ខ្ចីម៉ូតូទៅយកមិត្តភក្តិនៅណាហ្គា មួយភ្លែត… ២ខែ ទើបរកឃើញ

0
169

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះតាមរកអស់រយៈពេលជាង២ខែ ទើបឃើញក៏នាំខ្លួនមកប្រគល់ឱ្យប៉ូលិស ដោយសារតែជនសង្ស័យម្នាក់នេះបានប្រើល្បិចខ្ចីម៉ូតូរបស់ជនរងគ្រោះថា ជិះទៅហៅមិត្តភក្តិមួយភ្លែត ស្រាប់តែស៊ីដាច់គេចខ្លួនបាត់រហូតតែម្តង។

ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះ ប្រគល់ជូនប៉ូលិសកាលពីវេលា៥និង១៧នាទីល្ងាច ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ក្រោយពីស៊ីដាច់ម៉ូតូ កាលពីរំលងអធ្រាត្រថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២០ ចំណុចកំពង់ដរអរិយក្សត្រ ស្ថិតនៅភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ា ដួងច័ន្ទ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ពុំមានប្រើប្រាស់សារធាតុញៀន)។

ចំណែកជនរងគ្រោះឈ្មោះ សៅ ដាណេត អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវ៦៣ ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មុខរបរបុគ្គលិកហាងស៊ុប។ រីឯវត្ថុតាងបាត់បង់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ស្លាកលេខភ្នំពេញ 1FU-3065។

សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ វេលារំលងអធ្រាត្រ ជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះទៅហូបអីនៅចំណុចកំពង់ដរអរិយក្សត្រ ស្ថិតនៅភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ នៅពេលដែលកំពុងតែហូបចុកនោះ ជនសង្ស័យក៏បានប្រើល្បិចខ្ចីម៉ូតូជនរងគ្រោះទៅទទួលមិត្តភក្តិម្នាក់ទៀត ដែលធ្វើការនៅណាហ្គាវើល ដើម្បីមកហូបជាមួយគ្នាដែរ។

លុះជនសង្ស័យយកម៉ូតូទៅយូរមិនឃើញត្រឡប់មកវិញ ហើយទូរស័ព្ទតេលែងចូល ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ។

ប្រភពបន្តថា រហូតមកដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៥និង១៧នាទីល្ងាច ជនរងគ្រោះបានឃើញជនសង្ស័យនៅចំណុចក្នុងហាងកាត់សក់ក្នុងផ្សារឯករាជ្យ១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជនរងគ្រោះក៏បានឃាត់ និងនាំជនសង្ស័យយកមកប្រគល់ឱ្យនគរបាលប៉ុស្តិ៍ចតុមុខ ដើម្បីចាត់ការតាមច្បាប់តែម្តង៕