មាស សុខសោភា ចង់បញ្ចប់ស្នេហ៍ឥតខាន់ស្លា ១៣ឆ្នាំ

0
176

ការសម្រុកចូលរោងការរបស់តារាល្បីៗនៅឆ្នាំ២០១៩ នៅទីបំផុតធ្វើឱ្យមាស សុខសោភា បានប្តូរចិត្តលែងចង់ពន្យារពេលរៀបការតទៅទៀតហើយ ដោយត្រៀមបញ្ចប់ស្នេហ៍ឥតខាន់ស្លារយៈពេល១៣ឆ្នាំ នៅត្រឹមឆ្នាំ២០២០…។

ចំណងស្នេហាមាស សុខសោភា និងលោកគ្រូពេទ្យអ៊ឹត រ៉ាដា អាណិកជនខ្មែរមកពីកាណាដា នឹងលែងត្រូវបានគេរិះគន់ថា ពួកគេសាងស្នេហ៍ឥតខាន់ស្លាតទៅទៀតជាមិនខាន ប្រសិនបើសោភា ព្រមរៀបការតាមប្រពៃណីខ្មែរនៅឆ្នាំ២០២០ ដូចការលេចឮមែន។

បើតាមព័ត៌មានពីតារាដែលស្និទ្ធបំផុតសោភា បានបង្ហើបឱ្យដឹងថា តារាចម្រៀងល្បីល្បាញរូបនេះ នឹងរៀបការនៅដើមឆ្នាំ២០២០ ខាងមុខនេះហើយ ព្រោះពេលនេះក្រុមគ្រួសារទាំងសងខាងបានឯកភាពគ្នាអស់ទៅហើយ។

ប្រភពដដែលនោះបានឱ្យដឹងថា សោភា លែងមានការរារែកចិត្តទៀតហើយ ព្រោះថាមានតារារួមអាជីពជាមួយនាងដល់ទៅជាង១០គូ បានរៀបការនៅឆ្នាំ២០១៩ ហេតុនេះហើយដល់វេននាងម្តង ព្រោះបើធ្លាក់កូដ គឺមិនមែនតែនាងម្នាក់ឯងនោះទេ គឺធ្លាក់ទាំងអស់គ្នាជាមិនខាន ពិសេសឱក សុគន្ធកញ្ញា ដែលរៀបការប្តីមិនទាន់បានប៉ុន្មានមានកូន១ទៅហើយនោះ បើសិនប្រឈមការធ្លាក់កូដមែន ច្បាស់ជាមុននាងជាមិនខាន។

មាស សុខសោភា នៅតែមិនព្រមប្រាប់កាលបរិច្ឆេទនៃការចូលរោងការពិតប្រាកដទេ ក្នុងជំនួបកាលពីពេលថ្មីៗនេះ ប៉ុន្តែតារាចម្រៀងសំនៀងផ្អែមរូបនេះបានបង្ហើបថា នាងនឹងមានកម្មវិធីពិសេសមួយក្នុងពេលឆាប់ៗខាងមុខនេះហើយ។

បើទោះជាសោភា មិនបញ្ជាក់ថា ពិធីនោះជាអ្វីក៏ដោយ ប៉ុន្តែមហាជនអាចយល់ថា កម្មវិធីនោះគ្មានអ្វីផ្សេងក្រៅពីពិធីមង្គលការរបស់តារាចម្រៀងនេះឡើយ។ ប៉ុន្តែយ៉ាងណា សោភា នៅតែមិនបញ្ជាក់ទេថា តើនាងរៀបការនៅថ្ងៃណា ខែណាឡើយ ដោយនាងថាមិនអាចប្រាប់មុនបានទេ។

ប៉ុន្តែការដែលសោភា នឹងហ៊ានធ្វើពិធីជប់លៀងធំចំណាយដល់ជាង១០ម៉ឺនដុល្លារ ដូចគេឬអត់នោះ នាងនៅមិនទាន់សម្រេចចិត្តឡើយ ប៉ុន្តែទស្សនិកជនយល់ថា សោភា ជាតារាល្បីប្រដមប្រសងជាមួយឱក សុគន្ធកញ្ញា ហេតុនេះហើយនាងនឹងរៀបការមិនឱ្យចាញ់មិត្តរួមអាជីពនោះទេ។

គួរបញ្ជាក់ថា មាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយលោកអ៊ឹត រ៉ាដា កាលពីឆ្នាំ២០០៧ និងបានបែកធ្លាយរូបថតស្នេហាស្រើបស្រាលកាលពីឆ្នាំ២០០៨។ ភ្លាមៗនោះ សោភា បានប្រកាសថា នាងនឹងរៀបការតាមប្រពៃណីខ្មែរនៅឆ្នាំ២០០៩ ដោយថែមទាំងដឹកដៃលោករ៉ាដា ទៅថត Pre-Weddingរួចជាស្រេចទៀតផង។

ប៉ុន្តែរំលង១០ឆ្នាំទៅហើយ គេនៅតែមិនឃើញសោភា រៀបការតាមសន្យាដដែល ដោយមូលហេតុធំបំផុតត្រូវបានគេលើកឡើងថា មកពីសោភា ខ្លាចដូចតារាចម្រៀងមួយចំនួនរៀបការហើយ ពិបាកស្តារមុខមាត់ ទើបនាងមិនហ៊ានប្រថុយក្រាបផ្ទឹមជាចំហ។

សោភា ធ្លាប់អះអាងថា នាងមិនចង់ការជាចំហទេ ប៉ុន្តែនៅរយៈពេលចុងក្រោយនេះនាងបានផ្លាស់ប្តូរជំហរថា នឹងធ្វើពិធីពិសេសមួយក្នុងពេលឆាប់ៗនេះ ដែលអាចដើមឆ្នាំ២០២០ទៅវិញ។ នាងថែមទាំងត្អូញថា ពេលនេះនាងមានអាយុច្រើនបន្តិចហើយ និងបារម្ភខ្លាចពិបាកយកកូនទៀតផង ទើបត្រូវតែមានពិធីមួយដែលទស្សនិកជនច្បាស់ជានឹងភ្ញាក់ផ្អើលជាមិនខាន៕