គ្រាន់តែនាងឆ្លើយចប់ អ្នកលក់អីវ៉ាន់រត់ទៅប្រាប់សន្តិសុខ ឲ្យមកជួយ

0
331

ភ្នំពេញ ៖ ស្ត្រីម្នាក់ព្រោះតែមានជីវភាពខ្វះខាត ទើបទៅខ្ចីបុលគេចំនួន១៦០ដុល្លារ លុះអត់ទាន់មានលុយសងគេវិញ ត្រូវម្ចាស់បំណុលតាមទារព្រឹកទារល្ងាចមិនស្វាង ធ្វើឱ្យធុញថប់ក្នុងជីវិតរកផ្លូវដោះស្រាយមិនចេញ ក៏សម្រេចចិត្តគិតខ្លីរត់មកលោតទឹកស្ពានជ្រោយចង្វា ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចគល់ស្ពានបាឡេក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ស្ត្រីខូចចិត្តរឿងជំពាក់បំណុលគេអត់មានលុយសង រហូតដល់ដាច់ចិត្តរត់មកលោតទឹកសម្លាប់ខ្លួននេះ មានឈ្មោះយ៉េត អាយុជាង៣០ឆ្នាំ ស្នាក់នៅភូមិព្រែកតាសេក សង្កាត់ព្រែកសេក ខណ្ឌជ្រោយចង្វា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ដំបូងឡើយស្ត្រីខាងលើបានទៅខ្ចីលុយគេចំនួន១៦០ដុល្លារ យកមកប្រើការ លុះក្រោយមកដល់ថ្ងៃកំណត់ត្រូវសងគេវិញ បែរជាគ្មានលុយសងគេ ទើបត្រូវម្ចាស់លុយតាមមកទារព្រឹកទារល្ងាច ស្ទើរតែរៀងរាល់ថ្ងៃ ជាហេតុធ្វើឱ្យស្ត្រីរូបនេះធុញថប់នឹងរឿងជាប់បំណុលគេអត់លុយសង ក៏សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានបាឡេបែបនេះតែម្តង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីខាងលើដើរបណ្តើរយំបណ្តើរ សំដៅឡើងទៅលើស្ពានបាឡេត្រើយខាងកើត ឃើញបែបនេះក៏មានបុរសអ្នកលក់អីវ៉ាន់តាមរទេះរុញម្នាក់ បានមកសួរថា “កើតអីបានជាយំ” ហើយស្ត្រីខាងលើក៏ឆ្លើយថា “ចង់ងាប់” ឮបែបនេះ បុរសអ្នកលក់អីវ៉ាន់រូបនោះ ក៏បានរត់ទៅប្រាប់សន្តិសុខដែលយាមនៅក្បែរគល់ស្ពាន ដើម្បីឱ្យជួយឃាត់កុំឱ្យស្ត្រីនោះទៅលោតទឹក ឃាត់រួចសន្តិសុខក៏រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកកន្លែងកើតហេតុ ជួយអន្តរាគមន៍រារាំងស្ត្រីខាងលើមិនឱ្យគិតខ្លីបាននោះឡើយ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានទាក់ទងសាចញាតិមកទទួលយកស្ត្រីខាងលើត្រឡប់ទៅផ្ទះវិញ៕