ព្រមព្រៀងគ្នាអស់ទៅហើយ ស្រាប់តែលោកប៉ូលិស ក្រឡាស់សម្តី

0
148

ខេត្តបន្ទាយមានជ័យ ៖ បុរសជាមន្ត្រីនគរបាលម្នាក់ ត្រូវបានប្រជាពលរដ្ឋម្នាក់ប្តឹងចោទប្រកាន់ថា បានធ្វើសកម្មភាពឆបោកប្រាក់អស់ចំនួន៥ពាន់ដុល្លារ ដោយអួតថា អាចធានាឱ្យចូលក្របខណ្ឌនគរបាលបាន តែធាតុពិតបានប្រាក់៥ពាន់ដុល្លារដល់ដៃ បែរជាស៊ីដាច់បាត់។

ប្រជាពលរដ្ឋដែលជាម្ចាស់ដើមបណ្តឹងខាងលើ មានឈ្មោះសេង សុគន្ធា អាយុ៣០ឆ្នាំ បច្ចុប្បន្នមានលំនៅក្នុងភូមិ កោះពងសត្វ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ។

តាមប្រភពពីជនរងគ្រោះខាងលើ បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ថា គាត់ត្រូវបានលោករ៉ែម វីរៈ បម្រើការងារនៅបណ្ឌិតសភានគរបាលកម្ពុជា បោកអស់ចំនួន៥០០០ដុល្លារ ដោយសារលោករ៉ែម វីរៈ បានធានាអះអាងថា អាចនាំចូលក្រមខណ្ឌ នគរបាលជាតិបាន តែត្រូវបង់ប្រាក់ចំនួន៥០០០ដុល្លារ ដោយបង់ជា៣ដំណាក់កាល ក្នុងនោះ លើកទី១ចំនួន៣៥០០ដុល្លារ លើកទី២ចំនួន ១០០០ដុល្លារ និងលើកទី៣ចំនួន៥០០ដុល្លារ ផ្ញើតាមរយៈវីង។

លោកសេង សុគន្ធា បានបន្តថា នៅក្នុងកិច្ចសន្យា គឺលោករ៉ែម វីរៈ បានកំណត់ឱ្យដាក់ថា (កិច្ចសន្យាចងការប្រាក់) មិនឱ្យសរសេរថា នាំចូលជាក្របខណ្ឌនគរបាលជាតិនោះទេ។ ក្រោយមកដោយសាររង់ចាំបាត់ៗ បន្ទាប់ពីជនរងគ្រោះបានរករឿង លោករ៉ែម វីរៈ អ្នកទាំងពីរបានណាត់ជួបគ្នានៅប៉ុស្តិ៍រដ្ឋបាលនគរបាលកោះពងសត្វ ដោយបានយល់ព្រមធ្វើកិច្ចសន្យាថា នឹងសងប្រាក់ចំនួន៤០០០ដុល្លារ នៅថ្ងៃទី១៨ ខែ០៦ ឆ្នាំ២០២០ មកឱ្យរូបគាត់ជាជនរងគ្រោះ។

លោកសេង សុគន្ធា បន្តថា ក្រោយធ្វើកិច្ចសន្យារួចមក លោករ៉ែម វីរៈ នៅតែមិនព្រមសង ទើបលោកសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ តែរហូតមកដល់ថ្ងៃនេះនៅមិនទាន់ឃើញក្រសួងមហាផ្ទៃ ចាត់វិធានការណាមួយចំពោះលោករ៉ែម វីរៈ ជាបុគ្គលិក បម្រើការងារនៅបណ្ឌិតសភានគរបាលកម្ពុជាឡើយ។

ជាចុងក្រោយនេះលោកសេង សុគន្ធា សូមស្នើដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៌ និងចាត់ការតាមច្បាប់ចំពោះបុគ្គលឆបោកឈ្មោះ រ៉ែម វីរ៉ នេះផងចុះ។

ជុំវិញករណីខាងលើនេះ “នគរធំ“ នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគី លោករ៉ែម វីរៈ បាននៅឡើយទេកាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕