Saturday, April 20, 2024
Homeព័ត៌មានជាតិស្រុកខ្មែរ អ្នកប្រមូលពន្ធ ជិះ Rolls Royce អ្នកបង់ពន្ធ ជិះឡានឥតកៅអី

ស្រុកខ្មែរ អ្នកប្រមូលពន្ធ ជិះ Rolls Royce អ្នកបង់ពន្ធ ជិះឡានឥតកៅអី

ភ្នំពេញ ៖ ក្រុមប្រឆាំង បានលើកឡើងថា នៅស្រុកខ្មែរមិនក្រទេ គឺមានការខុសគ្នាដូចមេឃនិងដី រវាងអ្នកប្រមូលពន្ធ (មន្ត្រីពន្ធដារ) ជិះសុទ្ធតែរថយន្ត Rolls Royce ដែលជារថយន្តថ្លៃលំដាប់កំពូល ឯអ្នកបង់ពន្ធ  (ប្រជាពលរដ្ឋ-កម្មករ) គួរឱ្យកម្សត់ណាស់ ជិះឡានឥតកៅអី ជីវភាពខ្សត់ខ្សោយរកបានព្រឹកខ្វះល្ងាច។

គណនីហ្វេសប៊ុក “Khmer Hero” ដែលជាក្រុមប្រឆាំង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានបង្ហោះរូបភាព២សន្លឹក គឺមួយជារូបភាពនៅមុខអគារអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានរថយន្តប្រណីតទំនើបតម្លៃខ្ពស់កប់ពពក ម៉ាក Rolls Royce ២គ្រឿង ចតយ៉ាងឡូយ នៅមុខចក្រផ្លូវចូលតែម្តង។

ចំណែករូបភាពមួយទៀតជារូបភាពកម្មកររោងចក្រ ជិះឡានឈ្នួល គ្មានកៅអីអង្គុយទេ គឺឈរ ប្រជ្រៀតគ្នាជាមួយសំណេរថា “សូមកុំមើលស្រាលនៃប្រទេសកម្ពុជា” អ្នកណាថាស្រុកខ្មែរក្រ គ្រាន់តែអ្នកប្រមូលពន្ធជិះសុទ្ធតែឡានម៉ាក Rolls Royce ។

តម្លៃ ពី $311,900 រហូតដល់ $492,425 មុននឹងបង់ពន្ធដារ និងថ្លៃដឹកជញ្ជូន ដូច្នេះទម្រាំដឹកដល់ស្រុកខ្មែរ តម្លៃប្រហែលជិតឬក៏ជាង១លានដុល្លារ (Around $1,000,000 or more) ។ ហើយចំពោះអ្នកបង់ពន្ធឱ្យរដ្ឋវិញ ជិះឡានឥតកៅអី ឥតខ្សែក្រវាត់ ហើយបានព្រឹកខ្វះល្ងាច”។

លោកអ៊ូ ច័ន្ទរ័ត្ន

អតីតតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) លោកអ៊ូ ច័ន្ទរ័ត្ន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ថា ការលើកឡើងខាងលើនេះបង្ហាញឱ្យឃើញពីអំពើពុករលួយយ៉ាងធ្ងន់នៅក្នុងស្ថាប័នរដ្ឋ។

លោកអ៊ូ ច័ន្ទរ័ត្ន បានមានប្រសាសន៍ថា “តាមពិត យើងដឹងហើយ ស្ថាប័នរដ្ឋមួយចំនួន ការអនុវត្តច្បាប់ ឬក៏អនុវត្តវិធានការប្រឆាំ អំពើពុករលួយហ្នឹង មិនទាន់បានជោគជ័យទេ ហើយការមិនជោគជ័យហ្នឹង វាមានបន្តបន្ទាប់មក ហើយចាក់ឫសជ្រៅនៅក្នុងសង្គមយើងហ្នឹង។

ម៉្លោះហើយវានៅមាន ទោះបីប្រឹងយ៉ាងម៉េចក៏ដោយ ទោះបីភ័យខ្លាចម៉េចក៏ដោយ កម្អែលនៃអំពើពុករលួយហ្នឹង វានៅបន្ត វានៅមានអ៊ីចឹង ហើយវាជារឿងធម្មតាទេ ដូចយើងដឹងហើយពីមុនមក តែងលើកឡើងពីរឿងកំប្លែង រឿងកូនគយ និងកូនគ្រូបង្រៀន គឺគេមិនឱ្យកូនធ្វើគ្រូបង្រៀន គេឱ្យកូនគេធ្វើគយ ពីព្រោះគេថា អាហ្នឹងវាជាកន្លែងខ្លាញ់ ហើយវាជារឿងសោកស្តាយដែលរាស្ត្រយល់ឃើញ បែបហ្នឹង។

ខ្ញុំយល់ថា អាហ្នឹងវាអ៊ីចឹងហើយ ព្រោះអ្នកដែលប្រឹងប្រែងបង់ពន្ធ បង់អីហ្នឹង វាមានមិនទាន់អ្នកដែលចាំកើបយកតែម្តងទេ ព្រោះកន្លែងគយអីហ្នឹង ទោះបីមិនទៅកើបយកតែម្តង តែគេមានទម្រង់ផ្សេងៗអាចជាអំពើពុករលួយបាន”។

លោកអ៊ូ ច័ន្ទរ័ត្ន បន្តថា “វាខុសគ្នាត្រង់ថា អ្នកដែលប្រមូលពន្ធ ហើយបែរជាប្រព្រឹត្តអំពើពុករលួយ មិនបានហាមឃាត់ទៅតាមច្បាប់ អាហ្នឹងយើងចាត់ទុកថា ដូចជាភ្ជួរស្រែលើខ្នងរាស្ត្រអ៊ីចឹង ចាំប្រមូលផលពីញើសឈាមរបស់រាស្ត្រនោះ អាហ្នឹងវាអាក្រក់ណាស់ មែនទែនទៅ នៅក្នុងសង្គមណាក៏ដោយ ព្រោះគេខំធ្វើការ ខំបង់ពន្ធ ខំធ្វើស្អីសម្រាប់ជីវភាពរបស់គេ ប៉ុន្តែខ្លួនទៅច្បាមយកពីគេមក។

ដូច្នេះយល់ថា អ្នកណាមានឡានអីជិះទេ ប៉ុន្តែជាទូទៅ យើងសង្កេតឃើញអ៊ីចឹង ហើយយើងពិនិត្យ មើលវិញទៅ ថាតើមេគយធំៗទាំងអស់ហ្នឹង មានអ្នកណាមួយក្រទេ? គួរតែមានការសង្កេតមើល តើលុយទាំងអស់ហ្នឹងបានមកពីណា? បានមកពីប្រភពណា?…”។

លោកអ៊ូ ច័ន្ទរ័ត្ន បន្ថែមថា “ខ្ញុំគ្រាន់តែយល់ថា បើសិនជាធ្វើឱ្យមានភាពអយុត្តិធម៌ដោយសារអំពើពុករលួយបែបនេះ ព្រោះយើងដឹងហើយ កាលណាតែកើបយកដោយអយុត្តិធម៌ អាហ្នឹងវាជាភាពអយុត្តិធម៌ហើយ។ អ៊ីចឹងវិធានការដើម្បីទប់ស្កាត់ ឬកម្ចាត់អំពើពុករលួយហ្នឹង គឺថាមានឱ្យបានតឹងតែងបន្តិច ហើយមិនអនុញ្ញាតឱ្យមានការយោគយល់ដល់កូនចៅខ្លួនឯងនោះ អាហ្នឹងបានធ្វើឱ្យសង្គមយើងស្អាតស្អំបាន”។

ជុំវិញការលើកឡើងខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំមតិយោបល់ការបញ្ជាក់ឆ្លើយតបពីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកនាំពាក្យរាជរដ្ឋាភិបាល បានទេកាលពីម្សិលមិញ។

លោករស់ សារ៉ុម

ទោះជាយ៉ាងណា លោករស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា និងជាអ្នកវិភាគតាមដានសង្គមនយោបាយ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ថា មិនអាចនិយាយទាំងអស់បានទេ ចំពោះអ្នកនៅក្នុងស្ថាប័នគយ ពន្ធដារ ឬស្ថាប័នរដ្ឋ មានរថយន្តទំនើបជិះ គឺមានចំនួនតូចតែប៉ុណ្ណោះ។

លោករស់ សារ៉ុម បានមានប្រសាសន៍ថា “ទាក់ទងនឹងចំណុចនេះ អានេះវាគ្រាន់តែជាការយល់ឃើញមួយផ្នែកទេ ព្រោះអ៊ីចេះ! ជាធម្មតាទេ អ្នកប្រមូលពន្ធ វាតែងតែរស់បាន ដោយការបង់ពន្ធហ្នឹងហើយ។ អ៊ីចឹងគ្រាន់តែថា ជីវភាពប្រជាជនខ្មែរយើង វាមិនដល់ហ្នឹងទេ ហើយកុំនិយាយសរុបជាមួយមន្ត្រីរាជការ ដែលលោកធ្វើការផ្នែកបង់ពន្ធនោះ មិនត្រូវទេ។

វាមានដែរ វាមានជនឆ្លៀតឱកាសមួយចំនួនដែលធ្វើការផ្នែកពន្ធដារហ្នឹង ប្រើប្រាស់អំណាចខ្លួនឯងកិបកេងប្រជាជន កិបកេងជាតិហ្នឹង វាមាន វាមិនអត់ទេ ក៏ប៉ុន្តែបើសរុបតែម្តង អត់បានទេ ព្រោះបើសិនជាមន្ត្រីរាជការខ្មែរយើង មិនបានជួយគិតជាតិជាធំ ចរន្តសេដ្ឋកិច្ចរបស់យើងមកដល់ពេលនេះ មិនអាចទៅមុខរួចទេ ទាល់តែអ្នកដែលគ្រប់គ្រងផ្នែកហិរញ្ញវត្ថុហ្នឹងច្បាស់លាស់ហើយ បានមកដល់ថ្ងៃនេះ រដ្ឋយើងធូរធារបន្តិច។

ចង់និយាយអ៊ីចឹង បើថា យើងគិតមុខងារពុករលួយ ឬមួយក៏ធ្វើម៉េចដើម្បីឱ្យអញមាន អ្នកណាងាប់ណាងាប់ទៅហ្នឹង ម៉្លេះប្រទេសយើងអត់បានប៉ុណ្ណឹងទេ។ អ៊ីចឹងយើងមិនអាចខុសមួយជ្រុង ហើយបដិសេធគុណសម្បត្តិរបស់គេបានទេ”។

លោករស់ សារ៉ុម បន្តថា “ខ្ញុំទទួលស្គាល់ថា រឿងហ្នឹងវាមាន តែបើនិយាយសរុបទាំងអស់ហ្នឹង វាអត់អាចទៅរួចទេ គ្រាន់តែមួយផ្នែកតូចទេ ហើយមួយផ្នែកតូចដែលពុករលួយ ធ្វើមានបានហ្នឹង អាហ្នឹងខ្ញុំជឿថា មិនយូរទេ រាជរដ្ឋាភិបាល ការកែទម្រង់ប្រឆាំងអំពើពុករលួយ អ៊ីចឹងគេមិនឱ្យពួកហ្នឹងធ្វើស្រេចនឹងចិត្តទេ ហើយរបស់ក្តៅក្រហាយអ៊ីចឹង ពួកហ្នឹងក៏មិនអាចគ្រប់គ្រងវាបានដែរ។

អ៊ីចឹងរដ្ឋមួយទាំងមូល គេមិនអាចបណ្តោយឱ្យអាបញ្ហាអសកម្មអស់ហ្នឹង វាកើតមាន ធ្វើឱ្យបំផ្លាញសេដ្ឋកិច្ចជាតិទេ មិនអាចទៅរួចទេ អ៊ីចឹងរដ្ឋ ប្រាកដជាមានវិធានការហើយកន្លែងហ្នឹងនោះ គ្រាន់តែ ការកែទម្រង់ វាមិនមែនចេះតែអារហើយកាត់ បានដូចចិត្តទេ មានន័យថា អ្វីដែលយើងធ្វើ ហៅថា លក្ខណៈសន្សឹមៗ ភ្លៀងរលឹមនោះម្តងបន្តិចៗ នោះការកែទម្រង់ ជាពិសេសដូចរាជរដ្ឋាភិបាល បានធ្វើហ្នឹង ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

អ៊ីចឹងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ រដ្ឋកំពុងតែប្រើគ្រប់មធ្យោបាយធ្វើយ៉ាងណាដើម្បីឱ្យកំណើនថវិកាជាតិមានការកើនឡើង ដើម្បីយកទៅ ដើម្បីបែងចែកទៅផ្នែកផ្សេងៗ បំពេញតម្រូវការសម្រាប់ការអភិវឌ្ឍរបស់ជាតិ។ នេះជាអ្វីមួយដែលរដ្ឋចង់បាន អ៊ីចឹងមិនមែនឱ្យមនុស្សមួយក្តាប់តូច វាមាន! ប៉ុន្តែគេមិនអាចយកអារឿងមួយក្តាប់តូចហ្នឹងមកសរុបទេ ព្រោះ ប្រទេសជាតិមួយដើរទៅបាន វាមានមនុស្សល្អ ហើយអាក្រក់ក៏មានក្នុងហ្នឹងដែរ អ៊ីចឹងជាធម្មតាទេ ប៉ុន្តែគ្រាន់តែថា ជាទូទៅធ្វើល្អវាធំជាងហើយ បានវាអាក្រក់មិនអាចធ្វើអីចេញ”។

លោករស់ សារ៉ុម បន្តថា “រវាងអ្នកប្រមូលពន្ធ និងអ្នកបង់ពន្ធ ពាក្យថាស្មើគ្នា វាអត់អាចមានទេ ប៉ុន្តែគេប្រើពាក្យថា សមធម៌។ អ៊ីចឹងពាក្យថាស្មើគ្នា វាមិនអាចទេ។ ខ្មែរក្រហម ថា ស្មើគ្នា ប៉ុន្តែសួរថា ស្មើទេ? អត់ស្មើទេ អ៊ីចឹងយើងមិនបាច់និយាយថាស្មើគ្នា យើងនិយាយពាក្យថា សមធម៌។

អ៊ីចឹង អ្នកបង់ពន្ធជូនជាតិ ជូនរដ្ឋ ហើយរដ្ឋបានបម្រើសេវាសាធារណៈ គ្រប់ផ្នែកទាំងអស់ ប្រជាជន គាត់ទទួលយកបាន អាហ្នឹងហើយហៅថា សមធម៌នោះ ប៉ុន្តែបើសិនជារដ្ឋ យកទៅចាយខ្ជះខ្ជាយ ហើយប្រជាជនមិនអាចទទួលយកបាន អាហ្នឹងរដ្ឋខុសហើយ ប៉ុន្តែយើងឃើញជាទូទៅ ការបម្រើសេវាសាធារណៈ ប្រជាជនហ្នឹង កាន់តែប្រសើរឡើងហើយ”៕

 កុលបុត្រ

RELATED ARTICLES