គាត់នៅ Single យូរពេក… ផ្អើលសមត្ថកិច្ចទៅមើល

0
576

ខេត្តត្បូងឃ្មុំ ៖ បុរសវ័យចំណាស់ម្នាក់គ្មានប្រពន្ធកូននឹងគេនោះទេ (កំលោះចាស់) រស់នៅតែម្នាក់ឯង និងថែមទាំងមានជំងឺប្រចាំកាយផង សតិមិនប្រក្រតីផង លុះក្រោយពីបាត់មិនឃើញចេញពីផ្ទះជាច្រើនថ្ងៃ ក៏ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងអង្រឹងយ៉ាងអាណោចអាធ័ម ដោយសភាពសាកសពហើមស្អុយទៅហើយ។

ករណីប្រទះឃើញសាកសពហើមស្អុយខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ។

បុរសរងគ្រោះដែលដេកស្លាប់ក្នុងអង្រឹងខាងលើ មានឈ្មោះលើ អូន អាយុ៥៧ឆ្នាំ ជាកំលោះចាស់ គ្មានប្រពន្ធកូននឹងគេនោះទេ សព្វថ្ងៃស្នាក់នៅតែម្នាក់ឯងក្នុងផ្ទះតៀមមួយ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះគឺជាកំលោះចាស់គ្មានប្រពន្ធកូននឹងគេនោះទេ ហើយថែមទាំងជាមនុស្សមានសតិមិនសូវប្រក្រតីផង និងមានជំងឺលើសឈាមប្រចាំកាយទៀតផង។ លុះក្រោយមក ជនរងគ្រោះបានបាត់មិនឃើញចេញពីផ្ទះជាច្រើនថ្ងៃ ប៉ុន្តែក៏មិនមានអ្នកណាម្នាក់ចាប់អារម្មណ៍ដែរ។

រហូតមកដល់វេលាព្រឹកថ្ងៃកើតហេតុ ដោយសារតែអ្នកជិតខាងហាក់ធុំក្លិនស្អុយចម្លែកចេញពីផ្ទះជន រងគ្រោះ ទើបនឹកឆ្ងល់ក៏ចូលទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងអង្រឹងឡើងហើមស្អុយទៅហើយ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ និងគ្រូពេទ្យមណ្ឌលសុខភាពបានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះបានដេកស្លាប់នៅលើអង្រឹងក្នុងផ្ទះតៀមរបស់ខ្លួន ដោយបិតទ្វារចាក់គន្លឹះទាំងខាងមុខនិងក្រោយ ហើយសាកសពមានសភាពហើមធុំក្លិនស្អុយទៅហើយ។

តាមការសន្និដ្ឋាន ជនរងគ្រោះបានស្លាប់ដោយសារសំពាធឈាមឡើងខ្ពស់បណ្តាលឱ្យដាច់សសៃខួរក្បាលស្លាប់ពិតប្រាកដមែន ពុំមានពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌឡើយ។

សាកសពត្រូវបានប្រគល់ជូនទៅឈ្មោះលី អេងស៊ាង ត្រូវជាបងបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី៕