នាយចឺម ឆាតញ៉ែស្រី កញ្ញាវីរៈ និច្ច ថាចំៗ “សម្រាប់នាងវិញ…”

0
201

ស្រីស្អាតវីរៈ និច្ច ដែលជាតារាចម្រៀងសាន់ដេ និងជាដៃគូរបស់នាយចឺម នោះ កន្លងមកត្រូវបានទស្សនិកជនសង្ស័យថា អ្នកទាំង២មានស្នេហាជាមួយគ្នានៅក្រៅឆាក ព្រោះពេលខ្លះស្និទ្ធស្នាលគ្នាប្លែកខ្លាំងពេក។

ទោះជាយ៉ាងណា វីរៈ និច្ច និងនាយចឺម ធ្លាប់ច្រានចោលហើយ អំឡុងពេលដែលនាយចឺម ត្រូវបានតារាស្រីៗមួយចំនួនផ្អើលៗមិនសូវទុកចិត្តតាំងពីនាយចឺម ឆាតញ៉ែនាងស្រីលាភ នៅខេត្តប៉ៃលិន ហើយត្រូវកីឡាករង៉ែត លីទី វាយបែកក្បាល៥ថ្នេរមក រឹតតែធ្វើឱ្យស្រីៗទាំងឡាយលែងសូវផ្តល់ទំនុកចិត្តដល់ម្ចាស់បទ “ហេតុអ្វីកុហកខ្ញុំថាគ្មានសង្សារ?” នេះ ប៉ុន្តែបែរជាវីរៈ និច្ច ដែលជាក្មួយរបស់តារាចម្រៀងខាន់ ជេមស៍ វិញថា នាងនិងនាយចឺម នៅតែស្និទ្ធស្នាលគ្នាជាធម្មតា ព្រោះសម្រាប់នាង នាយចឺម មិនដែលឆាតមកញ៉ែនាងម្តងណាឡើយ។

វីរៈ និច្ច វាចាថា “បងចឺម គាត់មិនដែលឆាកមកញ៉ែខ្ញុំម្តងណាទេ! ខ្ញុំមានអីត្រូវខ្លាចទៅ ? ខ្ញុំនៅតែចាប់ដៃគូជាមួយចឺម ដូចមុនអ៊ីចឹង ព្រោះតាមរយៈការចាប់ដៃគ្នាកន្លងមកខ្ញុំជោគជ័យច្រើនណាស់។ បទចម្រៀងដែលខ្ញុំធ្លាប់ច្រៀងសម្តែងជាមួយគាត់សុទ្ធតែត្រូវបានគេស្គាល់និងគាំទ្រ អ៊ីចឹងខ្ញុំនៅតែចាប់ដៃជាមួយគាត់តទៅទៀត បើសិនជាផលិតកម្មតម្រូវ។ ចំពោះរឿងអីផ្សេងរបស់បងចឺម ខ្ញុំមិនដឹងទេ ហើយក៏មិនហ៊ាននិយាយដែរ”។

វីរៈ និច្ច ត្រូវបានគេស្គាល់តាមរយៈបទ “មនុស្សស្រីមានសង្សារច្រើន មិនមែនសុទ្ធតែសាវា”, “សម័យនេះស្រលាញ់គ្នាស្មោះ ម៉េចស្ទាវ”។

អតីត Freshie រូបនេះថា នៅឆ្នាំ២០២០នេះ នាងទទួលបានការច្រៀងសម្តែងនៅតាមខេត្តច្រើនជាងឆ្នាំមុនៗ។ នាងថា អ្វីដែលនាងសរសើរនាយចឺម នោះ គឺនៅក្មេងទេ ប៉ុន្តែមានលទ្ធភាពសង់ផ្ទះឱ្យម្តាយស្កឹមស្កៃ ចំណុចមួយនេះហើយដែលនាងមិនត្រឹមតែមិនខ្លាចក្នុងការចាប់ដៃគូជាមួយនាយចឺម តទៅទៀតនោះទេ ប៉ុន្តែថែមទាំងចង់យកនាយចឺម ជាគំរូទៀតផង ព្រោះនាងក៏ចង់ធ្វើផ្ទះធំឱ្យម្តាយដូច នាយចឺម ដែរ ប៉ុន្តែមិនទាន់មានលទ្ធភាព។

ក្រៅពីធ្លាប់ច្រានចោលរឿងគេសង្ស័យថា មានស្នេហាជាមួយនាយចឺម នោះ ពេលនេះ វីរៈ និច្ច ថានាងមិនទាន់មានសង្សារឡើយ ព្រោះចង់ផ្តោតលើអាជីពសិល្បៈច្រើនជាងស្នេហា៕