ឈរមើលត្រាក់ទ័រភ្ជួរដី ក្រោមភ្លៀងរលឹម ស្រាប់តែជួបរឿងបែបនេះទៅវិញ

0
281

ខេត្តកំពង់ធំ ៖ បុរសម្នាក់បានទៅឈរមើលប្អូនប្រុសរបស់ខ្លួនបើកត្រាក់ទ័រភ្ជួរដីស្រែ លុះបន្តិចក្រោយមក មេឃក៏ចាប់ផ្តើមធ្លាក់ភ្លៀងរលឹមស្រិចៗលាយឡំនឹងផ្លេកបន្ទោរចាំងព្រាកៗ រួចក៏កើតមានបាតុភូតធម្មជាតិរន្ទះបាញ់ចំជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចត្រពាំងម៉ម ស្ថិតក្នុងភូមិសាស្ត្រភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក។

បុរសរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់ មានឈ្មោះសារិន រតនា អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិមាកពី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅឈរមើលប្អូនកំពុងភ្ជួរស្រែដោយត្រាក់ទ័រ។ លុះបន្តិចក្រោយមក មេឃក៏ចាប់ផ្តើមធ្លាក់ភ្លៀងរលឹមស្រិចៗ ស្រាប់តែរំពេចនោះក៏មានរន្ទះបានបាញ់ចំជនរងគ្រោះដែលកំពុងឈរមើលប្អូនប្រុសបើកត្រាក់ទ័រភ្ជួរដី និងស្ថិតនៅចម្ងាយពីត្រាក់ទ័រប្រមាណជា៤ម៉ែត្រ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងភ្លាមៗ មួយរំពេចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពពុំមានឃើញស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ថាពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕