ភ្លើងឆេះផ្សារកំពង់ពពិល ខ្ទេច៧៥តូប ខូចខាតជាង៣៥ម៉ឺនដុល្លារ

0
265

ខេត្តព្រៃវែង ៖ តូបរបស់អាជីវករលក់ដូរក្នុងផ្សារកំពង់ពពិល រាប់សិបតូប ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញដោយសារមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) បង្កឱ្យរងការខូចខាត គិតជាទំហំទឹកប្រាក់ប្រមាណជាង៣៥ម៉ឺនដុល្លារ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង ៨យប់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្សារកំពង់ពពិល ស្ថិតក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង។

លោកឡុង ប៊ុនធឿន អធិការស្រុកពារាំង បានបញ្ជាក់ប្រាប់ថា ករណីឆេះផ្សារកំពង់ពពិល ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល នោះ មូលហេតុមកពីទុស្សេខ្សែភ្លើង ហើយសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២១គ្រឿង និងបាញ់ទឹកអស់ចំនួន ២៥ស៊ីទែន ទើបរលត់ទៅវិញនៅម៉ោងប្រមាណជាង២យប់ ឈានចូលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

លោកអធិការ បន្តថា តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីម៉ោង ០៨យប់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ មានគេឃើញតូបជួសជុលកង់-ម៉ូតូ នៅជ្រុងប៉ែកខាងលិចនៃផ្សារ ដែលជាកន្លែងឆេះមុនគេ មានអណ្តាតភ្លើងឆេះតិចៗ ហើយក៏ផ្ទុះលាន់ដូចគ្រាប់បែក (សង្ស័យផ្ទុះហ្គាស់) បង្កជាភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញពីតូបមួយនោះ ហើយឆ្លងរាលដាលឆេះដល់តូបផ្សេងៗ ដូចជាតូបជួសជុលម៉ូតូ វីងវេរលុយ តូបលក់ខោអាវ លក់ទំនិញផ្សេងៗ ឆេះរាលពេញផ្សារកំពង់ពពិល តែម្តង ដោយអាជីវករបានប្រមូលទ្រព្យសម្បត្តិចេញបានតិចតួចប៉ុណ្ណោះ។

ដោយឡែក យោងតាមប្រភពពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងហេតុការណ៍អគ្គិភ័យ ឆេះផ្សារកំពង់ពពិល ខាងលើនេះ មានការចូលរួមអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ សរុបចំនួន២១គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន៣គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន៦គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ចំនួន៧គ្រឿង និងបានប្រើប្រាស់ទឹកអស់ចំនួន៧០ស៊ីទែន ទើបភ្លើងបានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង២ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រភពដដែល បញ្ជាក់ថា ចំពោះទំហំនៃការខូចខាតមានប្រហែល៧០ភាគរយ នៃផ្សារកំពង់ពពិល ទាំងមូល ដោយក្នុងនោះ ឆេះខូចខាត៧៥តូប ក្នុងចំណោម១០៥តូប (មិនទាន់គិតអ្នកលក់កញ្ច្រែងល្អីនៅឡើយ) ហើយគិតជាទំហំទឹកប្រាក់ខូចខាតអស់ប្រមាណ៣៥ម៉ឺនដុល្លារ៕