Saturday, May 4, 2024
Homeតារាខ្មែរតារា៥ដួង លែងច្បាស់ថ្ងៃរៀបការ

តារា៥ដួង លែងច្បាស់ថ្ងៃរៀបការ

ភ្នំពេញ៖នៅឆ្នាំ២០២៤ នេះតារាដែលដឹកដៃគូស្នេហ៍ចូលរោងការទើបតែមាន២ដួងទេ គឺទី​១៖​ អ្នកនាងលី ម៉ារីណា រៀបការជាមួយលោកទៀង ច័ន្ទសារ កាលពីថ្ងៃទី១២ ខែមករា  ឆ្នាំ២០២៤ និងទី២៖សុវត្ថិឌី ធារិកា រៀបការជាមួយ​លោកពូ សុផានិត នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤​។​ចំណែកតារា៥ដួងទៀតដែលមានព័តមានថានឹងដឹកដៃម្ចាស់ស្នេហាចូលរោងការនៅឆ្នាំ២០២៤ នេះដែរ ឥឡូវមានការប្រែប្រួលទៅហើយ ។

 ១៖យុគ ចិន្ដាៈអ្នកនាងយុគ ចិន្ដា បានលុបចោលមង្គលការចំនួន២លើក​មកហើយ​ជា​មួយ​មន្រ្ដីសុរិយាដីម្នាក់គឺលើកទី១កាលពីឆ្នាំ២០២០-២០២១ ដោយសារតែ​ពេលនោះ​ថា​កូវីដ​ផ្ទុះពេក ធ្វើកម្មវិធីសប្បាយៗមិនកើត និងលើកទី២ ឆ្នាំ២០២២-២០២៣ ហេតុផលគឺនាង​កាន់​ទុក្ខម្ដាយលោកស្រីខឹម ផល្លី ដែលទទួលមរណភាពកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២​។ប៉ុន្ដែនៅឆ្នាំ២០២៤ នេះអ្នកនាងចិន្ដា និងគូស្នេហ៍នៅតែគ្មានដំណឹងចូលរោងការច្បា​ស់​លា​ស់​ដដែល ។

 ២៖មាស សុខសោភាៈតារាCamtrax រូបនេះបានរៀបការ២លើកមកហើយគឺនៅ​ឆ្នាំ​២០០៨ ការបែបគ្រីស្ទាន នៅព្រះវិហារមួយនៅកាណាដា ជាមួយលោកអ៊ឹត រ៉ាដា និងលើកទី២ នៅឆ្នាំ២០០៩ រៀបការស្រដៀងសែនព្រេនធ្វើនៅខ្មែរ ហើយនៅឆ្នាំ២០២១ មានដំណឹង​ថា​សោភា ចង់រៀបការជាលើកទី៣នៅខ្មែរដោយបើកចំហ តែពេលនេះស្ងាត់ឈឹងទៅ​វិញ។​ប្រភពបានឲ្យដឹងថាសុខសោភា បារម្ភខ្លាចការប្ដីជាសាធារណៈទៅនាំឲ្យនាងធ្លាក់ហៅលែង​ឭទើបនាងមិនហ៊ានប្រថុយឡើយ ។

 ៣៖ពេជ្រ សោភាៈតារាវ័យ៤១ឆ្នាំពេជ្រ សោភា បានប្រើជីវិតជាស្រីមេម៉ាយអស់រយៈ​ពេល​៦ឆ្នាំ ទើបនាងប្រកាសភ្ជាប់ពាក្យជាមួយលោកឆឹម សក្កដា កាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ​២០២២ នឹងថាដឹកដៃគ្នាចូលរោងការនៅឆ្នាំ២០២៣ ។ប៉ុន្ដែពួកគេបានប្ដូរចិត្តវិញព្រោះខ្វែង​គំ​និតគ្នាហើយនៅពេលសាកសួរពីរឿងរៀបការកាលពីពេលថ្មីៗនេះសោភា ថាគ្មានគម្រោ​ង​រៀប​ការនៅឆ្នាំ២០២៤ នេះទេ ។ចំណែកលោកសក្កដា កាលពីពេលថ្មីៗនេះបានព្រមាន​ធ្វើអត្ត​ឃាត ដោយសារថាទោះមានជីវិតរស់នៅក៍គ្មានន័យ តែសោភា ថានាងមិនដឹងរឿង​គូដណ្ដឹង​ចង់​សម្លាប់ខ្លួននោះ​ព្រោះរឿងអ្វីឡើយ ។

 ៤៖ប៉ាច គីមមួយៈអ្នកមេម៉ាយរូបស្អាតនេះបានភ្ជាប់ពាក្យជាមួយប្រុសក្មេងសយ រតនៈ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ហើយពួកគេមានគម្រោងដឹកដៃគ្នាចូលរោងការ​នៅឆ្នាំ​២០​២៤ ។ប៉ុន្ដែថ្មីៗនេះលោករតនៈ បានប្រាប់ថាសម្រាប់ឆ្នាំនេះលោកនិងអូនគីមមួយ មិនអាច​រៀប​​ចំពិធីនោះទាន់ទេ ព្រោះតែថាមិនទាន់ដល់ពេលវេលាដែលបានត្រៀមខ្លួនរួចនៅឡើយ ។លោករតនៈ បញ្ជាក់ថាការពន្យាពេលរៀបការនេះមិនមែនលលោក​និងអនាគតភរិយា​ខ្លាច​ក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់ទៅនាំឲ្យប៉ះពាល់ដល់អាជីពសិល្បៈទេ ព្រោះថាបច្ចុប្បន្នរូប​លោក​និងគូ​ដណ្ដឹង​​ចិត្ត១ ថ្លើម១គ្នាទៅហើយ ។

 ៥៖អ៊ីវ៉ា ៖ តារាចម្រៀងសាន់ដេឃីន ស្រីនាថ ហៅអ៊ីវ៉ា បានលាក់ស្នេហ៍លោកលី សេង​ហួរ អស់រយៈពេល៧ឆ្នាំ ពោលគឺទើបតែនៅពាក់កណ្ដាលឆ្នាំ២០២៣ អ្នកទាំងពីរព្រមបើក​ស្នេហ៍​ចំហ ព្រោះឪពុកអ៊ីវ៉ា លោកអ៊ូ វ៉ាវ ចង់ឃើញកូនស្រីរៀបការនៅឆ្នាំ២០២៤ ខណៈ​ដែល​លោកសេងហួរ ជាម្ចាស់ក្លិបបាល់ទាត់សៀមរាបយូណាធីត លែងចង់សាងស្នេហ៍​ដោយលាក់​លៀមតទៅទៀតទើបធ្វើឲ្យស្រីនាថ ទាល់ច្រក ។យ៉ាងណាគិតមកដល់ខែ៤ នេះអ៊ីវ៉ា នៅមិន​ទាន់កំណត់ថ្ងៃរៀបការដដែល ដោយតាមព័តមានថានាងនៅតែស្ទាក់ស្ទើចិត្តព្រោះ​ខ្លាច​ការប្ដី​ទៅលែងមានទីផ្សារសិល្បៈ។ប៉ុន្ដែលោកវ៉ាវ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា​លោក​មិន​ខ្លាច​កូនស្រីរៀបការទៅអាជីពសិល្បៈធ្លាក់ហៅលែងឭនោះទេ ព្រោះលោកយល់ថាអាជីពចម្រៀង​ទស្សនិក​ជនគាំទ្រឬលែងគាំទ្រនៅលើសម្ថភាពតារា ។

 ក្រៅពីតារាទាំង៥ដួងខាងលើដែលមិនច្បាស់ថ្ងៃរៀបការនៅឆ្នាំ២០២៤ នោះនៅមាន​តារា​មួយ​ចំនួនទៀតដូចជាម៉ានីកា ,ម៉ង់ ច័ន្ទកញ្ញា ,ឈិន មុនីនាថ និងសន ច័ន្ទធីតា ជាដើម ដែលសុទ្ធតែមានម្ចាស់ស្នេហ៍រៀងៗខ្លួន នោះក៍មិនទាន់កំណត់ថ្ងៃដឹកដៃអនាគតស្វាមី​ក្រាប​ផ្ទឹម​ដូចគ្នា ៕ 

RELATED ARTICLES