Saturday, October 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជាងដំឡើងប៉ាណូ ខ្សែភ្លើងឆក់ឆេះខ្លួន

ជាងដំឡើងប៉ាណូ ខ្សែភ្លើងឆក់ឆេះខ្លួន

ភ្នំពេញ ៖ បុរសជាជាងធ្វើស្លាកប៉ាណូផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនទឹកដោះគោមួយ បានឡើងទៅលើបង្គោលប៉ាណូ ដើម្បីដំឡើងស្លាកផ្សាយពាណិជ្ជកម្ម ស្រាប់តែប៉ះខ្សែភ្លើងស្រាតឆក់ បណ្តាលឱ្យឆេះខ្លួន ជាប់នៅខាងលើ ត្រូវបានក្រុមជាងដូចគ្នា ហៅរថយន្តស្ទួច ទម្លាក់ចុះរួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅលើប៉ាណូផ្សាយពាណិជ្ជកម្ម ១កន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ។

បុរសរងគ្រោះ ពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ បានរងរបួសឆេះខ្លោចពេញខ្លួន និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រៈកុសុមៈ ហៅមន្ទីរពេទ្យលោកសង្ឃ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមជាងចំនួន៤នាក់ ជិះរថ យន្ត ១គ្រឿង បាននាំគ្នាឡើងទៅជួសជុល ធ្វើស្លាកប៉ាណូផ្សាយពាណិជ្ជកម្មរបស់ទឹកដោះគោមួយ នៅកន្លែងកើតហេតុ។ នៅពេលនោះគេឃើញក្រុមជាង ៣នាក់បានឡើងទៅលើបង្គោលប៉ាណូ និងម្នាក់ នៅផ្នែកខាងក្រោម។ ខណៈនោះ ជនរងគ្រោះនៅខាងលើ បានប៉ះនិងខ្សែភ្លើងស្រាត បណ្តាលឱ្យឆក់ ឆាបឆេះពេញខ្លួន ហើយដួលសន្លប់នៅលើបង្គោលប៉ាណូនោះតែម្តង។

ប្រភពដដែល បន្តថា ភ្លាមៗក្រុមជាងរួមការងារ បានហៅរថយន្តស្ទូច ដែលធ្វើដំណើរឆ្លងកាត់ជួយសង្គ្រោះទម្លាក់ជនរងគ្រោះចុះក្រោម រួចចាត់ចែងទាក់ទងហៅរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ។

តាមប្រភពព័ត៌មានចុងក្រោយ បានឱ្យដឹងថា ជនរងគ្រោះស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរណាស់ ដោយសារត្រូវភ្លើងឆេះរលាកពេញខ្លួន៕

RELATED ARTICLES