ស្រីក្មេងស៊ាវម៉ី បើកឆាកឆ្នាំថ្មី កាយឆាយប៉ះប្រុសសង្ហា២នាក់

0
112

ទើបតែរាងស្ងប់កូវីដ-១៩ បានបន្ដិច ស្រីស្អាតឈិន ស៊ាវម៉ី ស្រាប់តែជំពប់ស្នេហ៍ត្រីកោណដ៏គួរឲ្យភ្ញាក់ផ្អើល ជាមួយប្រុសរូបសង្ហា២នាក់ទៀតនោះ គឺលោកឆឹម សក្កដា និងលោកសេង មង្គល ។ ភ្លើងស្នេហាដ៏រោលរាលនោះ នាំឲ្យស្រីស្រស់ស៊ាវម៉ី បានផាត់ចោលប្រុសស្អាតមង្គល ហើយមកស្រវាឱបបណ្ដូលចិត្តសោភា គឺលោកសក្កដា ទៅវិញ។

ទោះជាយ៉ាងណា ក្នុងជំនួបកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ កញ្ញាស៊ាវម៉ី បានឲ្យដឹងថា ការដែលនាងប៉ះស្នេហ៍ប្រុសម្ដងដល់ទៅ២នោះ គឺមានតែក្នុងសាច់រឿងប៉ុណ្ណោះ តែនៅក្រៅឆាកវិញ នាងគ្មានអារម្មណ៍ថា​យកប្ដីជាអ្នកសិល្បៈឡើយ ព្រោះមិនដែលគិត។

ស្រីក្មេងរូបនេះ បន្តថា នៅឆ្នាំ២០២១នេះ នាងកៅឆាយបានតួឯកដំបូងក្នុងរឿង ”រស់ស្នេហ៍ ផ្លែល្វា” របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ហើយពិតជាត្រូវប៉ះប្រុសសង្ហាដល់ទៅ២នាក់មែននោះ គឺលោកឆឹម សក្កដា និងសេង មង្គល ។ នាងថា បុរសទាំង២នេះ នាងធ្លាប់ស្និទ្ធស្នាលជាមួយលោកសក្កដា ច្រើនជាងមង្គល ហើយក្នុងសាច់រឿងក៏អីចឹងដែរ គឺនាងជ្រើសយកសក្កដា ចោលមង្គល…។

ស៊ាវម៉ី បន្ថែមថា មានឈុតស្នេហាច្រើនគួរសម ដែលនាងប៉ះលោកសក្កដា និងមង្គល មិនអាចជៀសផុត តែមិនដល់ថ្នាក់ហួសហេតុឡើយ។

លោកស៊ិន សុផាត ប្រធានគណៈកម្មារការត្រួតពិនិត្យរឿងភាគរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានឲ្យដឹងថា រឿង ”រសស្នេហ៍ ផ្លែល្វា” នេះ មាន៤០ភាគ ដែលទីតាំងស្ទើរតែទាំងស្រុងថតនៅភ្នំពេញ ព្រោះជារឿងសម័យ។ លោកថា នេះជារឿងខ្មែរទី២៦ ហើយដែលទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានផលិតឡើង ហើយរឿងនេះមានការអប់រំទៅលើស្នេហាយុវវ័យនាពេលប្ចុប្បន្ន ដែលចំណាយការថតខ្ទង់ជាង៣ខែ។

លោកសុផាត បានស្នើសុំកុំឲ្យតារាដែលលេងឈុតស្នេហាក្នុងរឿងនេះ កុំមកយកមកអនុវត្តជាមួយគ្នានៅក្រៅឆាកឲ្យសោះ គឺមិនអាចលេងក្នុង និងខាងក្រៅរឿងដូចគ្នានោះទេ។

កញ្ញាឈិន ស៊ាវម៉ី បានឲ្យដឹងទៀតថា មុនក្រសោបបានតួឯករឿង ”រសស្នេហ៍ ផ្លែល្វា” នេះ នាងធ្លាប់ថតតួឯករឿង ”កំពូលអ្នកស៊ើបអង្កេតបែកស្លុយ” និងរឿង ”កូនប្រសារឡឺកឺ” ផងដែរ។ នាងថា សម្រាប់រឿងថ្មីនេះ ទោះជាមានឈុតស្នេហាជាមួយតួប្រុសទាំង២យ៉ាងណាក៏ដោយ តែក្រោយសម្ដែងចប់ នាងទុកប្រុសស្អាតទាំង២ ជារៀមច្បង គ្មានអារម្មណ៍ដូចក្នុងរឿងទេ។

ស្រីស្រស់តូចតន់រូបនេះ បានឲ្យដឹងបន្ថែមថា នាងបានចូលប្រឡូកសិល្បៈជាង៥ឆ្នាំហើយ ដោយថតខារ៉ាអូខេស្ទើរគ្រប់ផលិតកម្ម តែតាំងពីមុនចូលសិល្បៈម្ល៉េះ នាងមិនដែលធ្លាប់គិតថា ចង់បានប្ដីជាអ្នកសិល្បៈដូចគ្នានោះទេ ហើយអ្នកដែលតាមស្រលាញ់នាងកន្លងមក គឺច្រើនតែអ្នកខាងក្រៅសិល្បៈតែម្ដង។ នាងបន្ថែមថា ក្រៅពីអាជីពសិល្បៈ នាងចង់បើកហាងលក់ខោអាវនាពេលស្ងាត់កូវីដខាងមុខនេះ។

ក្រៅពីកញ្ញាឈិន ស៊ាវម៉ី, លោកឆឹម សក្កដា និងលោកសេង មង្គល ជាតួឯកនោះ រឿង ”រសស្នេហ៍ ផ្លែល្វា” ដែលបានធ្វើពិធីសែនក្រុងពលីកាលពីថ្ងៃទី៨ ខែមករា មានការចូលរួមសម្ដែងដោយតារាកិត្តិយសជាច្រើនដួងទៀត មានដូចជា ហាស់ ឌីជូលី ,រី ស្រីណែត , នៅ ដាណា និងអៀង ចេនឡា ជាដើម                                                                  ហ៊ឹម វិចិត្រ