Friday, April 26, 2024
Homeតារាខ្មែរណាក់ ស្រីណា-រចនា រ៉ាវាឌី គ្រងតួឯកព្រមគ្នា ស្រាប់តែតួប្រុសថា នឹងបន្ធូរដៃឲ្យ

ណាក់ ស្រីណា-រចនា រ៉ាវាឌី គ្រងតួឯកព្រមគ្នា ស្រាប់តែតួប្រុសថា នឹងបន្ធូរដៃឲ្យ

តារាសម្តែងស្រអែមស្រស់២ដួង កញ្ញាណាក់ ស្រីណា និងរចនា រ៉ាវាឌី (ប៉ប់ រចនា) ឆក់បានតួឯកនៅថ្ងៃតែមួយព្រមគ្នាតែម្តង ហើយស្រីស្អាតទាំង២ក៏លេចមុខក្នុងកម្មវិធីសែនក្រុងពលី កាលពីថ្ងៃទី១៧ ខែមករា នៅសណ្ឋាគាសូហ្វីតែល រាជធានីភ្នំពេញ ផងដែរ ដោយមានអ្នកសារព័ត៌មាន និងតារាជាច្រើនទៀតបានចូលរួម។

លោក Supachai Verapuchong អគ្គនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥

ណាក់ ស្រីណា ដែលជាតួឯកស្រីក្នុងរឿង “ទាសករលុយ” នោះ ត្រូវប៉ះជាមួយតួឯកប្រុសសង្ហា២ដួង គឺលោកជា លាងឈែ និងបញ្ញា សិដ្ឋ ខណៈដែលភាពយន្តនេះមានតារាជាច្រើនដួងចូលរួមសម្តែង ដូចជា ណូរ៉ា, ចន, សុខផេង, សុខលី, និតា, ផាណាម៉ុច, ម៉ានិកា, ញឹម ចាន់ថន, ប៉េង ប៉ោង, លីលី, ញឹម សុខា និងព្រីយ៉ា។

ណាក់ ស្រីណា វាចាថា នាងរីករាយណាស់ដែលបានគ្រងតួឯករឿងមួយនេះ ហើយសន្យាថា នឹងសម្តែងឱ្យអស់ពីសមត្ថភាពទៅតាមអ្នកដឹកនាំរឿងចង់បាន។ ចំណែកបញ្ញា សិដ្ឋ វិញ ថារំភើបព្រោះបានចាប់ដៃស្រីណា ខណៈដែលលាងឈែ តបថា នឹងបន្ធូរដៃឱ្យស្រីណា មិនលេងឈុតស្នេហាខ្លាំងៗពេកទេ ព្រោះដឹងថា នាងសុភាពខ្លាំងពេក។

កញ្ញា ណាក់ ស្រីណា

ដោយឡែក កញ្ញារចនា រ៉ាវាឌី វិញ បានតួឯកក្នុងរឿង “មរតកកម្ម” ដែលចាប់ដៃជាមួយតួឯកប្រុសសង្ហា លោកណាខុន ហើយភាពយន្តនេះក៏មានការចូលរួមពីតារាល្បីៗជាច្រើនដួងទៀត ដូចជា មឿន សុភារិទ្ធ, ម៉ូវីន, ចិត្រា, វ៉ាន់ ឆៃ, ម៉ូលីណា, ភិមាន, ស្រីខួច, ឆដា, ដា លីណា, ស៊ីវឡាំ, សម្ផស្ស និង មីងស្រស់។

កញ្ញា រចនា រ៉ាវាឌី

រចនា រ៉ាវាឌី ថា ការប៉ះប្រុសសង្ហាណាខុន មិនធ្វើឱ្យនាងបារម្ភច្រើនឡើយសម្រាប់ការលេងរឿងមួយនេះ ហេតុនេះហើយនាងរំពឹងថា ដំណើរការថតនឹងរលូនល្អដូចអ្វីដែលអ្នកដឹកនាំចង់បាន។

លោកណាក់ ខុន និងកញ្ញា រចនា រ៉ាវាឌី

ដោយឡែក លោកណាខុន អះអាងថា រឿងនេះក៏មានឈុតស្នេហាច្រើនដែរ តម្រូវឱ្យលោកនិងរ៉ាវាឌី ជៀសមិនផុតឈុតឱបថើបគ្នា។ ប៉ុន្តែ លោកថានឹងមិនកេងចំណេញលើតួស្រីឡើយ។

កញ្ញាណាក់ ស្រីណា និងលោកជា លាងឈែ

លោកស៊ិន សុផាត ប្រធានគណៈកម្មការត្រួតពិនិត្យរឿងភាគប៉ុស្តិ៍លេខ៥ បានឱ្យដឹងថា “រឿង “ទាសករលុយ” និងរឿង “មរតកកម្ម” នេះ ប្រើពេលថតរយៈពេលជាង៣ខែដូចគ្នា ហើយថ្ងៃចេញថតពេលតំណាលគ្នាតែម្តង ព្រោះទូរទស្សន៍ប៉ុស្តិ៍លេខ៥ មានក្រុមផលិតភាពយន្ត២ក្រុមផ្សេងគ្នា។ ប៉ុន្តែលោកមិនអាចប្រាប់បានទេថា រឿងទាំង២នេះប្រើទុនអស់ប៉ុន្មាន ដោយអះអាងថា ភាពយន្តទាំង២នឹងដាក់បញ្ចាំងនៅដើមឆ្នាំ២០២០ខាងមុខនេះហើយ នៅទូរទស្សន៍លេខ៥។

លោក Supachai Verapuchong អគ្គនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានសម្តែងការកោតសរសើរចំពោះតារាសម្តែងទាំងអស់ រួមទាំងក្រុមផលិតភាពយន្តប៉ុស្តិ៍លេខ៥ ដែលតែងតែសហការគ្នាបានយ៉ាងល្អនាពេលកន្លងមក។ លោកសូមជូនពរឱ្យតារាៗដែលសម្តែងទាំង២ រឿងជោគជ័យដូចគ្នាក្នុងរឿងភាគទាំងពីរ នៅដើមឆ្នាំ២០២០នេះ៕

RELATED ARTICLES