បក្សកាន់អំណាច ចំអកសម រង្ស៊ី ហ៊ានលះបង់-ផ្លាស់ប្តូរ ឲ្យមួរ សុខហួរ ចូលស្រុកជំនួស

0
84

ភ្នំពេញ ៖ គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងក្នុងន័យចំអកឲ្យលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលកំពុងរស់នៅទីក្រុងប៉ារីស ប្រទេសបារាំង ថាជាមនុស្សកំសាកផុតលេខ និយាយថា ហ៊ានផ្លាស់ប្ដូរ ហ៊ានលះបង់ ដោយពីមុន ថាចូលស្រុកដោយខ្លួនឯង ឥឡូវហ៊ានលះបង់ឲ្យយាយហួរ (លោកស្រីមួរ សុខហួរ) អតីតអនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ចូលស្រុកជំនួសខ្លួន បើជាប់គុក ជាប់ជំនួសខ្លួន។

លោកស្រីមួរ សុខហួរ និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ជាមួយអ្នកគាំទ្រ ធ្វើពិធីប្រោះព្រំ មុនមកកម្ពុជា

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុក យុវជន៧មករា ស្តីពី «ពីនេះពីនោះពាក់ព័ន្ធកម្ពុជា» នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ថា «ទណ្ឌិតមេឧទ្ទាម ហ៊ានផ្លាស់ប្តូរ ហ៊ានលះបង់ = ពីមុន ថាទៅចូលស្រុកដោយខ្លួនឯង ឥឡូវហ៊ានលះបង់ឲ្យយាយហួរ ទៅចូលស្រុកម្តង»។

បន្ថែមលើសំណេរតាមបណ្តាញសង្គម​ ខាងលើ លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ ”នគរធំ” នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ថា ការដែលលោកសម រង្ស៊ី បញ្ជូនលោកស្រីមួរ សុខហួរ ឬអ្នកដទៃ ឲ្យមកស្រុកជំនួសខ្លួននោះ វាមិនមែនជារឿងក្លាហានទេ គឺជារឿងកំសាកបំផុត កន្លែងណាពិបាក រុញគេទៅ កន្លែងណាស្រួល កន្លែងណាប្រមូលលុយ គឺទុកឲ្យខ្លួន។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “អាលះបង់ឲ្យគេហ្នឹង ដឹងយ៉ាងម៉េចទេ? មនុស្សវាកំសាក មិនហ៊ានមក អ៊ីចឹងទេ ឲ្យអនុប្រធាន មកហ្នឹង បើថាជាប់គុក ជាប់ជំនួស បើថាងាប់ ងាប់ជំនួស។ អាហ្នឹងមនុស្សហ្នឹងវាមានវប្បធម៌ហ្នឹងតាំងពីដើមមក មនុស្សហ្នឹងដែលក្លាហានអី ជាមនុស្សកំសាកញី កំសាកផុតលេខទៀត មិនមែនត្រឹមកំសាកធម្មតាទេ អាកន្លែងណាពិបាក រុញគេទៅ អាកន្លែងណាដែលស្រួល អញ! អាកន្លែងណាប្រមូល គឺអញ អាកន្លែងណាពិបាក ឲ្យគេ។ ចំពោះលទ្ធផលយ៉ាងណានោះ អាហ្នឹងមិនដឹងទេ យើងមិនមែនគ្រូទាយ ដូចអស់លោកមួយចំនួនទេ ទាយស្មានៗទេ ទាយមានដែលត្រូវឯណា តាំងពីដើមមក អត់ដែលត្រូវទេ ឥឡូវចាំជាក់ស្ដែង មកថ្ងៃហ្នឹង ឃើញនៅពេលហ្នឹង បើអត់ឃើញមកទេ បានសេចក្ដីថា អត់មកហើយ“។

លោកសុខ ឥសាន បន្តថា “ដូចខ្ញុំថាអ៊ីចឹង ខ្ញុំថាមនុស្សហ្នឹង អាកន្លែងណាស្រួល ទុកខ្លួនឯង បើកន្លែងណាលំបាក មានហានិភ័យ អាហ្នឹងទុកឲ្យគេអ្នកក្រៅ ហើយអួតក្លាហានឯងអ្នកក្លាហានស្អី! ដូច្នេះការដែលទណ្ឌិតរូបនេះ បញ្ជាក់ថា នឹងចូលតាមក្រោយនោះ វាគ្មានទេ អាហ្នឹងរឿងចូលតាមក្រោយ ចូលតាមមុនអី វាអត់មាន។ បានន័យថា ការដែលបញ្ជូនគេអ្នកដទៃឲ្យមកហ្នឹង វាមិនមែនជារឿងក្លាហានទេ វាជារឿងកំសាក! ការថាហ៊ានហ្នឹង វាមិនដែលហ៊ាន ដូច្នេះហើយ ប្រជាជនមើលឃើញហើយថា មនុស្សហ្នឹងមិនដែលហ៊ានទេ ម្នាក់ហ្នឹងថាតែមាត់ ជាក់ស្ដែង វាអត់មាន“។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅវត្តភ្នំសេរី នាទឹកដីសហរដ្ឋអាមេរិក មានពិធីប្រោះព្រំ ដើម្បីជូនដំណើរប្រតិភូអតីតគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកស្រីមួរ សុខហួរ ចូលមកកម្ពុជា ទៅតតាំងជាមួយប្រព័ន្ធយុត្តិធម៌នៅកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ដែលលោកស្រីមួរ សុខហួរ ប្រកាសប្រាប់ថា លោកស្រី នឹងធ្វើដំណើរចេញពីសហរដ្ឋអាមេរិក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ហើយអាចមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១៕