ស្គាល់គ្នា៣ថ្ងៃ ណាត់ជួបមុខផ្ទះសំណាក់ ស្រែកឡាំប៉ាផ្អើលតែម្តង

0
188

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវជនសង្ស័យ២នាក់ដែលទើបនឹងស្គាល់គ្នាបាន៣ថ្ងៃ ណាត់ដើរលេង ទើបខំទៅខ្ចីម៉ូតូថៅកែជិះទៅទទួលជនសង្ស័យ លុះទៅដល់ ជនសង្ស័យក៏នាំទៅកន្លែងស្ងាត់វ៉ៃប្លន់ម៉ូតូ ទូរស័ព្ទ ព្រមទាំងលុយ៥០ដុល្លារ រួចនាំគ្នាគេចខ្លួនបាត់អស់ នៅសល់តែយុវជនរងគ្រោះរត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីវ៉ៃប្លន់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវបេតុងតូចកែងនឹងផ្លូវ២១៧ (មុនីរ៉េត) ជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

យុវជនរងគ្រោះដែលត្រូវគេល្បួងទៅដើរលេងរួចវ៉ៃប្លន់អស់ពីខ្លួននេះ មានឈ្មោះយិង យឿង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកកង់បីដឹកឥវ៉ាន់ ស្នាក់នៅកន្លែងធ្វើការនៅម្តុំគីរីរម្យ និងមានស្រុកកំណើតនៅខេត្តព្រះវិហារ។ ចំណែកជនសង្ស័យមានគ្នា២នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ក្រោយធ្វើសកម្មភាពរួចនាំគ្នាគេចខ្លួនបាត់ស្រមោលអស់។

តាមសម្តីរបស់ជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា រវាងរូបគេនិងជនសង្ស័យទាំង២នាក់ខាងលើ ទើបនឹងស្គាល់គ្នាបាន៣ថ្ងៃប៉ុណ្ណោះ លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យក៏បានណាត់រូបគេទៅដើរលេងទាំងអស់គ្នា។ បន្ទាប់មករូបគេបានទៅខ្ចីម៉ូតូថៅកែ ម៉ាកធូដេ ពណ៌ស មិនចាំស្លាកលេខ ជិះទៅជួបជនសង្ស័យដែលទើបស្គាល់គ្នាបាន៣ថ្ងៃ នៅចំណុចមុខផ្ទះសំណាក់១កន្លែង ជិតស្ពានអាកាសស្ទឹងមានជ័យ។

ជនរងគ្រោះបន្តថា នៅពេលជួបគ្នាហើយ ជនសង្ស័យម្នាក់ក៏ទាមទារបើម៉ូតូ ដោយឱ្យរូបគេជិះកណ្តាល ចំណែកជនសង្ស័យម្នាក់ទៀតជិះពីក្រោយ រួចក៏ឌុបគ្នាជិះចុះជិះឡើង ក៏ចូលទៅក្នុងផ្លូវតូចៗ ពេលនោះខ្លួនក៏មានអារម្មណ៍សង្ស័យ ក៏សួរនាំថាទៅណា ស្រាប់តែជនសង្ស័យបានឈប់ម៉ូតូ វ៉ៃរូបគេឱ្យចុះពីលើម៉ូតូ និងព្យាយាមយកម៉ូតូជិះចេញគេចខ្លួន តែខ្លួនបានព្យាយាមរត់តាម ក៏ត្រូវជនសង្ស័យម្នាក់ទៀតចាប់ទាញកាបូបយកកាបូបរបស់ខ្លួន ហើយរត់បាត់អស់ ដោយក្នុងកាបូបនោះមានលុយចំនួន៥០ដុល្លារ និងទូរស័ព្ទដៃ១គ្រឿង ម៉ាក OPPO ទៀតផង។

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដើម្បីឱ្យសមត្ថកិច្ចជួយ កំណត់មុខសញ្ញា ដើម្បីតាមប្រមាញ់ចាប់ខ្លួនក្រុមជនសង្ស័យនាំយកមកចាត់ការតាមច្បាប់៕