ក្លឹប Tottenham តែងតាំង Mourinho ធ្វើគ្រូបង្វឹក ឲ្យតម្លៃខ្លួន២១លានដុល្លារ ក្នុង១ឆ្នាំ

0
311

រយៈពេលតែប៉ុន្មានម៉ោងក្រោយបណ្តេញ លោក Mauricio Pochettino ចេញពីតំណែងក្លឹប Tottenham បានប្រកាសតែងតាំងអតីតគ្រូបង្វឹកក្លឹប Man UTD លោក Jose Mourinho ស្នងតំណែងភ្លាមៗ។

តាមប្រភពព័ត៌មាន BBC និង Daily Mail បានឱ្យដឹងថា លោក Jose Mourinho នឹងដឹកនាំក្លឹប Tottenham រហូតដល់ដំណាច់រដូវកាល២០២២-២០២៣។

ប្រភពព័ត៌មានខាងលើបានឱ្យដឹងថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះទទួលបានប្រាក់ឈ្នួលជាង២១លានដុល្លារ ក្នុង1ឆ្នាំ។

លោក Jose Morinho

ដោយសារតែមិនអាចទ្រាំនឹងលទ្ធផលដ៏អាក្រក់នាពេលកន្លងមក ក្លឹប Tottenham សម្រេចបណ្តេញលោក Pochettino ចេញពីតំណែងគ្រូបង្វឹក ក្រោយពីដឹកនាំបានរយៈពេល៥ឆ្នាំ។ ក្លឹប Tottenham ខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីធ្លាក់មកដល់ចំណាត់លេខរៀងទី១៤ ក្នុងតារាងអង់គ្លេស Premier League។

លោក Daniel Levy ប្រធានក្លឹប Tottenham បាននិយាយថា យើងមានការស្ទាក់ស្ទើរចិត្តយ៉ាងខ្លាំង ក្នុងការបណ្តេញលោក Pochettino ចេញពីតំណែង ប៉ុន្តែស្ថិតនៅក្នុងកាលៈទេសៈនេះ យើងត្រូវតែធ្វើការផ្លាស់ប្តូរដើម្បីស្វែងរកជ័យជម្នះត្រឡប់មកវិញ។

លោក Mauricio Pochettino

ក្លឹប Tottenham បានតែងតាំងលោក Mauricio Pochettino កាលពីខែឧសភា ឆ្នាំ២០១៤។ រដូវកាលកន្លងទៅលោកធ្លាប់ជួយឱ្យក្លឹបនេះឡើងមកវគ្គផ្តាច់ព្រ័ត្រ Uefa Champion League ប៉ះជាមួយ Liverpool ដោយទទួលបានចំណាត់ថ្នាក់ត្រឹមតែលេខ២។

សម្រាប់ការប្រកួតចុងសប្តាហ៍នេះ ក្លឹប Tottenham ត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្លឹប West Ham ។ ១២ប្រកួតកន្លងមក ក្លឹប Tottenham ឈ្នះ៣ ស្មើ៥ និងចាញ់៤ មាន១៤ពិន្ទុ ដែលអាចប្រឈមមុខនឹងធ្លាក់ចូលទៅក្នុងតំបន់កាត់ចោល ប្រសិនបើមិនធ្វើការកែទម្រង់បន្ទាន់៕

កែសម្រួលដោយ ៖ ដេត
ប្រភព ៖ BBC , Daily Mail