Saturday, April 27, 2024
Homeព័ត៌មានជាតិអនិច្ចា! សាលាបឋមសិក្សាអូរជុញ ជញ្ជាំងបាំងខ្យល់ ដំបូលប្រក់មេឃ

អនិច្ចា! សាលាបឋមសិក្សាអូរជុញ ជញ្ជាំងបាំងខ្យល់ ដំបូលប្រក់មេឃ

ខេត្តព្រះវិហារ ៖ ជញ្ជាំងបាំងខ្យល់ដំបូលប្រក់មេឃ គឺជាទិដ្ឋភាពពិតជាក់ស្តែងនៅសាលាបឋមសិក្សាអូរជុញ ដែលខ្វះបន្ទប់រៀនតម្រូវឱ្យសិស្សអង្គុយរៀនក្រោមដើមឈើ គ្មានតុ គ្មានកៅអី អង្គុយផ្ទាល់ដី ទ្រោបសរសេរលើកម្រាលតង់យ៉ាងកម្សត់។ រហូតធ្វើឱ្យអ្នកបានឃើញរូបភាពនេះ តាមបណ្តាញសង្គមហ្វេសប៊ុក លាន់មាន់គ្រប់គ្នាថា ឱ! អនិច្ចា! សាលាបឋមសិក្សាអូរជុញ ជញ្ជាំងបាំងខ្យល់ ដំបូលប្រក់មេឃ។

សាលាបឋមសិក្សាអូរជុញ មានទីតាំងស្ថិតនៅក្នុងភូមិសែនរុងរឿង១ (អូរជុញចាស់) ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ទិដ្ឋភាពទាំងមូលនៅក្នុងសាលានេះត្រូវបានអ្នកស្រីភឹម ហ៊ុននី ជាគ្រូបង្រៀនថ្នាក់ទី១ នៃសាលាបឋមសិក្សាកម្សត់នេះ បានយកមកបង្ហោះក្នុងគណនីហ្វេសប៊ុករបស់អ្នកស្រី នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីអំពាវនាវដល់សប្បុរសជន ជាពិសេសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយកសាងសាលានេះឱ្យសិស្សទាំងអស់បានរៀននៅក្នុងអគារដោយគត់មត់ផង ព្រោះសព្វថ្ងៃ រៀននៅក្រោមដើមឈើ ជញ្ជាំងបាំងខ្យល់ ដំបូលប្រក់មេឃ។

អ្នកស្រីភឹម ហ៊ុននី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា តាមពិតនៅជិតៗសាលាបឋមសិក្សាអូរជុញ នេះ ក៏មានសាលាបឋមសិក្សាដែលមានអគារថ្មសម្រាប់ការអង្គុយរៀនរបស់សិស្សគ្រប់គ្រាន់ដែរ ប៉ុន្តែឪពុកម្តាយរបស់សិស្សចេះតែយកកូនមកឱ្យរៀននៅក្នុងសាលានេះ ធ្វើឱ្យចំនួនសិស្សកើនឡើងដល់ជាង៤០០នាក់ ហើយសិស្សដែលអង្គុយរៀនក្រោមដើមឈើ មានចំនួនជាង៧០នាក់។

ហេតុដូច្នេះហើយ ទើបអ្នកស្រីអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុក ឱ្យជួយជាឈើ ជាដែក ឬជាលុយកាក់ ដើម្បីយកមកធ្វើរោងដោលឱ្យបាន២បន្ទប់បន្ថែមទៀត ខណៈដែលមុននេះ នៅក្នុងសាលានេះ មានរោងដោលចំនួន៥បន្ទប់ រួចជាស្រេចទៅហើយ។

អ្នកស្រីភឹម ហ៊ុននី បានមានប្រសាសន៍ប្រាប់ “នគរធំ“ យ៉ាងដូច្នេះថា “ចាស! សិស្សសរុប៤២៨នាក់ សាលាមានតែ២ខ្នង៥បន្ទប់ សិស្សដែលរៀនក្រៅមាន២បន្ទប់ ប្រហែល៧០នាក់ គឺពេលព្រឹក ថ្នាក់មត្តេយ្យ ពេលរសៀល ថ្នាក់ទី៥ សិស្សដែលរៀនក្រោមដើមឈើនោះ។

នៅជិតសាលាហ្នឹង មានបឋមសិក្សារុងរឿង១ បឋមសិក្សារុងរឿង២ បឋមសិក្សារុងរឿង៥ ដែលសុទ្ធតែជាសាលាថ្ម តែឪពុកម្តាយសិស្សចេះតែយកកូនមកដាក់នៅសាលាខ្ញុំ ដោយសារគាត់ឃើញគុណភាពបង្រៀនបានល្អ ដិតដល់ គោរពពេលវេលា។

សាលា២ហ្នឹង សាងសង់នៅឆ្នាំ២០០៨ មួយខ្នង ២០១៥ មួយខ្នង ដែលមានការជួយពីការិយាល័យអប់រំស្រុក និងខាងមេព្រៃ ប៉ុន្តែមកដល់២០១៩ អត់មានការជួយ ទេ។ គ្រូនៅក្នុងសាលាហ្នឹង១៤នាក់ ក្នុងនោះ នាយកសាលាព្យាយាមទាក់ទងរកអង្គការ រកដៃគូជួយដែរ តែអត់មានអ្នកណាជួយផង។

ខ្ញុំធ្លាប់ធ្វើសំណើទៅក្រសួងអប់រំ២ដងហើយ កាលពីឆ្នាំទៅ នាយកសាលាខ្ញុំទៅស៊ីញ៉េទទួលថា បានមួយហើយ ដល់ពេលចុងក្រោយ អត់បានផង ដោយយកទៅឱ្យសាលាគេផ្សេង។ ប៉ុន្តែឥឡូវតាំងពីខ្ញុំផុសមក ពេលព្រឹកមិញ ខាងមេកងពល ឯកឧត្តមដួង ច័ន្ទ គាត់បានជូន១បន្ទប់ ស្អែកគាត់ដឹកសម្ភារៈចូលហើយៗនិងខាងអភិបាលស្រុក គាត់ជួយដែរ ថ្ងៃហ្នឹងគាត់ចុះមើលទីតាំង។ ខ្ញុំចង់បានសាលាថ្ម ហើយមានផាសុកភាពសម្រាប់កូនសិស្ស ប៉ុន្តែជំហានដំបូង ខ្ញុំចង់បានរោងដោលសិន ព្រោះអីកុំឱ្យក្មេងអង្គុយរៀនក្រោមម្លប់ឈើអ៊ីចឹង”។

អ្នកស្រីភឹម ហ៊ុននី បន្តថា “សាលាផ្សេងមិនមានសិស្សច្រើនដូចសាលាខ្ញុំ សាលាផ្សេង សាលាថ្ម ៦បន្ទប់មែន តែសាលារុងរឿង១អី សិស្សតែ១០០នាក់ សិស្សរុងរឿង២អី សិស្ស៧០នាក់ រុងរឿង៥អី ៩០នាក់អីហ្នឹង។ ដូច្នេះសាលាខ្ញុំនេះ បើបានជាសាលាថ្មដូចសម្តេចបានឃើញរូបភាពហ្នឹង គាត់ជួយឧបត្ថម្ភជាសាលាថ្ម២ខ្នងអីអ៊ីចឹង ឬមួយខ្នងអ៊ីចឹង ខ្ញុំគិតថាចាត់ទុកជាសាលាគំរូហើយ ព្រោះអីបរិស្ថានក៏វាមិនដូចគេ វាស្រឡះទូលាយ គ្មានសំរាម ហើយគោលការណ៍គ្រូបង្រៀនគោរពពេលវេលាបាន ត្រឹមត្រូវ បង្រៀនច្បាស់លាស់។

ប៉ុន្តែនៅពេលដែលឃើញរូបភាពហ្នឹង ហើយគេនិយាយថា អនិច្ចាណាស់សាលាបឋមសិក្សាអូរជុញ ជញ្ជាំង បាំងខ្យល់ ដំបូលប្រក់មេឃនោះ ខ្ញុំមានអារម្មណ៍តូចចិត្តហើយអាណិតដល់កូនៗ ហើយខ្ញុំបង្រៀនក៏ក្រោមដំបូលប្រក់មេឃដែរ ដល់អ៊ីចឹងទៅ ចេះតែចង់សំណូមពរដល់រាជរដ្ឋាភិបាល។

លោកគ្រូ អ្នកគ្រូ អត់មានត្អូញត្អែរទេមានតែខំបង្រៀនលើកទឹកចិត្តកូនសិស្សឱ្យមករៀន ក្រែងលោ ថ្ងៃណាមួយនឹងមានគេជួយសាលាឱ្យពួកយើងបានអង្គុយរៀនស្អាតដូចគេ។ អ៊ីចឹងជាចុងក្រោយ ខ្ញុំសំណូមពរទៅសម្តេចនាយករដ្ឋមន្ត្រីផ្ទាល់​ សូមជួយឧបត្ថម្ភសាលាឱ្យនាងខ្ញុំបាន១ខ្នង បើបានឧបត្ថម្ភ២ខ្នង អរគុណសម្តេចមែនទែនហើយ ព្រោះអីសិស្សកើនច្រើន បើថាបានសាលាថ្ម ប្រហែលជាលើសហ្នឹងទៀត ឆ្នាំក្រោយ”។

ជាការឆ្លើយតប សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃដដែលនោះ បានចាត់ឱ្យលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះទៅដោយផ្ទាល់ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាអូរជុញ នោះ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា “សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រើឱ្យខ្ញុំទៅមើលសាលាហ្នឹង ដើម្បីស្តាប់ពីសេចក្តីរាយការណ៍របស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រូវការប៉ុន្មាន។ គាត់ឱ្យសាងសង់អគារជូនពួកគេជាបន្ទាន់ ហើយពេលនេះ ខ្ញុំកំពុងធ្វើដំណើរទៅកន្លែងគោលដៅហ្នឹង”។

អភិបាលស្រុកជាំក្សាន្ត លោកជា គឹមសេង ក៏បានទទួលស្គាល់ថា សាលាបឋមសិក្សាអូរជុញ ពិតជាខ្វះអគារសិក្សាប្រាកដមែន ដោយបច្ចុប្បន្ន មានតែអគារឈើ៥បន្ទប់ និងសិស្សានុសិស្ស ជាង៤០០នាក់។

នៅថ្ងៃដដែលនោះ បន្ទាប់ពីបានផ្តល់បទសម្ភាសន៍ដល់ “នគរធំ” អ្នកស្រីភឹម ហ៊ុននី ក៏បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកស្រី ថា “លិខិតថ្លែងអំណរគុណ យើងខ្ញុំទាំងអស់ជាលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង មាតាបិតាសិស្ស នៃសាលាសិក្សាអូរជុញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមគន់ គីម តំណាងដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលអញ្ជើញចុះមកដល់សាលាយើងខ្ញុំ និងបានជួយឧបត្ថម្ភអគារសិក្សាមួយខ្នង មាន១២បន្ទប់ ដែលកំពុងតែខ្វះខាតក្នុងឆ្នាំសិក្សា២០១៩-២០២០”៕

 កុលបុត្រ

RELATED ARTICLES