បងធំស្រីស្រុកមេសាង ស្ទាក់វ៉ៃអ្នកចំណូលថ្មី ប៉ូលិសចាប់វ៉ៃខ្នោះ

0
121

ខេត្តព្រៃវែង ៖ យុវតីរហ័សនាម “បងធំមេសាងខេត្តព្រៃវែង” ដែលត្រូវបានគេចែកចាយវីដេអូក្នុងបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីសកម្មភាពនិងសម្តីសំដៅក្រអើតក្រទមគំរាមវាយគេឯង ដោយគ្រាន់តែខឹងគេជិះម៉ូតូមកលេងស្រុករបស់ខ្លួននោះ ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនយកមកសួរនាំ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

គួរបញ្ជាក់ថា វីដេអូឃ្លីបមួយត្រូវបានបង្ហោះចែកចាយក្នុងបណ្តាញសង្គម ដែលបង្ហាញពីសកម្មភាព របស់យុវតីឈាមរាវម្នាក់ រួមជាមួយបក្ខពួកជាច្រើននាក់បានស្ទាក់ម៉ូតូរបស់យុវតីចំនួន៤នាក់ផ្សេងទៀតដែលអះអាងថា ជាអ្នកមកពីស្រុកផ្សេងមិនមែននៅស្រុកមេសាង សួរនាំនិងគំរាមរកវាយ ដោយសារតែភាគីម្ខាងទៀតបានមើលមុខឌឺដងដាក់ខ្លួន។

លោកនៅ ហាច អធិការនគរបាលស្រុកមេសាង បានបញ្ជាក់ប្រាប់ថា ក្រោយឃើញវីដេអូដែលត្រូវបានចែកចាយក្នុងលក្ខណៈមិនសមរម្យដែលអាចប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម ទើបលោកបានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនយុវតីខាងលើយកមកសួរនាំ។

យុវតីដែលអ្នកប្រើប្រាស់បណ្តាញសង្គមឱ្យរហ័សនាមថា “បងធំមេសាង” នោះ មានឈ្មោះចាន់ រី ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យមេសាង។ ហើយថ្ងៃកើតហេតុនោះ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីយុវតីទាំងអស់នោះមកពីមើលគេប្រកួតបាល់នៅវិទ្យាល័យមេសាង។

អធិការនគរបាលស្រុកមេសាង បានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនមកសួរនាំ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការអប់រំយុវតីខាងលើ ហើយមានការធានាពីអាណាព្យាបាលនិងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពបែបនេះ ទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ មិនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការអ្វីនោះទេ។

បើតាមលោកអធិការ សម្រាប់យុវតីម្នាក់នេះ កន្លងទៅមិនធ្លាប់បានធ្វើសកម្មភាពបែបនេះឡើយ ពោលទើបតែលើកទី១នោះទេ៕