ស្រីស្អាតហេង ចន្ថា បង្ហើបថា អញ្ជើញចូលចុះ បើស្រឡាញ់

0
116

ភ្នំពេញ ៖ ស្រីស្អាតហេង ចន្ថា ហៅនាងចេកអាំង អតីតបវរកញ្ញា Miss Grand Cambodia ឆ្នាំ២០១៦ បានបង្ហោះសារតាមបណ្តាញសង្គម ហាក់ចង់បង្ហើបប្រាប់បុរសដែលស្រឡាញ់នាងថា អញ្ជើញចូលចុះ បើស្រឡាញ់ ហើយកុំទុកយូរនាំជូរផ្អូម សូមប្រញាប់សារភាពប្រាប់ចាស់ទុំចូលស្តីដណ្តឹងនាងទៅ ព្រោះនាងមិនត្រូវការផ្កាកុលាបទេ គឺនាងត្រូវការផ្កាស្លា។

កញ្ញាហេង ចន្ថា បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់នាង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ថា “គ្មាននរណាម្នាក់ប្រាថ្នាចង់បានជីវិតនៅម្នាក់ឯងទេ ពេលខ្លះជួប ហើយក៏ព្រាត់ ដោយសារកត្តាគ្រួសារ ពេលខ្លះដោយសារខុសខែឆ្នាំ តែពេលខ្លះទោះដឹងថា ខុសបែបណាក៏ដោយ ក៏តស៊ូជម្នះទៅជាមួយគ្នាឱ្យបាន អ៊ីចឹងបើសិនជាជួបមនុស្សដែលល្អហើយព្រមទទួលយកគ្រប់យ៉ាងដែរយើង ទាំងចំណុចល្អនិងអាក្រក់ និងមិនខ្វល់ពីអតីតកាលរបស់យើង កុំទុកយូរប្រញាប់សារភាពទៅ ប្រញាប់ប្រាប់ចាស់ទុំឱ្យចូលស្តីដណ្តឹងនាងទៅ នាងមិនត្រូវការផ្កាកុលាប តែនាងត្រូវការផ្កាស្លា”។

ជុំវិញការបង្ហើបតម្រុយខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំយោបល់បន្ថែមពីកញ្ញាហេង ចន្ថា បានទេ កាលពីម្សិលមិញ។

គួររំលឹកដែរថា មុនពេលកញ្ញាហេង ចន្ថា បង្ហើបតម្រុយដល់បុរសដែលស្រឡាញ់នាងឱ្យប្រញាប់ចូលស្តីដណ្តឹងដល់ចាស់ទុំនេះ នាងធ្លាប់បានទម្លាយរឿងមារតាមឈ្នានីសនាងផងដែរ។

កញ្ញាហេង ចន្ថា បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់នាង នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ថា “ខ្ញុំគឺជាខ្ញុំអាក្រក់ ឬល្អយ៉ាងណាក៏នៅតែជាខ្ញុំ មិនមែនជាអ្នកចង់ប្រាប់ថា មិនបាច់ខំមកតាមដានជីវិតខ្ញុំពេកទេ ខ្ញុំមានគ្រួសារខ្ញុំមើលថែហើយ ពិតជាសរសើរអ្នកមែនទែនដែលអ្នកចំណាយពេលដ៏មានតម្លៃរបស់អ្នក ទុកការងារចោលមកអង្គុយតាមដានជីវិតខ្ញុំ ឈ្នានីសខ្ញុំ ដើរដេក ឈរអង្គុយ ចាំតែវិភាគថា ខ្ញុំបែបនេះបែបនោះ ថ្ងៃនេះខ្ញុំធ្វើអី ទៅណា?

អរគុណខ្លាំងណាស់ដែលតាមដានរាល់ថ្ងៃ ទាំង IG FB អូយពិតជាហត់ណាស់ ហើយ hmm ហត់ជំនួស តែចង់ប្រាប់ថាអ្នករវល់តែតាមដានជីវិតខ្ញុំ និងគ្រួសារ ប្រយ័ត្នភ្លេចមើលថែគ្រួសារខ្លួនឯងវិញ… ខ្ញុំចាំតែមើលទេ តែខ្ញុំក៏មិនខឹង តែក៏អរគុណបើខ្ញុំមិនមានអីពិសេស ប្រាកដជាអ្នកមិនខំប្រឹងនិយាយឈ្នានីស តាមដានខ្ញុំអ៊ីចឹងទេ ឬមួយក៏អ្នកច្រណែនខ្ញុំ ហេហេហេ”។

កញ្ញាហេង ចន្ថា បានសរសេរបន្ថែមថា “ចុងក្រោយខ្ញុំចង់ប្រាប់ថា មើលថែក្រុមគ្រួសារអ្នកឱ្យបានល្អផងណា កុំមកអត់ប្រយោជន៍ជាមួយខ្ញុំអី ខ្ញុំរីករាយណាស់ពេលបានដឹងថា អ្នកមិនដែលមានគំនិតចង់ឈប់ឈ្នានីសខ្ញុំ បើអ្នកកាន់តែធ្វើបែបនេះ ខ្ញុំកាន់តែមានកម្លាំងប្រឹងបន្តទៅមុខឱ្យបានជោគជ័យខ្លាំងឡើង”។

គួរបញ្ជាក់ថា កញ្ញាហេង ចន្ថា ហៅនាងចេកអាំង គឺជាអតីតបវរកញ្ញា Miss Grand Cambodia ឆ្នាំ២០១៦ ដែលមានរូបសម្រស់ស្អាត មានមន្តស្នេហ៍គួរឱ្យបេតី។ នាងបានក្លាយជាតារាសម្តែងល្បីឈ្មោះមួយដួងដែលទស្សនិកជនស្គាល់នាងច្បាស់ តាមរយៈការសម្តែងជាតួឯកស្រីក្នុងរឿងភាគទូរទស្សន៍ “នាងចេកអាំង” រហូតគេហៅនាងថា “នាងចេកអាំង” មកទល់សព្វថ្ងៃ៕