គាត់ខំរកស៊ីដល់យប់អាធ្រាត្រ… ចង់បានរបស់គេស្រួលម្ល៉េះ?

0
88

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីអ្នករត់ម៉ូតូកង់បីម្នាក់ នៅចំណុចមុខហាងសាឡន មួយកន្លែង តាមបណ្តោយផ្លូវ១០៧៤ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១- ឈ្មោះវ៉ាង សារឿន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិកំពង់សំណាញ់ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (គ្មានសារធាតុញៀន) និងទី២- ឈ្មោះម៉ម ចាន់ដេត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន)។

ចំណែកជនរងគ្រោះ មានឈ្មោះឃឹម កុសល់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួលលេខ២១៥ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ ខាងលើ បានជិះម៉ូតូ១គ្រឿង ម៉ាកហ្វីណូ ពណ៌ខៀវ សេរីចាស់ ពាក់ស្លាកលេខភ្នំពេញ 1AW-2860  ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីជនរងគ្រោះឈ្មោះឃឹម កុសល បានសម្រេច តែភ្លាមៗនោះ ត្រូវបានសមត្ថកិច្ចល្បាតប្រទះឃើញប្រដេញតាមចាប់ក្របួចជនសង្ស័យជាប់ទាំង២នាក់ ព្រមទាំងដកហូតបានវត្ថុតាង រួមមាន ម៉ូតូ១គ្រឿង ម៉ាកហ្វីណូ (របស់ជនសង្ស័យជិះធ្វើសកម្មភាព) និងទូរសព្ទ័ដៃ១គ្រឿង ម៉ាកសាំសុង (របស់ជនរងគ្រោះ) ប្រគល់ឱ្យជនរងគ្រោះវិញ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕