គាត់ប្រាប់មិត្តភក្តិរួចក៏ដើរចេញបាត់ទៅ ស្រាប់តែព្រឹកឡើងផ្អើលដល់សមត្ថកិច្ច

0
109

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ព្រោះតែវក់នឹងការប្រើប្រាស់ថ្នាំញៀនដកខ្លួនមិនរួច ទើបចេះតែបំផ្លិចបំផ្លាញរបស់របរទ្រព្យសម្បត្តិក្នុងផ្ទះអស់យ៉ាងសន្ធឹកសន្ធាប់ លុះចុងក្រោយក៏យកម៉ូតូទៅដាក់បញ្ចាំ បានលុយដើរចាយវាយហ្មត់ អត់លុយទៅលស់យកមកវិញ អត់ហ៊ានចូលផ្ទះ ក៏ស្រាប់តែដាច់ចិត្តគិតខ្លីលោតសម្លាប់ខ្លួនពីលើភ្នំ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចជើងភ្នំធំ ស្ថិតនៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។

យុវជនចិត្តខ្លាំងគំនិតខ្លីដែលលោតសម្លាប់ខ្លួនពីលើភ្នំនេះ មានឈ្មោះរ៉ន ភារ៉ា ហៅបារាំង អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី។

តាមសម្តីបុរសឈ្មោះសឿង សុផា អាយុ៣៧ឆ្នាំ រស់នៅភូមិភ្នំធំត្បូង ឃុំអូប្រាសាទ ស្រុកមង្គលបូរី បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ជនរងគ្រោះបានហូបបាយជាមួយខ្លួន ហើយបានពោលពាក្យថា “ពិបាកចិត្តណាស់យកម៉ូតូទៅបញ្ចាំគេ គ្មានលុយទៅលស់ មិនហ៊ានចូលផ្ទះ ចង់តែស្លាប់ឱ្យផុតៗ ចង់តែឡើងលើភ្នំឱ្យរន្ទះបាញ់ស្លាប់ទេ” លុះពេលនិយាយរួច ជនរងគ្រោះក៏បានដើរចេញបាត់ទៅ ចំណែកគាត់ក៏បានចូលទៅដេកនៅក្នុងផ្ទះ ដោយមិនបានចាប់អារម្មណ៍ថា ជនរងគ្រោះអាចនឹងមានគំនិតខ្លីបែបនេះសោះ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោងប្រហែល១រំលងអធ្រាត្រ គាត់បានឮសូរសំឡេង ដូចជាអ្វីម៉្យាងធ្លាក់ពីលើភ្នំខាងក្រោយផ្ទះ តែក៏មិនចាប់អារម្មណ៍អ្វីដែរ នឹកស្មនាថាថ្មភ្នំបាក់ធ្លាក់ចុះក្រោម ព្រោះកន្លងមកថ្មភ្នំធ្លាប់តែបាក់ធ្លាក់ហូរហែមកហើយ រួចក៏សម្ងំដេកលក់វិញទៅ។ ស្រាប់តែមកដល់វេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពេលខ្លួនដើរទៅរកបត់ជើងនៅជើងភ្នំ ក៏ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅនឹងជើងភ្នំធំបាត់ទៅហើយ ទើបកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះរ៉ន ភារ៉ា ហៅបារាំងនេះ គឺជាមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀន ហើយក៏ធ្លាប់ជាប់ពន្ធនាគារនិងមណ្ឌលកែប្រែផងដែរ។ មិនតែប៉ុណ្ណោះ កន្លងមកជនរងគ្រោះធ្លាប់បានបំផ្លាញទ្រព្យសម្បត្តិរបស់ឪពុកម្តាយអស់ជាច្រើនមកហើយ។ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ក៏ទទួលបានសេចក្តីរាយការណ៍មកថា មានអ្នកប្រទះឃើញជនរងគ្រោះដេកស្លាប់នៅជើងភ្នំធំ។

ក្រោយពីទទួលបានព័ត៌មានពីមនុស្សដេកស្លាប់នៅជើងភ្នំភ្លាម លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានដាក់បញ្ជាឱ្យកម្លាំងនគរបាលធ្វើការត្រួតពិនិត្យ ក្នុងនោះសមត្ថកិច្ចបានបង្កើតគណៈកម្មការត្រួតពិនិត្យស្រាវជ្រាវ ដោយមានកម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងកម្លាំងជំនាញស្រុកមង្គលបូរី គ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន ធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យសព។

តាមលទ្ធផលកោសល្យវិច័យ បង្ហាញថា សាកសពមានស្លាកស្នាមបែកនៅលើថ្ពាល់ខាងស្តាំដែលធ្លាក់មកផ្ទប់នឹងថ្មជើងភ្នំ ចំណែកនៅលើភ្នំ គឺមានស្នាមរអិលធ្លាក់ចុះមកក្រោម និងមានដាច់កូនឈើលើភ្នំធ្លាក់ចុះមកក្រោមផងដែរ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ការស្លាប់របស់ជនរងគ្រោះស្លាប់ ពិតជាករណីធ្វើអត្តឃាតដោយលោតពីទីខ្ពស់ (លើភ្នំ) ធ្លាក់មកដីបណ្តាលឱ្យស្លាប់ប្រាកដមែន។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕