ឪពុកម្តាយអត់មាត់អត់កអ្វីទាំងអស់… ប៉ុន្តែកូននេះបានចិត្ត

0
172

ខេត្តពោធិ៍សាត់ ៖ យុវជនម្នាក់ទើបនឹងត្រឡប់មកពីដើរលេងក្រៅផ្ទះវិញ ក៏ស្រាប់តែបញ្ចេញចរិតកោងកាច ស្រែកឡូឡារករឿងឪពុកម្តាយខុសទំនង លុះឃើញឪពុកម្តាយអត់មាត់ ក៏ស្រាប់បានចិត្ត កាន់តែខ្លាំងដៃលើសដើម ដោយបានធ្វើសកម្មភាពវាយបំផ្លាញរបស់ទ្រព្យ ចានឆ្នាំងក្នុងផ្ទះ បណ្តាលឱ្យរងការខូចខាតខ្ទេចអស់ ទើបធ្វើឱ្យបុរសជាឪពុកទ្រាំលែងបានក៏ប្តឹងឱ្យសមត្ថកិច្ចចាប់កូនប្រុសកំណាចយកទៅចាត់ការតាមច្បាប់តែម្តង។

ករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រុសវាយបំផ្លាញទ្រព្យរបស់ក្នុងផ្ទះខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះចែម តុលា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកជនរងគ្រោះជាឪពុក មានឈ្មោះចែម ងី អាយុ៥៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្ទះព្រៃ បានបញ្ជាក់ប្រាប់ថា ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះចែម តុលា ខាងលើនេះ គឺសមត្ថកិច្ចធ្វើតាមបណ្តឹងរបស់បុរសជាឪពុកឈ្មោះចែម ងី ពីបទបង្កការអុកឡុកនិងប្រើហិង្សាវាយបំផ្លិចបំផ្លាញចានឆ្នាំង ចង្ក្រានហ្គាសនឹងទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួនទៀត និងសង្ស័យថា កូនប្រុសរូបនេះបានប្រើប្រាស់នូវសារធាតុញៀន ទើបប្រព្រឹត្តនូវអំពើបែបនេះ។

បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្នាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការបន្ត៕