Friday, April 26, 2024
Homeព័ត៌មានជាតិឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ផ្តល់អំណោយពលរដ្ឋជាង៣០០គ្រួសារ

ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ផ្តល់អំណោយពលរដ្ឋជាង៣០០គ្រួសារ

ខេត្តកណ្តាល ៖ ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំប្រតិភូសាខា ចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៣០៥គ្រួសារ មកពីឃុំចំនួន៤ នៅក្នុងបរិវេណវត្តមហានិគ្រោធ ហៅវត្តចាស់ ស្ថិតក្នុងឃុំព្រែកដំបង ស្រុកមុខកំពូល។

ឯកឧត្តមគង់ សោភ័ណ្ឌ បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះទាំងអស់ដោយក្តីនឹករឭក។ ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុខទុក្ខប្រជាពលរដ្ឋទូទៅ ទោះបីស្ថិតនៅស្ថានភាពបែបណាក៏ដោយ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានា ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ហើយការចុះជួយសង្គ្រោះ គឺធ្វើឡើងដោយមិនប្រកាន់នូវនិន្នាការនយោបាយ សាសនា វណ្ណៈ ពូជសាសន៍ ឬពណ៌សម្បុរអ្វីឡើយ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់គ្រួសាររងគ្រោះសូមកុំអស់សង្ឃឹម ត្រូវមានសាមគ្គីភាពក្នុងគ្រួសារ ត្រូវពង្រឹងជីវភាពបន្ថែមទៀត ដោយខិតខំធ្វើការរកប្រាក់ចំណូលតាមជំនាញរៀងៗខ្លួនដើម្បីធ្វើឱ្យជីវភាពគ្រួសារមានភាពប្រសើរឡើង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរតាមដងផ្លូវសាធារណៈ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចៀសវាងមានការផាកពិន័យធ្ងន់ធ្ងរ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវក្នុងពេលបើកបរយានយន្ត មានឯកសារគ្រប់គ្រាន់ កុំបើកបរហួសល្បឿនកំណត់ កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងសូម ចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹង ដែលជាហេតុនាំឱ្យមានអំពើហិង្សា និងមហន្តរាយផ្សេងៗដល់ក្រុមគ្រួសារ និងសង្គមជាតិ។

អំណោយជាគ្រឿងឧបភោគបរិភោគ ដែលបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង៣០៥គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម មី១កេស ទឹកសុទ្ធ១កេស ទឹកដោះគោឆៅ៦ដប ម៉ាសក៍១០បន្ទះ ទឹកអាល់កុល១ដប សាប៊ូម្សៅ១កញ្ចប់ ឆៃប៉ូវ១គីឡូក្រាម និង ខ្ទឹមសចំនួនកន្លះគីឡូក្រាម។

ចំពោះថវិកាបានផ្តល់ជូនគ្រួសាររងគ្រោះប៉ើងដំបូលធ្ងន់ធ្ងរ ចំនួន៤៤គ្រួសារ ក្នុង១គ្រួសារៗ ថវិកា១៥ម៉ឺនរៀល គ្រួសាររងគ្រោះប៉ើងដំបូលផ្ទះដោយអន្លើ (មធ្យម) ចំនួន២៤៨គ្រួសារ ក្នុង១គ្រួសារៗ ថវិកា១០ម៉ឺនរៀល។

ដោយឡែក គ្រួសាររងគ្រោះរលំផ្ទះទាំងស្រុង១០គ្រួសារ ឧបត្ថម្ភក្នុង១គ្រួសារៗ ថវិកាចំនួន៤០ម៉ឺនរៀល ហើយ២គ្រួសារទៀតដែលមានជីវភាពទីទ័លក្រខ្លាំង ត្រូវបានឯកឧត្តមឧបត្ថម្ភសសរផ្ទះ ក្នុង១គ្រួសារៗ ចំនួន៦ដើម ថវិកា៣លានរៀល និង១គ្រួសារទៀត បានឧបត្ថម្ភសសរផ្ទះ៦ដើម និងថវិកាចំនួន២លានរៀលផងដែរ៕

RELATED ARTICLES