ឃើញនាងឡាយលក់ឡេរាល់ថ្ងៃ ដាច់ខ្លាំងណាស់ មិនគួរថែមមុខរបរថ្មីភ្លាម សមត្ថកិច្ចចាប់ខ្លួន

0
87

ខេត្តព្រះវិហារ ៖ នារីរូបស្រស់ម្នាក់តែងត្រូវបានគេឃើញឡាយហ្វេសប៊ុកលក់ឡេ ជារៀងរាល់ថ្ងៃ លុះលក់ឡេមិនសូវដាច់ក៏បែកគំនិតជួញដូរថ្នាំញៀន ទីបំផុតត្រូវកម្លាំងអាវុធហត្ថចុះក្របួចជាប់ ដោយដកហូតបានថ្នាំញៀនមួយចំនួន។

ប្រតិបត្តិការបង្ក្រាបស្រីស្អាតលក់ថ្នាំញៀនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិទួលប្រសើរ ឃុំបាក់អន្លង់ ស្រុកត្រពាំងប្រាសាទ។

នារីសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះហ៊ន សុគុន្ធា អាយុ១៧ឆ្នាំ មុខរបរលក់ឡេ មានលំនៅក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត។

តាមប្រភពពីមន្ត្រីអាវុធហត្ថ បានបញ្ជាក់ឱ្យដឹងថា ក្រោយឃាត់ខ្លួននារីសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម្សៅក្រាមថ្លា ចំនួន២កញ្ចប់ធំ និង២កញ្ចប់តូច ទម្ងន់ ១០,៩៩ក្រាម ថ្លឹងទាំងទូរស័ព្ទដៃ ចំនួន២គ្រឿង ម៉ាក Oppo ពណ៌ក្រហម១គ្រឿង និងម៉ាក iPhone ពណ៌ទឹក១គ្រឿង លុយចំនួន៧ពាន់រៀល និងកាបូបស្ពាយពណ៌ខ្មៅ១។

នារីសង្ស័យខាងលើ ព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថ​ កសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕