលោកឆានុន លាគូស្នេហ៍កញ្ញាម៉ូលីកា ៣ថ្ងៃ ដើម្បីទៅសាងផ្នួសសងគុណម្ដាយនេះ គឺជាសកម្មភាពល្អមួយ ខណៈដែលមុននេះ តារាសម្ដែងជើងចាស់ សាវិន ហ្វីលីព បានផ្ដាំដល់យុវជនទាំងឡាយថា បើអាច គួរតែឆ្លៀតសាងផ្នួសរយៈពេលខ្លី ដើម្បីសងគុណឪពុកម្ដាយ ព្រោះនេះជាទង្វើល្អមួយរបស់កូនខ្មែរ។

តាមព័ត៌មានថា ក្រោយលាចាកសិក្ខាបទ លោកឆានុន នឹងបន្ដប្រឡូកអាជីពសម្ដែងដូចមុន ហើយចំពោះគម្រោងដឹកដៃកញ្ញាម៉ូលីកា ចូលរោងការនោះ កន្លងមក អតីតតារាចម្រៀង Rock ធ្លាប់បានបង្ហើបថា នាងនិងសង្សារអាចរៀបការនៅឆ្នាំ២០២០ ឬ ២០២១ខាងមុខនេះហើយ៕