រោងភាពយន្ត និងរោងសម្តែងសិល្បៈ ត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ

0
99

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យរោងភាពយន្ត និងរោងសម្តែងសិល្បៈ បើកដំណើរការឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកមួយរយៈដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លេខ៤២សជណ ចុះថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា “ជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងយោងតាមលិខិតលេខ០៤៣សខល ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល បណ្តារោងភាពយន្ត និងរោងសម្តែងសិល្បៈនៅទូទាំងប្រទេស បានចូលរួមអនុវត្តយ៉ាងពេញលេញតាមការណែនាំ ដោយបានបញ្ឈប់សកម្មភាពចាក់បញ្ចាំងភាពយន្ត និងសកម្មភាពសម្តែងសិល្បៈនានា ចាប់ពីពេលនោះមក។

ដើម្បីជួយសម្រាលការលំបាកផ្នែកសេដ្ឋកិច្ច ក៏ដូចជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់សិល្បករ សិល្បការិនី ព្រមទាំងផលិតករ អាជីវករ ម្ចាស់រោងភាពយន្ត និងរោងសម្តែងសិល្បៈ ក្នុងបុព្វហេតុអភិរក្ស និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឱ្យបើកដំណើរការឡើងវិញនូវរោងភាពយន្ត និងរោងសម្តែងសិល្បៈ ដោយតម្រូវឱ្យគោរពតាមគោលការណ៍ស្តង់ដារប្រតិបត្តិ (SOP) ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល និងក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងលក្ខខណ្ឌតម្រូវសុវត្ថិភាពនានា រួមមាន ៖

១. រោងភាពយន្ត និងរោងសម្តែងសិល្បៈ ដែលមានបំណងបើកដំណើរការសកម្មភាពរបស់ខ្លួនឡើងវិញ ត្រូវដាក់ពាក្យស្នើសុំ និងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីធានាការអនុវត្តនូវគោលការណ៍ស្តង់ដាប្រតិបត្តិឱ្យបានត្រឹមត្រូវ។

២. ការអនុញ្ញាតឱ្យបើកដំណើរការរោងភាពយន្ត និងរោងសម្តែងសិល្បៈឡើងវិញ បន្ទាប់ពីរោងភាពយន្ត ឬរោងសម្តែងសិល្បៈទាំងនោះបានត្រៀមរៀបចំខ្លួនរួចរាល់ និងប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលក្ខខណ្ឌតម្រូវសុវត្ថិភាព ដូចមានចែងក្នុងគោលការណ៍ស្តង់ដាប្រតិបត្តិការពារការចម្លងវីរុសកូវីដ-១៩។

៣. ការបើកដំណើរការរោងភាពយន្ត និងរោងសម្តែងសិល្បៈឡើងវិញ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយមានការទទួលខុសត្រូវខ្ពស់ និងចូលរួមសហការពេញលេញជាមួយក្រុមការងារចម្រុះរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ដែលមានភារកិច្ចចុះត្រួតពិនិត្យតាមដានការអនុវត្តគោលការណ៍ស្តង់ដាប្រតិបត្តិ និងសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន និងសូមសិល្បករ សិល្បការិនី ព្រមទាំងផលិតករ អាជីវករ ម្ចាស់រោងភាពយន្ត និងរោងសម្តែងសិល្បៈ ដែលមានបំណងបើកដំណើរការរោងភាពយន្ត និងរោងសម្តែងសិល្បៈឡើងវិញ ត្រូវមកដាក់ពាក្យស្នើសុំនៅនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ…”៕